ថៃ៖ ក្រុមអាវក្រហមព្រមានតបតរ បន្ទាប់ពី ស៊ូថេប ឲ្យចាប់ យីងឡាក់
ខណៈពេលដែលក្រុមបាតុករប្រឆាំងរដ្ឋាភិបាល (ក្រុមអាវលឿង) ទាមទារឲ្យមានការចាប់ខ្លួន នាយករដ្ឋមន្ត្រីថៃពីបទ«ក្បត់»នោះ ក្រុមអ្នកស្មោះស្ម័គ្រនឹងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា វិញ ដែលត្រូវបានគេស្គាល់ថា ជាក្រុមអាវក្រហម បានព្រមានថានឹងរៀបចំបាតុកម្មប្រឆាំង នឹងបាតុកម្មរបស់ក្រុមអាវលឿងទាំងនោះវិញ។
នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។ (រូបថត Reuter)
នយោបាយថៃ - បើទោះជាការបោះឆ្នោតមុនកាលកំណត់ ត្រូវបានកំណត់ធ្វើនៅខែកុម្ភះខាងមុខនេះក៏ដោយ ក៏ក្រុមអ្នកតវ៉ា ដែលបានជួបធ្វើបាតុកម្មតាំងពីជាងមួយខែមកហើយ ប្រឆាំងរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នៅមិនទាន់អស់ចិត្តនៅឡើយ។ លោក ស៊ូថេប ថោងស៊ូបាន បានថ្លែងនៅថ្ងៃពុធទី១១ ខែធ្នូនេះថា ស្នើសុំឲ្យមានការចាប់ខ្លួននាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ យកទៅវិនិច្ឆ័យទោស។
លោកប្រកាសថា «ខ្ញុំស្នើសុំទៅកងកម្លាំងនគរបាល ឲ្យចាប់ខ្លួនយីងឡាក់ ពីបទ"ក្បត់" ដោយសារតែគាត់មិនបានធ្វើតាមបញ្ជារបស់យើង»។ «បញ្ជារបស់យើង» ទំនងជាលោក ស៊ូថេប ចង់និយាយសំដៅទៅរកឱសានវាទ ដែលលោកបានដាក់កំហិតឲ្យ លោកស្រីយីងឡាក់ ត្រូវតែលាលែងពីតំណែង ក្នុងរយៈពេល២៤ម៉ោង។
លោកបានឲ្យដឹងមុននេះថា «បើអ្នកមិនស្ដាប់បង្គាប់របស់យើងទេ កម្លាំងបាតុកម្មរបស់យើង នឹងកើនឡើងកាន់តែខ្លាំង រហូតដល់អ្នក និងគ្រួសារត្រកូល ស៊ីណាវ៉ាត្រា ទាំងមូល មិនអាចទ្រាំទ្របាន។ តើរយៈពេលប៉ុន្មាន ដែលអ្នកអាចទ្រាំទ្របាន បើសិនជាមានមនុស្សស្ដោះ ដាក់រថយន្ដរបស់អ្នក រាល់ថ្ងៃនោះ?»
នាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ជាប្អូនស្រីបង្កើត របស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានបណ្ដេញពីអំណាច ដោយរដ្ឋប្រហារមួយ កាលពីឆ្នាំ ២០០៦។ លោក ថាក់ស៊ីន នេះ ជាដើមចមនៃបាតុកម្មរបស់ក្រុមប្រឆាំង នៅកណ្ដាលរាជធានីបាងកក រហូតមកដល់ថ្ងៃនេះ និងជាជំហានទៅរកការទាមទារឲ្យ លោកស្រី យីងឡាក់ នាយករដ្ឋមន្ត្រីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ លាលែងពីតំណែង។ ប៉ុន្តែនៅម៉ោងនេះ លោកស្រី យីងឡាក់ នៅមិនទាន់បានបង្ហើបពីបំណងណាមួយ ដែលចង់លាលែងពីតំណែង តាមការទាមទារនោះនៅឡើយ។
អ្នកតាមដាននយោបាយថៃ មិនបានសង្ស័យទេ ថាលោកស្រី យីងឡាក់ នឹងឈ្នះឆ្នោតជាថ្មីទៀត ហើយនឹងនៅតែត្រៀមលក្ខណៈដើម្បីដឹកនាំរដ្ឋាភិបាល នៅក្នុងអាណត្តិក្រោយទៀត។
ដោយឡែក ក្នុងអ្នកស្មោះស្ម័គ្រនឹងលោកស្រី ដែលគេស្គាល់ថា ជាក្រុមមេដឹកនាំអាវក្រហម (UDD) នោះ បានប្រកាសតបទៅនឹងការលើកឡើងរបស់ក្រុមអាវលឿងថា ពួកគេបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ធ្វើបាតុកម្មមួយដើម្បីការពារ លោកស្រី យីងឡាក់។ មេដឹកនាំមួយរូបរបស់ក្រុមនេះ លោក ចាទូពន ព្រំផាត់ (Jatuporn Promphan) បានព្រមានថា «យើង UDD មានតួនាទីប្រមែប្រមូល មហាជនអាវក្រហម និងអ្នកស្នេហាលិទ្ធិប្រជាធិបតេយ្យ ដែលមិនយល់ស្របតាមការចង់បានរបស់លោក ស៊ូថេប។ យើងនឹងមានមនុស្សមកចូលរួម ច្រើនជាងក្រុមរបស់លោកស៊ូថេប ដែលបានជួបជុំគ្នានេះ។»
ការព្រមាននេះ បានបង្កឲ្យមានការព្រួយបារម្ភ ពីការប្រឈមមុខគ្នាខ្លាំងក្លាមួយ រវាងក្រុមទាំងពីរ បើទោះជាលោក ចាទូពន ព្រំផាត់ បានអះអាងថា ការជួបជុំជាយថាហេតុរបស់ក្រុមលោក នឹងធ្វើឡើង ក្នុងករណីដែលក្រុមលោក ស៊ូថេប បង្កអំពើហិង្សាដើម្បីដណ្ដើមអំណាច តែប៉ុណ្ណោះក៏ដោយ៕
------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ