កម្ពុជាមានពិន្ទុទាប តែ៨/១០០ប៉ុណ្ណោះ លើតម្លាភាព«ថវិកា»
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១៧ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 19, 2015
- ប្រធានបទ: តម្លាភាព
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សម្រាប់អង្គការ «ភាពជាដៃគូថវិកាអន្តរជាតិ» កម្ពុជាបានទទួលបានពិន្ទុ ត្រឹមតែ៨ប៉ុណ្នោះ ក្នុងចំណោមពិន្ទុសរុប១០០ ខាងតម្លាភាព«ថវិកា»ជាតិ របស់ខ្លួន ដែលហៅកាត់ជាភាសាអង់គ្លេសថា OBI និងមានការទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ។
ថ្លែងក្នុងសិក្ខាសាលាមួយ ស្តីពី «លទ្ធផលនៃអង្កេត លើការផ្សព្វផ្សាយព័ត៌មានថវិកា ឆ្នាំ២០១៥ នៅប្រទេសកម្ពុជា» នាថ្ងៃទី១៧ ខែវិច្ឆិកានេះ លោក តឹក វណ្ណារ៉ា នាយកវេទិកា នៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា បានថ្លែងពន្យល់ថា ពិន្ទុ OBI ត្រឹម៨ នោះ មានន័យថា ពលរដ្ឋមានលទ្ធភាពតិចតួច ឬគ្មានលទ្ធភាព ក្នុងការទទួលបានព័ត៌មានថវិកា ដែលពួកគេត្រូវការដើម្បីយល់ពីថវិកា និង តម្រូវឲ្យរដ្ឋាភិបាល មានគណនេយ្យភាព។ លោកបាននិយាយថា៖ «ថវិកាជាតិ គឺជាថវិកា របស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា»។
លោកបានធ្វើការពន្យល់ថា ព្រោះតែថវិការទាំងនោះ បានមកពី«កាតព្វកិច្ច» នៃការបង់ពន្ធ និងកម្រៃសេវាផ្សេងៗ របស់ប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីជាចំណូលរដ្ឋ សម្រាប់ទូទាត់បំណុលទាំងឡាយ ដែលរដ្ឋាភិបាលបានខ្ចី ក្នុងនាមប្រជាពលរដ្ឋកម្ពុជា។ លោក វណ្ណារ៉ា បានបន្តថា៖ «ប្រជាជនគ្រប់រូប មានសិទ្ធិក្នុងការយល់ និងដឹងឮពីរបៀប ដែលប្រាក់កាសរបស់ខ្លួន ត្រូវបានប្រមូល និងប្រើប្រាស់។ រាជរដ្ឋាភិបាល ដែលជាតំណាងប្រជាពលរដ្ឋ និងជាអ្នកគ្រប់គ្រងថវិកាទាំងនេះ មានកាតព្វកិច្ ចក្នុងការរាយការណ៍ ជូនប្រជាពលរដ្ឋវិញ នូវព័ត៌មានទាំងនេះ។»
នាយកអង្គការនេះ បានបន្តថា៖ «ការផ្សព្វផ្សាយព័ត៌មានថវិការបស់រដ្ឋាភិបាល នឹងបង្ហាញយ៉ាងជាក់ច្បាស់ ពីឆន្ទៈរបស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងថវិកាជាតិ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ដែលនឹងអនុញ្ញាតឲ្យសាធារណជន បានស្វែងយល់អំពីកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពរបស់រដ្ឋាភិបាល តាមរយៈការអនុវត្ត កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងអាទិភាពនានា ក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្រ្តចតុកោណ ដើម្បីឈានទៅសម្រេចបាន នូវគោលដៅកាត់បន្ថយភាពក្រីក្រ។»
សូមស្តាប់ការលើកឡើងទាំងស្រុងរបស់លោក តឹក វណ្ណារ៉ា ដូចខាងក្រោម៖
មានវត្តមាន ក្នុងសិក្ខាសាលាននោះដែរ លោក សុន ឆ័យ តំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិ បានលើកឡើង ក្នុងនាមជាអនុប្រធានគណកម្មការទី២ នៃរដ្ឋសភាថា លោកទទួលស្គាល់ នូវរបាយការដែលចេញដោយអង្គការអន្តរជាតិនេះ ក្នុងការដាក់ពិន្ទុមកដល់ប្រទេសកម្ពុជា។ លោកក៏បានទទួលស្គាល់ដែរថា សម្រាប់រដ្ឋសភាផ្ទាល់ ក៏មានភាពខ្វះខាត ក្នុងការផ្តល់ព័ត៌មាន និងមានភាពចង្អៀតចង្អល់។
តំណាងរាស្រ្តរូបនេះបន្តថា កន្លងមករដ្ឋសភា មិនកុំថាឡើយត្រឹមជាប្រជាពលរដ្ឋនោះ បើសូម្បីតែលោកជាតំណាងរាស្រ្ត នៅនឹងសភាស្រាប់ផងនោះ ក៏មិនអាចទទួលបាននូវព័ត៌មាន ពីការចាយវាយរបស់រដ្ឋសភាដែរ។ យ៉ាងណា លោកនៅតេទទូចឲ្យមានច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដើម្បីទទួលបានព័ត៌មាននានា ពីគ្រប់ស្ថាប័នជាតិទាំងអស់។
លោក សុន ឆ័យ បានលើកឡើងថា៖ «លក់អ្វី ទិញអ្វី ត្រូវតែមានឯកសារ ជៀសវាងការបន្លំ។ (...) ឯសវនកម្មត្រូវតែឯករាជ្យ ក្នុងការពិនិត្យ យ៉ាងហោចណាស់ពាក់ព័ន្ធ នឹងការចាយវាយថវិការជាតិ។ (...) ពលរដ្ឋជាម្ចាស់ប្រទេស ការរកចំណូល បង់ពន្ធដា លក់សម្បត្តិជាតិ ប៉ះពាល់នឹងទ្រព្យរួម... ម្ចាស់ទឹកម្ចាស់ដី ក៏មានសិទ្ធិដឹងដែរ។ ការចាយវាយ គ្មានតម្លាភាព ជាការចាយមិនត្រឹមត្រូវ។»
សូមស្តាប់ការលើកឡើងទាំងស្រុងរបស់លោក សុន ឆ័យ ដូចខាងក្រោម៖
តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ឡាយ សុខឃៀង លោកទទួលស្គាល់ លើពិន្ទុក្នុងរបាយការណ៍ របស់ងង្គការសង្គមស៊ីវិល ដែលបានដាក់ចំណាត់ថ្នាក់ដ៏ទាប ឲ្យប្រទេសកម្ពុជា ត្រឹមលេខ៨ សម្រាប់សន្ទស្សនៃការផ្សព្វផ្សាយ«ព័ត៌មានថវិកា» ដែលខ្លួនលោកផ្ទាល់ ជាអ្នកធ្វើផ្ទាល់នោះ។
ក្នុងនាមជាអនុប្រធាននាយកដ្ឋាន ថវិកានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក សុខឃៀង បានបន្តថា ចំណាត់ថ្នាក់នេះ សម្រាប់កម្ពុជា មិនទាន់ចាត់ទុកថា អន់ណាស់ណានោះទេ បើធៀបទៅនឹងប្រទេសម៉ាឡេស៊ី ដែលមានត្រឹមតែចំណាត់ថ្នាក់លេខ១២ និងចិនដែលជាប្រទេសមួយយ៉ាងធំ តែទទួលបានបានត្រឹម១៤ពិន្ទុនោះ។ យ៉ាងណា លោកមិនបានបង្ហាញ ពីការផ្តល់ព័ត៌មានពីថវិកា ជាសាធារណៈនោះឡើយ តែលោកទទួលស្គាល់ថា លោក សហការជាមួយសង្គមស៊ីវិល ក្នុងការផ្សព្វផ្សាយពីថវិការទាំងនោះ តាមរយៈសិក្ខាសាលានានាជាដើម។
សូមស្តាប់ការលើកឡើងទាំងស្រុងរបស់លោក ឡាយ សុខឃៀង ដូចខាងក្រោម៖