អំពើពុករលួយនៅកម្ពុជា ជាប់លេខទី១៦០ ពីចំណោម១៧៧ប្រទេស
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: December 03, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងឆ្នាំ២០១៣នេះ តាមរយៈនៃការស្រាវជ្រាវពីអំពើពុករលួយ ក្នុងវិស័យសាធារណៈ ក្នុងប្រទេសកម្ពុជា អង្គការតម្លាភាពកម្ពុជាបានបញ្ជាក់ថា នៅមានកម្រិតខ្ពស់នៅឡើយដោយកើនពីចំណាត់ថ្នាក់ទេ១៥៧ ក្នុងឆ្នាំ២០១២ ដែលមានបញ្ជី១៧៦ប្រទេស មកដល់«ចំណាត់ថ្នាក់ទី ១៦០» ក្នុងឆ្នាំ២០១៣ ដែលមានបញ្ជី១៧៧ប្រទេស។ នេះបើតាមការលើកឡើង របស់លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា ក្នុងសន្និសិទកាសែត នាល្ងាចថ្ងៃទី៣ ខែធ្នូនេះ នៅសណ្ឋាគារសាន់វេ ភ្នំពេញ។
សន្និសិទកាសែត នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៣ នៅសណ្ឋាគារសាន់វេ ភ្នំពេញ។ (រូបថត MONOROOM.info/ O.Vary)
អំពើពុករលួយ - តាមការសម្ភោធ បើកបង្ហាញនូវរបាយការណ៍ស្តីពីសន្ទស្សន៍ នៃការយល់ឃើញពីអំពើពុករលួយ នៅកម្ពុជាក្នុងឆ្នាំ២០១៣ ដោយអង្គការតម្លាភាពអន្តរជាតិ(CPI) បានបង្ហាញពីអំពើពុករលួយទូទាំងពិភពលោក ដែលបានធ្វើការសិក្សាទៅលើប្រទេសចំនួន១៧៧ ប្រទេសសរួមទាំងប្រទេសកម្ពុជាផងដែរ។
លោក សឿង សារឿន សមាជិកក្រុមប្រឹក្សាពិបាលនៃអង្គការតម្លាភាពកម្ពុជា បានលើកឡើងថា អង្គការនេះបានធ្វើចំណាត់ថ្នាក់នៃពិន្ទុ ដោយផ្អែកលើមានដ្ឋានចាប់ពី«សូន្យ»(ពុករលួយខ្លាំង) ទៅ«មួយរយ»(គ្មានអំពើពុករលួយ)។ ផ្អែកតាមមាដ្ឋាននេះកម្ពុជាទទួលបានពិន្ទុត្រឹមតែ២០ ក្នុងឆ្នាំ២០១៣ បើប្រៀបធៀបទៅនឹងឆ្នាំ២០១២ ទទួលបានពិន្ទុ២២ ឃើញថាអំពើពុករលួយមានការកើនចំនួនពីរពិន្ទុ ដែលបង្ហាញឲ្យឃើញថាអំពើពុករលួយក្នុងវិស័យសាធារណៈនៅកម្ពុជា នៅតែបន្តរមានកំរិតកាន់តែខ្ពស់។
ប្រធានក្រុមក្រុមប្រឹក្សាពិបាលនៃអង្គការតម្លាភាពកម្ពុជាលោក រ័ត្ន សោភ័ណ បានលើកឡើងថាតាមការបង្ហាញ លទ្ធផលនៃអង្គការតម្លាភាពអន្តរជាតិ(CPI) មកលើប្រទេសកម្ពុជាក្នុងឆ្នាំ២០១៣នេះ បានបង្ហាញឲ្យឃើញថា «អំពើពុករលួយនៅតែជាបញ្ហាចំបង ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងការប្រកួតប្រជែងក្នុងវិស័យសេដ្ឋកិច្ច។ (...) បើគ្មានវិធានការណាមួយជាក់លាក់ ក្នុងការកំណែទម្រង់ស៊ីជំរៅរបស់រដ្ឋាភិបាលទេ អំពើពុករលួយនឹងនៅតែបន្តចាក់គ្រឹះយ៉ាងរឹងមាំ។ (...) ការកែទម្រង់ស៊ីជម្រៅ ត្រូវតែមានដោយខានមិនបាន ក្នុងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនេះ។»
ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មិនអាចសុំការបំភ្លឺពីលោកកែវ រ៉េម៉ី អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានទេ នាល្ងាចនេះ ដោយទូរស័ព្ទរបស់លោកមិនអាចភ្ជាប់ទំនាក់ទំនងបាន។ តែបើយោងតាមការការប្តេជ្ញាចិត្តជាថ្មី របស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់ឲ្យកាន់តែស៊ីជម្រៅ ដូចដែលបានបង្ហាញក្នុងយុត្តិសាស្រ្តចតុកោណដំណាក់កាលទៅបី ដែលបានសន្យាថានឹងពង្រឹងអភិបាលកិច្ចល្អ និងគណនេយ្យភាពក្នុងស្ថាប័នសាធារណៈ រួមទាំងការដោះស្រាយនូវរាល់ទម្រង់នៃអំពើពុករលួយទាំងអស់។
យុត្តិសាស្រ្តចតុកោណដំណាក់កាលទៅបីក៏បានបញ្ជាក់បន្ថែមថា «នឹងបន្តរកិច្ចប្រឹងប្រែងរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងដៃគូពាក់ព័ន្ធក្នុងការអប់រំប្រជាពលរដ្ឋ។ (...) ការទប់ស្គាត់អំពើពុករលួយ ពង្រឹងការអនុវត្តច្បាប់ ធ្វើការប្រកាសតម្លៃសេវាកម្មសាធារណៈ ការដាក់ទោសទៅលើមន្រ្តីដែលបានប្រព្រឹត្តិអំពើពុករលួយ និងការបង្កើតក្រសួងកិច្ចការសាធារណៈដើម្បីធ្វើការកែទម្រង់រដ្ឋបាល។»
លោក ព្រាប កុល បានបន្ថែមថា «រដ្ឋាភិបាលចាំបាច់ត្រូវអនុវត្ត និងមានវិធានការពេញលេញ ដើម្បីប្រឆាំងនឹងអំពើពុករលួយ និងដើម្បីធានាថាវឌ្ឈនភាពនៃកិច្ចខំប្រឹងប្រែងនេះនឹងមិនដើថយក្រោយ។ វិធានការនៃការទប់ស្កាត់ ត្រូវមានសម្មភាពជាក់លាក់ឲ្យបានច្រើនថែមទៀត ដែលរួមមានការអនុវត្ត នូវវិធានការទប់ស្កាត់អំពើពុករលួយ ការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ និងការអប់រំផ្នែកសុចរិតភាព ដែលជាកត្តាចាំបាច់ដើម្បីទទួលបានលទ្ធផលល្អប្រសើរ។» លោកក៏បានចាត់ទុកថា ជាមួយនឹងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទីបីនេះ ជាការបង្ហាញនូវការឆ្លើយតបទៅតាមអ្វីដែលជាតម្រូវការ និងការទាមទាររបស់ប្រជាពលរដ្ឋ។
ប្រធានអង្គការតម្លាភាពកម្ពុជាខាងលើ បានបន្តថា នឹងបន្តរការបង្ហាញនូវរបាយការណ៍នេះទៅ អង្គភាពប្រឆាំងអំពើពុករលួយបាពេលខាងមុខ ដើម្បីស្វែងរកដំណោះស្រាយមួយដ៏សមស្រប ក្នុងការចូលរួមកាត់បន្ថយអំពើពុករលួយនៅកម្ពុជា។ ជាមួយគ្នានេះដែរ លោកក៏មាននូវអនុសាសន៍ចំនួនបី ដើម្បីស្នើសុំដល់រដ្ឋាភិបាលធ្វើយ៉ាងណាជំរុញឲ្យមាននូវច្បាប់ស្តីពីសិទ្ធទទួលបានព័ត៌មាន ច្បាប់ស្តីពីការការពារអ្នករាយការណ៍ពីអំពើពុករលួយ និងជំរុញឲ្យមានការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ ឲ្យកាន់តែតឹងរឹង និងមានប្រសិទ្ធិភាពខ្ពស់។
សូមបន្ថែមថា យោងតាមរបាយការណ៍ដែលចេញដោយអង្គការតម្លាភាពអន្តរជាតិ(CPI) ដែលបានធ្វើការសិក្សាទៅលើប្រទេសចំនួន១៧៧ ទាក់ទងនិងបញ្ហាអំពើពុករលួយក្នុងស្ថាប័នសាធារណៈ និងធ្វើការប្រៀបធៀបទៅនឹងប្រទេសជិតខាងរបស់កម្ពុជា ដូចជាប្រទេសវៀតណាមស្ថិតក្នុងចំណាត់ថ្នាក់លេខ១១៦ និងទទួយបានពិន្ទុ៣១។ ប្រទេសឡាវស្ថិតក្នុងចំណាត់ថ្នាក់លេខ១៤០ ទទួយបានពិន្ទុ២៦។ ប្រទេសថៃស្ថិតក្នុងចំណាត់ថ្នាក់លេខ១០២ ទទួយបានពិន្ទុ៣៥។ ដូច្នេះឃើញថាប្រទេសកម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់ ដែលមានអំពើពុករលួយច្រើនជាងប្រទេសទាំងបីខាងលើដែលជាប់នឹងខ្លួន។
---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី៣ ធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ