ពលរដ្ឋម្ចាស់ឆ្នោត ទាមទារឲ្យរដ្ឋាភិបាលគោរពកិច្ចព្រមព្រៀងក្រុងប៉ារីស
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: December 12, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងរយៈកាលថ្មីៗនេះ បន្ទាប់ពីការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា កន្លងមកនេះ ទាំងអង្គការសង្គមស៊ីវិល ជាតិ និងអន្តរជាតិ មើលឃើញប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋដែលរងនូវការគាបសង្កត់ផ្សេងៗ សហជីព និងសមាគមនានា ដូចជា គ្រូបង្រៀន កម្មករជាដើម បានក្រោកឡើងយ៉ាងសស្រាក់សស្រាំ ក្នុងការទាមទានូវសិទ្ធិដីធ្លី សិទ្ធិលំនៅដ្ឋាន និងសិទ្ធិសេរីភាពផ្សេងៗទៀត ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ពិសេសភាពអស់ជំនឿលើគណបក្សនយោបាយ ទាំងគណបក្សកាន់អំណាច ទាំងគណបក្សប្រឆាំង និងការទាមទាឲ្យរដ្ឋាភិបាលគោរពច្បាប់។
ក្រុមពលរដ្ឋនិងព្រះសង្ឃ ដែលមានគម្រោងជួបជុំគ្នាដើេម្បីធ្វើការតស៊ូមតិ ឲ្យរដ្ឋាភិបាលកម្ពុជាគោរពច្បាប់។ (រូបថត MONOROOM.info/ O.Vary)
សិទ្ធិសេរីភាព - ចាប់ទាំងពីថ្ងៃ១០ធ្នូ ជាទិវាសិទ្ធិមនុស្ស លើកទី៦៥ មានប្រជាពលរដ្ឋជាច្រើន មកពីតាមបណ្តាខេត្ត-ក្រុងនានា បានជួបជុំគ្នាដើម្បីទាមទានូវសិទ្ធិរបស់ខ្លួន ដែលបានផ្តល់ឲ្យដោយច្បាប់ ពិសេសសិទ្ធិរួចផុតពីការរំលោភបំពាន ដោយអាជ្ញាធរមូលដ្ឋាន មន្រ្តីមានអំណាច និងឈ្មួញទុច្ចរិតនានា ជាមួយនឹងតុលាការមួយឯករាជ្យ យុត្តិធម៌ ដែលផ្តល់ការទុកចិត្តដល់ប្រជាពលរដ្ឋ។
នាល្ងាចថ្ងៃទី១២នេះ ប្រជាពលរដ្ឋមកពីតាមតំបន់នានា ដែលរួមមានក្រុមបុរីកីឡា ដឹកនាំដោយអ្នកស្រីទេព វណ្ណី សមាគមគ្រូបង្រៀនដឹកនាំដោយលោក រ៉ុង ឈុន ក្រុមប្រជាពលរដ្ឋដឹកនាំដោយ សេង សន (ហៅស្បៃវែង) រួមជាមួយនឹងក្រុមយុវជន និងព្រះសង្ឃមួយចំនួនទៀត បានធ្វើការជួបជុំគ្នានៅវត្តភ្នំ (មុខនាឡិកាធំ) ចាប់ពីម៉ោងមួយរសៀលតទៅ។ នេះបើតាមការបញ្ជាក់របស់លោក ម៉ៅ សុផល ដែលជាសមាជិកស្ថាបនិកក្នុងក្រុមលោកស្បៃវែង។
ទាក់ទងនឹងបញ្ហានៃការជួបជុំគ្នានេះ លោក ម៉ៅ សុផល បានបញ្ជាក់ពីគោលជំហរថា ជាការរួមរួមគ្នាក្នុងការដាក់ញ្ញតិ ទៅស្ថានទូតនានា ដែលជាម្ចាស់ហត្ថលេខីទាំង១៨ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្រោយពេលដែលរដ្ឋាភិបាលកម្ពុជា បានប្រកាសដោយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានពីការផុតសុពលភាព នៃការអនុវត្តនូវកិច្ចព្រមព្រៀងនេះ។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាសមិទ្ធិផល និងជារបងការពារយ៉ាងរឹងមាំរបស់កម្ពុជា។ (...) ជារនាំងការពារដឹកដី បែរជារដ្ឋាភិបាលថារលត់ទៅវិញ តើក្នុងនាមប្រជាពលរដ្ឋនឹងរំពឹងទៅលើអ្វី?។ សូមឲ្យសើររើឡើងវិញ ពិនិត្យមើលពីចំណុចដែលមានសារៈសំខាន់ទាំងកម្ពុជាខ្លួនឯង និងប្រទេសជិតខាងដែលកំពុងតែរំលោភលើកិច្ចព្រមព្រៀងនេះ។ (...) ជាកិច្ចព្រមព្រៀងសកលអន្តរជាតិ ត្រូវតែបានគោរពដោយប្រទេសនៃហត្ថលេខីទាំងអស់ទើបជាផ្លូវការ។ (...) យើងទាមទាសិទ្ធិសេរីភាព និងអំណាចក្នុងនាមជាម្ចាស់ប្រទេស សូមឲ្យរដ្ឋាភិបាលកញ្ចប់ឈប់បំពានច្បាប់ រំលោភលើសិទ្ធិពលរដ្ឋ។»
ជាមួយគ្នានេះក្រុមតស៊ូមតិ និងការទាមទារនូវសិទ្ធិសេរីភាពរបស់លោក នឹងមិនដាក់«ញ្ញតិ»ទៅកាន់រដ្ឋាភិបាលទេ ដោយលោកបានចាត់ទុកថា «ល្ខោនដែលយើងមើលទាំងនេះ ដដែលជាដដែល ព្រោះថាយើងនឹងគ្មានលទ្ធភាពអ្វី ទៅសំណូមពរលើរដ្ឋាភិបាលតទៅទៀតទេ។ (...) យើងផ្អែកតាមកម្លាំងប្រជាពលរដ្ឋចូលរួម នឹងមិនបញ្ចប់នូវការទាមទានោះទេ ទោះស្តិតក្នុងកាលៈទេសៈណាមួយ ឬម៉ោងណាក៏ដោយ យើងនឹងនៅធ្វើជាបន្តរ ដរាបណាមិនមានការដោះស្រាយឲ្យសមហេតុផល ដែលអាចទទួលយកបាននោះ។»
ជាមួយគ្នានេះដែរលោក ស្បៃវែង ក្រោយពីក្រុមសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន បង្ខំនាំខ្លួនតាមរថយន្ត ដើម្បីឲ្យសម្រាកនៅក្នុងសណ្ឋាគារមួយ កាលពីយប់ថ្ងៃទី១០ធ្នូនោះ កាលពីថ្ងៃទី១១ម្សិលម៉ិញ ក៏ដូចជាក្នុងថ្ងៃនេះផ្ទាល់ លោកបានប្រកាសពីជំហរយ៉ាងរឹងមាថា នឹងបន្តរទាមទារឲ្យមានការគោរពសិទ្ធិមនុស្សយ៉ាងពេញលេញ ទៅតាមគោលការណ៍ច្បាប់ដែលមានចែងក្នងច្បាប់ ពិសេសច្បាប់រដ្ឋធម្មនុញ្ញ។ លោកបានបន្ថែមដោយខ្លីថា «យើងអស់ចិត្តនឹងការដឹកនាំ របស់រដ្ឋាភិបាលសព្វថ្ងៃនេះហើយ»។
ចំណែកអ្នកស្រី សីវ លីយី ជាអ្នកសរសេរនូវ«ញត្តិ»ដោយផ្ទាល់ដៃនោះ បានស្នើឡើងថា «សូមដល់បណ្តាប្រទេសដែលជាម្ចាស់ហត្ថលេខីទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ សូមលោកមេត្តាអាណិត ជួយគ្រប់គ្រងប្រទេសកម្ពុជាផង ព្រោះប្រទេសកម្ពុជា ពុំមានរដ្ឋាភិបាល។ រដ្ឋាភិបាលបោះឆ្នោតហើយនេះ គឺជារដ្ឋាភិបាលខុសច្បាប់ មិនបានគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានបញ្ជូនជនជាតិយួន មកបោះឆ្នោតជំនួសខ្មែរ បន្លំសន្លឹកឆ្នោត លួចសន្លឹកឆ្នោត។»
ចំណែកព្រះតេគុណ សម គឹមសា និមន្តមកពីវត្តផ្កាឈូក ស្រុកឱរាល់ ខេត្តកំពង់ស្ពឺ បានគាំទ្រចំពោះការការទាមទារនូវសិទ្ធិទាំងនេះ ដែលជានិច្ចកាលតែងតែបំផ្លាញ និងបំបាក់ស្មារតីដោយអាជ្ញាធរមូលដ្ឋាន រដ្ខអំណាច ក៏ដូចជារដ្ឋាភិបាល តាមរយៈការដាក់កម្លាំងបង្ក្រាបជាដើម។ ដោយឡែកបញ្ហានៃការ ព្រះអង្គបានចាត់ទុកថា ការដឹកនាំនយោយបាយរបស់លោក ហ៊ុន សែន ដែលបំផ្លិចបំផ្លាញនូវផលប្រយោជន៍ជាតិ ឬផលប្រយោជន៍សង្គម ដែលធ្វើឲ្យបរិយាកាលសង្គម នៃប្រទេសកម្ពុជាមានតែទុក្ខសោកគ្រប់បែបយ៉ាងនោះ។
សង្ឃអង្គនេះបានមានសង្ឃដីកាបន្តរថា ព្រះអង្គគាំទ្រឲ្យមានការរួបរួមគ្នា នៃប្រជាពលរដ្ឋដែលចង់បានសេរីភាព និងសន្តិភាពមួយពិតប្រាកដ សុំឲ្យបន្តរការរួបរួមគ្នានេះ ទាមទាររហូតដល់មានដំណោះស្រាយពិត មិនអាចធ្វើឈប់ៗបានទេ។ ដោយព្រះអង្គចាត់ទុកថា ការធ្វើឈប់ៗបែបនេះ ទោះធ្វើ១០០ឆ្នាំទៀតក៏មិនបានលទ្ធផលនោះដែរ។ «សម្តេចហ៊ុន សែន ព្រមព្រៀងទទួលទៅលើលក្ខ័ខ័ណ្ឌច្បាប់ទាំងឡាយ ដែលគាត់បានបំពារបំពានរំលោភដែលមាននៅកម្ពុជា»។
ឯមន្ត្រីនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន ក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូនាល្ងាចថ្ងៃទី១១ ខែធ្នូ ម្សិលម៉ិញនេះ លោកបានចាត់ទុករាល់ការទាមទាររបស់ពលរដ្ឋថា «នេះជាសិទ្ធិនៃការទាមទារ។ (...) វាមិនឋិតនៅក្នុងអ្វី ដែលជាអាណត្តិនៃច្បាប់»។
រីឯលោក ចាន់ សុវ៉េត មន្រ្តីជាន់ខ្ពស់នៃសមាគមន៍អាដហុក ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័តអាំងហ្វូក្នុងថ្ងៃទី១២ ធ្នូនេះ ក៏បានលើកឡើងមិនខុសពីលោកផៃ ស៊ីផានដែរថា «ជាសិទ្ធិនៃការទាមទាររបស់ប្រជាពលរដ្ឋ»។ ទោះយ៉ាងណាការ លោក សុវ៉េត បានយល់ថា ទាមទានេះនៅមានលក្ខណៈស្រាលនៅឡើយ ដែលពិបាកក្នុងការជំរុញឲ្យរដ្ឋាភិបាលយកទៅ«គិត និងពិចារណាណាស់»៕
---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ