ប្រតិកម្ម​ជុំ​វិញ​ការ​បាត់​ព្រះសារីរិកធាតុ៖ រដ្ឋាភិបាល​គ្មាន​សមត្ថភាព?

បើទោះជាសមត្ថកិច្ចកំពុងដុតដៃដុតជើង ស៊ើបអង្កេតដើម្បីស្វែងរកព្រះសារីរិកធាតុ និងវត្ថុមានតម្លៃផ្សេងៗទៀត យកត្រឡប់មកវិញយ៉ាងណាក្តី ក៏បញ្ហានេះ នៅតែត្រូវបានមជ្ឈដ្ឋានទូទៅរិះគន់ចំៗ ឥតចំចៃមាត់ពីការធ្វេសប្រហែស និងភាពអសមត្ថភាពរបស់អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជារដ្ឋាភិបាល ដែលបណ្តែតបណ្តោយ ឲ្យមានការបាត់បង់«រតនៈវត្ថុ» ដ៏មានតម្លៃរបស់ជាតិ ហើយក៏ជាវត្ថុដែលទទួលបាន ការគោលរពបូជាពីបុព្វបុរសខ្មែរ និងប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈរាប់រយឆ្នាំមកហើយនោះ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: December 12, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះជាសមត្ថកិច្ចកំពុងដុតដៃដុតជើង ស៊ើបអង្កេតដើម្បីស្វែងរកព្រះសារីរិកធាតុ និងវត្ថុមានតម្លៃផ្សេងៗទៀត យកត្រឡប់មកវិញយ៉ាងណាក្តី ក៏បញ្ហានេះ នៅតែត្រូវបានមជ្ឈដ្ឋានទូទៅរិះគន់ចំៗ ឥតសំចៃមាត់ពីការធ្វេស​ប្រហែស និងភាពអសមត្ថភាពរបស់អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជារដ្ឋាភិបាលតែម្ដង ដែលបណ្តែតបណ្តោយ ឲ្យមាន​ការបាត់បង់​«រតនៈវត្ថុ» ដ៏មានតម្លៃរបស់ជាតិ ហើយក៏ជាវត្ថុដែលទទួលបាន ការគោលរពបូជាពីបុព្វបុរសខ្មែរ និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់ស្រទាប់វណ្ណៈរាប់រយឆ្នាំមកហើយនោះ។


ព្រះ​សក្យមុនីចេតិយសម្រាប់រក្សាព្រះសារីរិកធាតុ នៃព្រះសាមណគោតម នៅលើភ្នំឧត្តុង ខេត្តកំពុងស្ពឺ។ (រូបថត Maria)

ព្រះសារីរិកធាតុ - ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) លោកបណ្ឌិត ហ៊ាង រិទ្ធី ក្នុងកិច្ចសម្ភាសជា​មួយ​ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ នេះបានលើកឡើងថា វាជាការសោកស្តាយ និងរន្ធត់​ចិត្តសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលបានទទួលដំណឹងពីការបាត់បង់ ព្រះសារីរិកធាតុរបស់ព្រះពុទ្ធ និងវត្ថុមានតម្លៃ​ផ្សេងៗទៀតរបស់ជាតិ។ បណ្ឌិតដដែលនេះលើកជាចម្ងល់ថា ព្រះសារីរិកធាតុត្រូវបានបុព្វបុរសខ្មែរ និងប្រជាពលរដ្ឋ​ខ្មែរ​ថែរក្សាទុក និងគោរពបូជាច្រើនរយឆ្នាំមកហើយ ដោយមិនឲ្យមានការបាតបង់នោះទេ ចុះហេតុអ្វីបាន​ជាមាន​ការបាត់បង់ក្នុងសម័យនេះទៅវិញ?

លោកបណ្ឌិត ហ៊ាង រិទ្ធី បញ្ជាក់ថា៖ «ព្រះសេរីរិកធាតុត្រូវបាននាំមកពីប្រទេសឥណ្ឌា តាំងពីសតវត្យរ៍ទី៥មកម្លេះ ឥឡូវសតវត្យរ៍ទី២១ យើងងាកមើលមួយពាន់ប្រាំមួយរយឆ្នាំហើយ មិនដែលបាត់បង់នោះទេ ចុះហេតុអ្វីមកបាត់បង់​សម័យអច្ឆរយៈនេះទៅវិញ? អញ្ចឹងរដ្ឋាភិបាល មានសមត្ថភាពទេ? ដូច្នេះរដ្ឋាភិបាលអសមត្ថភាព ធ្វេសប្រហែស​មែនទែន អភិបាលកិច្ចមិនល្អ ច្រើនតែគ្នាអត់បានការ។»

សូមរម្លឹកថា ព្រះសេរីរិកធាតុ និងវត្ថុបុរាណមានតម្លៃផ្សេងទៀត ដែលតម្កល់ទុកនៅក្នុងព្រះសក្យមុនីចេតិយ លើភ្នំ​ព្រះរាជទ្រព្យ (ភ្នំឧដុង្គ) ក្នុងស្រុកពញាឮ ខេត្ដកណ្ដាល ត្រូវបានគេដឹងថា មានជនសង្ស័យមួយក្រុមបានចូលលួច កាលពីម៉ោង ១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃ ទី១០ ខែធ្នូ ឆ្នាំ២០១៣កន្លងទៅ ខណៈនៅទីនោះក៏ត្រូវបាន​គេ​ដឹងថា មានវត្តមានឆ្មាំចាំយាមកាមផងដែរ។

ទាក់ទងនឹងករណីនេះ នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គឹមអេង បាន​ពន្យល់ថា ការបាត់បង់ព្រះសារីរិកធាតុនៅពេលនេះ វាជាកំហុសមួយធំណាស់របស់មន្រ្តីពាក់ព័ន្ធ និងអ្នកទទួលខុស​ត្រូវចំពោះកិច្ចការនេះ និងក៏ជាភាពអាម៉ាសរបស់រដ្ឋាភិបាលផងដែរ ព្រោះពួកគេជាអ្នកមានតួនាទី​គ្រប់គ្រង​ប្រទេស។

លោក យ៉ង់ គឹមអេង បញ្ជាក់ថា៖ «ព្រះសារីរិកធាតុត្រូវបានរក្សាច្រើនឆ្នាំមកហើយ មិនគួរឲ្យមានការ​បាត់បង់​នោះទេ ត្រូវតែមានការទទួលខុសត្រូវ រដ្ឋាភិបាលត្រូវតែបើកការស៊ើបអង្កេតលើករណីនេះ ហើយបើបញ្ហា​នេះមិនត្រូវបាន​ដោះស្រាយត្រឹមត្រូវ និងមិនមានការដាក់ទោសទណ្ឌ នោះនឹងមានបញ្ហាធំៗជាងនេះ កើតឡើង​នៅ​ពេលក្រោយ»។

ជុំវិញបញ្ហានេះ អ្នកតាមដានស្ថានការណ៍សង្គមកម្ពុជា បានសម្តែងការព្រួយបារម្ភជាខ្លាំង ពីសុវត្ថិភាព និងសន្តិសុខ​សង្គម ព្រោះថាព្រះសេរីរិកធាតុ ដែលជាវត្ថុមានតម្លៃរបស់ជាតិ និងជាផ្នែកមួយនៃបាវចនាជាតិត្រូវបានគេបំពារពាន និងលួចបាត់ទៅហើយ ចុះទម្រាំទ្រព្យសម្បត្តិឯកជនវិញ មិនដឹងថាត្រូវប្រឈមនឹងបញ្ហាសុវត្ថិភាពកម្រិតណា?

---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...