ថៃ៖ «ស្ងប់ស្ងៀម»បន្តិចមុនខួបកំណើតស្ដេច បន្ទាប់ពីបាតុករចូលកាន់កាប់វិមានរដ្ឋាភិបាល
ក្រុមបាតុករប្រឆាំងនឹងនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ បានសម្រុកចូលទៅកាន់កាប់ទីស្ដីការនាយករដ្ឋមន្ត្រី នៅថ្ងៃអង្គារទី៣ ខែវិច្ឆិកា នេះ ដោយគ្មានការទប់ស្កាត់អ្វីទាំងអស់ និងទំនងជាមានការអនុញ្ញាតផង ពីសំណាក់កងកម្លាំងនគរបាល។ អ្នកតាមដានសភាពការណ៍បាននិយាយថា នេះអាចជាកាយវិការមួយ ដែលរដ្ឋាភិបាលលោកស្រី យីងឡាក់ បានធ្វើដើម្បីឲ្យសភាពការណ៍ត្រឡប់មកភាពស្ងប់ស្ងៀមវិញ នៅមុនចម្រើនព្រះជន្ម នៃព្រះមហាក្សត្រថៃ ដែលត្រូវបានចាត់ទុក ជា«អាទិទេព»នៅក្នុងប្រទេសនេះ។
ក្រុមបាតុករនៅមុខទីស្ដីការនាយករដ្ឋមន្ត្រីថៃ កណ្ដាលទីក្រងុបាងកក។ (រូបថត Reuters)
នយោបាយថៃ - បាតុករជាច្រើនពាន់នាក់ ត្រូវបានអនុញ្ញាតឲ្យចូលទៅកាន់កាប់ «មួយរយៈពេលខ្លី» នូវវិមានរដ្ឋាភិបាល នៅថ្ងៃអង្គារនេះ។ កងកម្លាំងនគរបាល ត្រូវបានរដ្ឋាភិបាលបញ្ជាមិនឲ្យមានសកម្មតបតរ ឬទប់ស្កាត់អ្វីទាំងអស់ ប្រឆាំងនឹងក្រុមបាតុករទាំងនេះ។ អាជ្ញាធរទំនងជាចង់ទប់សភាពការណ៍ ឲ្យត្រឡប់មករកភាពស្ងប់ស្ងាត់វិញ នៅមុនបុណ្យចម្រើនព្រះជន្ម នៃព្រះមហាក្សត្រ«អាទិទេ» បន្ទាប់ពីការរំជើបរំជួលជាងមួយខែមួយ នៃការធ្វើបាតុកម្មចង់ផ្ដួលរំលំរដ្ឋាភិបាល លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា។
ឧបនាយករដ្ឋមន្ត្រីថ្ងៃ លោក ស៊ូរ៉ាពង្ស តូវីចាក់ចៃគល់ (Surapong Tovichakchaikul) បានបញ្ជាក់ថា «វាជាការបង្កើតឲ្យមានបរិយាកាសល្អ ដើម្បីឲ្យរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ អាចប្រព្រឹត្តិទៅ ដោយភាពថ្លៃថ្លា»។ សូមបញ្ជាក់ថា នៅក្នុងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ នៃប្រទេសថៃ ព្រះមហាក្សត្រ ភូវិបុល ដែលនឹងមានព្រះជន្ម៨៦ព្រះវស្សានេះ ត្រូវបានចាត់ទុកដូចជា «ព្រះអាទិទេព»ដូច្នេះ។
បន្ទាប់ពីបានឡោមព័ទ្ធសង្កាត់រដ្ឋបាលនៃរដ្ឋាភិបាលថៃ តាំងពីច្រើនថ្ងៃមកហើយ ក្រុមបាតុករបានសម្រេចបាន នូវការឆ្លងកាត់រនាំងបេតុងជាច្រើន ចូលទៅកាត់ទីលាននៃទីស្ដីការនាយករដ្ឋមន្ត្រី។ ពួកគេបានដើរកំសាន្ដ ថតរូប និងបានញញឹមញញែមចាប់ដៃនគរបាល ដែលឈរយាមនៅទីនោះ។ បន្ទាប់មក ក្រុមបាតុករបានដើរចេញ ត្រឡប់ទីវិញដោយខ្លួនឯង។
ក្រុមមេដឹកនាំបាតុករ ជាពិសេសលោក ស៊ូថេប ថោងស៊ូបាន បានប្រកាសថាជាជ័យជំនះ តែមិនបានទម្លាក់ចោលការតស៊ូតទៅទៀតនោះទេ។ លោកបានអំពាវនាវ ទៅកាន់បាតុករ ដើម្បីធ្វើការតស៊ូជាបន្តទៀត រហូតដល់នាយករដ្ឋមន្ត្រី យីងឡាក់ លាលែងចេញពីតំណែង។ ប៉ុន្តែការអំពាវនាវនេះ បានធ្វើទៅកាន់ចលនាបាតុកម្ម ដែលកាន់តែថមថយកម្លាំង ពី១សែន៥ម៉ឺននាក់ កាលពីដើមសប្ដាហ៍មុន មកត្រឹមតែ៣ម៉ឺន៥សែននាក់ នៅចុងសប្ដាហ៍មុននេះ បន្ទាប់ពីការចុះតាមដងផ្លូវ អស់រយៈពេលជាងមួយខែមកហើយ។ នេះបើតាមតួលេខប្រកាសឲ្យដឹង របស់នគរបាលជាតិថៃ។
ពួកគេបានបានទាមទារឲ្យទម្លាក់ចោល នូវរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលពួកគេបានចោទប្រកាន់ថា ស្ថិតនៅក្រោមខ្សែញាក់របស់ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បងប្រុសរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ លោក ថាក់ស៊ីន ដែលត្រូវបានបណ្ដេញចេញពីអំណាច ដោយសាររដ្ឋប្រហារយោធាមួយ ក្នុងឆ្នាំ២០០៦ ហើយបានរស់នៅដោយភៀសខ្លួនទៅក្រៅប្រទេស ដើម្បីគេចចេញពីការផ្ដន្ទាទេស នៃប្រព័ន្ធយុត្តិធម៌ថៃ រហូតមកទល់បច្ចុប្បន្ន៕
------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ