ថៃ៖ មេបញ្ជាការកងទ័ពបដិសេធជាថ្មី មិនជួបជាមួយមេបាតុករប្រឆាំង
អគ្គមេបញ្ជាការកងទ័ពថៃ លោកប្រាយុទ្ធ ចាន់អ៊ូឆា បានបដិសេធសារជាថ្មីទៀត នៅយប់ថ្ងៃព្រហស្បត្តិ៍ទី១២ខែធ្នូនេះ ថាកងទ័ពថៃនឹងមិនជួបមេដឹកនាំបាតុករ លោក ស៊ូថេប ថោងស៊ូបាន នោះទេ។ នេះជាការបញ្ជាក់លើកទីពីរ បន្ទាប់ពីយប់ថ្ងៃពុធ ការសុំឲ្យមានជំនួបពីសំណាក់មេដឹកនាំបាតុកម្មនេះ ត្រូវបានមេបញ្ជាការកងទ័ពថៃ ច្រានចោលរួចហើយ ដោយបានចាត់ទុកថាមានគ្រោះថ្នាក់។
លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និងមេទ័ព លោកប្រាយុទ្ធ ចាន់អ៊ូឆា នៅពេលចុះជួយជនរងគ្រោះនឹងទឺកជំនន់ ក្នុងពេលកន្លងមក។ (រូបថត ឯកសារ)
នយោបាយថៃ - «អគ្គមេបញ្ជាការកងទ័ព នឹងមិនជួបលោក ស៊ូថេប ទេ នៅថ្ងៃនេះ» នេះជាសេចក្ដីថ្លែង នៅយប់ថ្ងៃព្រហស្បត្តិ៍ទី១២ខែធ្នូនេះ របស់អ្នកនាំពាក្យកងទ័ពថៃ លោក វីនថៃ ស៊ូវ៉ារី (Winthai Suwari)ដោយថែមទាំងបានថ្លែងទៀតថា អគ្គមេបញ្ជាការទាំងអស់ ទាំងជើងគោង ជើងទឹក និងអាកាស នឹងមិនជួបក្រុមប្រឆាំងទាំងនេះដូចគ្នា។
អតីតឧបនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាមេដឹកនាំបាតុករ លោក ស៊ូថេប ថោងស៊ូបាន បានប្រកាសកាលពីថ្ងៃពុធ ទី១១ខែធ្នូ ថាលោកមានបំណងចង់ជួបជាមួយ អគ្គមេបញ្ជាការកងទ័ព និងអគ្គស្នងការនគរបាលថៃ នៅថ្ងៃព្រហស្បត្តិ៍ ស្អែកឡើងនេះ វេលាមុនម៉ោង៨យប់។ ជំនួបនេះ ត្រូវបានស្នើឡើង នៅក្នុងបរិបទដែលបាតុកម្មដែលមានកម្លាំងខ្លាំងរបស់លោកធ្វើតាំងពីជាងមួយខែមកហើយ នៅកណ្ដាលរាជធានីបាងកក សុំឲ្យ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ ចុះចេញពីតំណែង។
បើតាមលោក ស៊ូថេប ថោងស៊ូបាន ដែលបានប្រកាសតាំងខ្លួន ជាអគ្គលេខាធិការនៃក្រុមប្រឹក្សា«ប្រជាជន» សម្រាប់កំណែទម្រង់តាមបែបប្រជាធិបតេយ្យ (PDRC) នោះ បានថ្លែងឲ្យដឹងទៀតថា ជំនួបជាមួយអ្នកទទួលខុសត្រូវកងទ័ព និងនគរបាលទាំងនេះ មានសារះសំខាន់ណាស់ ដើម្បីឲ្យអ្នកទាំងនេះយល់ពីគម្រោងកែទម្រង់ ដែលស្នើឡើងដោយក្រុមប្រឹក្សារបស់លោក។
បន្ទាប់ការប្រកាសរបស់លោក ស៊ូថេប នៅក្នុងយប់ថ្ងៃពុធដដែល អគ្គមេបញ្ជាការកងទ័ពថៃ លោក ប្រាយុទ្ធ ចាន់អ៊ូឆា បាននិយាយថា មេបញ្ជាការកងទ័ពទាំងអស់ បានសម្រេចថាមិនជួបជាមួយនឹងមេដឹកនាំបាតុករទាំងនេះទេ។ លោកបានបន្ថែមថា ជំនួបជាមួយមេដឹកនាំបាតុករនៅខណៈនេះ មានសភាពគ្រោះថ្នាក់សម្រាប់ប្រទេស ប្រសិនបើកងទ័ពត្រូវបានគេសង្ស័យថា បានលំអៀងទៅខាងណាមួយ ដោយសារតែបានរៀបចំកិច្ចប្រជុំដូចនេះ។
ដោយសារមានគំនាបខ្លាំងពីសំណាក់បាតុករ លោកស្រី យីងឡាក់ បានប្រកាសរំលាយសភា ហើយបានកំណត់ឲ្យមានការបោះឆ្នោតមុនកាលកំណត់មួយឡើងវិញ ដែលត្រៀមធ្វើនៅថ្ងៃទី០២ ខែកុម្ភះខាងមុខ។ អ្នកតាមដានសភាពការណ៍នយោបាយថៃ បានរំពឹងថា លោកស្រី នឹងនៅតែជាប់ឆ្នោត ហើយត្រៀមដឹកនាំប្រទេសថៃ នៅអណត្តិក្រោយទៀត។
នៅថ្ងៃព្រហស្បត្តិ៍នេះដែរ ក្រុមបាតុករមួយក្រុម បានសម្រុកចូលទៅក្នុងអគារការិយាល័យ របស់នាយករដ្ឋមន្ត្រីកណ្ដាលរាជធានីបាងកក តែបានចាកចេញមកវិញនៅប៉ុន្មាននាទីក្រោយមក។ សូមបញ្ជាក់ថា រហូតមកថ្ងៃនេះ ចំនួនបាតុករប្រឆាំងបានថយចុះ តែគោលដៅរបស់បាតុកម្មមិនបានថមថយទៅជាមួយទេ។ ពួកគេទាមទារឲ្យខាងតែបាន ឲ្យនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ លាលែងពីតំណែង ចង់លាងសម្អាតប្រទេសថៃ ពីឥទ្ធិពលរបស់គ្រួសារ «ស៊ីណាវ៉ាត្រា» និងចង់បង្កើតឲ្យមានឡើង នូវក្រុមប្រឹក្សា«ប្រជាជន»មួយ ដែលមិនចាំបាច់ធ្វើការបោះឆ្នោត។
អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវកងទ័ពធ្វើរដ្ឋប្រហារមួយ កាលពីឆ្នាំ ២០០៦ បណ្ដេញចេញពីអំណាចនោះ ត្រូវបានគេចោទប្រកាន់ថា ស្ថិតនៅពីក្រោយប្អូនស្រីរបស់លោក លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ លោកស្រី យីងឡាក់ បានជាប់ឆ្នោតចូលកាន់តំណែង តាមបែបប្រជាធិបតេយ្យ កាលពីឆ្នាំ២០០១កន្លងទៅ ហើយកាលពីថ្ងៃព្រហស្បត្តិ៍ ទី២៨ខែវិច្ឆិកានេះ លោកស្រីត្រូវបានរដ្ឋសភាថៃផ្ដល់សេចក្ដីទុកចិត្តជាថ្មីទៀត៕
------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ