តើ ហ៊ុន សែន អាច​ចុះ​ចេញ​ពី​តំណែង​ដូច យីងឡាក់ ដែរ​ឬ​ទេ?

ទិដ្ឋភាពជារួមមួយនៅប្រទេសថៃ ក្រុមបាតុករប្រឆាំងរដ្នាភិបាល (ក្រុមអាវលឿង) បានស្នើទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា ចេញពីតំណែងនាយករដ្ឋមន្រ្តី ព្រោះតែការមិនពេញចិត្តនឹងត្រកូល «ស៊ីណាវ៉ាត្រា»។ បន្ទាប់មក​លោកស្រី ក៏បានប្រកាសរំលាយសភា រង់ចាំការបោះឆ្នោតជាថ្មី។ ស្របពេលជាមួយគ្នានេះ នៅកម្ពុជា ពលរដ្ឋនៅ​ខេត្ត​សៀមរាប និងនៅទីក្រុងភ្នំពេញ ក៏ស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង​ដូច​គ្នាដែរ។ តើប្រទេស​កម្ពុជា អាចដូចទៅនឹងប្រទេសថៃដែរឬទេ ក្នុងពេលដែលអ្នកតវ៉ាបានទាមទារ ឲ្យនាយករដ្ឋមន្រ្តី​លាលែងពី​តំណែង​នោះ?
តើ ហ៊ុន សែន អាច​ចុះ​ចេញ​ពី​តំណែង​ដូច យីងឡាក់ ដែរ​ឬ​ទេ?
លោក ហ៊ុន សែន នៅពេលលោក ចុះពិនិត្យការដ្ឋានស្ពានស្ទឹងមានជ័យ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣។ (រូបថត REUTERS/Samrang Pring)
Loading...
  • ដោយ: ក. គីមហេង ([email protected]) - ថ្ងៃទី១២ ធ្នូ ២០១៣
  • កែប្រែចុងក្រោយ: December 12, 2013
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នយោបាយកម្ពុជា - ទាំងប្រជាពលរដ្ឋ ទាំងអ្នកតាមដានព័ត៌មានសង្គមមួយចំនួន ព្រមជាមួយនឹងថ្នាក់ដឹកនាំ​គណបក្សសង្រ្គោះជាតិ លោក សម រង្សី មានចេតនាចង់ឲ្យ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មាន«ចិត្តក្លាហាន»​លា​ចេញពីតំណែងដូចលោកស្រី យីងឡាក់។ នេះបើតាមការសម្តែងមតិ របស់ប្រជាពលរដ្ឋ ក៏ដូចជាលោក សម រង្សី ក្នុងទិវាសិទ្ធិមនុស្ស១០ធ្នូ កន្លងមក។

បើក្រឡេកទៅមើលនយោបាយ ក្នុងប្រទេសថៃវិញ កាលពីថ្ងៃទី៩ ខែធ្នូ កន្លងទៅនេះ លោកស្រី យីងឡាក់ នាយករដ្ឋមន្រ្តីថៃបច្ចុប្បន្ន បានប្រកាសរំលាយសភាជាផ្លូវការ រង់ចាំការបោះឆ្នោតជាថ្មី ក្រោយពី​«ក្រុម​បាតុករអាវលឿង» បានធ្វើបាតុកម្មចាប់ពីចុងខែវិច្ចិកា ឆ្នាំ២០១៣នេះ ដើម្បីទាមទារឲ្យលោកស្រីលាចេញពីតំណែង។ ក្រុមអាវលឿងទាំងនោះ បានសំអាថា លោកស្រីនាយករដ្ឋមន្ត្រីថៃ បានចេញច្បាប់មួយ លើកលែងទោសទណ្ឌិត ដែលត្រូវបានមើលឃើញថា លោកស្រីមានចេតនា ក្នុងការលើកលែងទោស ដល់បងប្រុសរបស់ខ្លួនគឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តី។

ស្រដៀងគ្នាទៅនឹងបញ្ហាខាងលើនេះ នៅកម្ពុជាក៏មានការទាមទារ ឲ្យមានការបោះឆ្នោតជាថ្មី ក្នុងគោលបំណង​ផ្លាស់ប្តូរនាយករដ្ឋមន្រ្តី។ តើបញ្ហាខាងលើនេះ នឹងអាចធ្វើបានទេ បើយោងទៅតាមច្បាប់ ដែល​មានចែងក្នុងប្រទេស​កម្ពុជា? ក្នុងកិច្ចសម្ភាសជាមួយ ទស្សនារដ្ដី​មនោរម្យព័ងអាំងហ្វូ លោក ចាន់ សុវេត មន្រ្តី​ជាន់​ខ្ពស់ នៃសមាគមអាដហុកបានពន្យល់ថា «ជាសេរីភាព​របស់ប្រជាពលរដ្ឋ សេរីភាពក្នុងការបញ្ចេញមតិ ជាការទាមទារ​ ដែល​កើតចេញពីឆន្ទៈ របស់ប្រជាពលរដ្ឋ»។

ការដែលប្រទេសកម្ពុជា អាចធ្វើដូចប្រទេសថៃ បានឬមិនបាននោះ មន្រ្តីជាន់ខ្ពស់ នៃសមាគមអាដហុករូបនេះ​ បាន​បន្ថែមថា «ប្រទេស​នីមួយៗ មានអធិបតេយ្យភាពខុសគ្នា តែបើនិយាយពីសិទ្ធិមនុស្ស មិនប្រកាន់និន្នាការនយោបាយ ពណ៌​សម្បុរ មិនរើសអើង ពលរដ្ឋគ្រប់រូប ត្រូវតែប្រើសិទ្ធិរបស់ខ្លួន ធ្វើយ៉ាងណា ឲ្យថា្នក់ដឹកនាំគោរព និងដើរតាម​ឆន្ទៈ​របស់ខ្លួនដែរ។ ដូចជាប្រទេសថៃ នាយករដ្ឋមន្រ្តី បានឆ្លើយតប ជាមួយនឹងពលរដ្ឋ។»

លោកបានបញ្ជាក់ទៀតថា «ប្រសិនបើបាតុកម្មនៅកម្ពុជា មានកម្រិតខ្ពស់ ទូទាំងប្រទេស ទើបអាចមានការពិចារណា ឬការចចារបាន ថាតើរដ្ឋាភិបាលនៅក្រាញននៀលទៀតឬយ៉ាងណា?​ នៅពេលដែលប្រជាពលរដ្ឋមិនពេញចិត្ត នាយករដ្ឋមន្រ្តីត្រូវតែចុះ បើមិនដូច្នេះទេ អាចនឹងធ្វើឲ្យមានឱនភាពសេដ្ឋកិច្ច និងអសន្តិសុខសង្គម។ បើមេដឹកនាំ​ស្រលាញ់ជាតិ ត្រូវតែលាចេញ ជាជាងធ្វើឲ្យជាតិរលាយ។»

បញ្ហាខាងលើ ត្រូវបានលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងកិច្ចសម្ភាសន៍​ជាមួយ​ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ បានពន្យល់យ៉ាងខ្លីថា «ប្រទេសកម្ពុជា មានរបបនយោបាយខុសពីប្រទេសថៃ ដែល​នាយករដ្ឋមន្រ្តីមានសិទ្ធិរំលាយសភា។ ឯរបបនៅកម្ពុជា សភាមានសិទ្ធិរំលាយរាជរដ្ឋាភិបាល គ្មានរាជរដ្ឋាភិបាល​ណា មានសិទ្ធិរំលាយសភានោះទេ។»

ដោយឡែក រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី១១ ខែធ្នូម្សិលម៉ិញនេះ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ពាក់ពន្ធ័នឹងបញ្ហាបោះឆ្នោតសារឡើងវិញនោះ លោកបានលើកឡើងថា «មូលហេតុចំបង តើមានបញ្ហាអ្វីខ្លះដែលនាំឲ្យ ឈានទៅដល់បោះឆ្នោតឡើងវិញ។ ហើយកម្ពុជាយើង ខ្ញុំគិតថា ប្រហែលជាមិនទាន់​ដើរដល់ដូចថៃ ថាត្រូវបោះឆ្នោតពីរខែទៀត យើងរៀបចំ ប្រហែលជាទៅមិនទាន់រួចទេ។ (…) បើត្រូវបោះឆ្នោត​ឡើង​វិញ ក៏ត្រូវប្រើពេលវេលា យ៉ាងហោចណាស់ពីមួយឆ្នាំ ទៅពីរឆ្នាំសម្រាប់ការរៀបចំ៕»

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...