នៅ​កម្ពុជា ព្រះ​សង្ឃ​ដែល​ហ៊ាន​បញ្ចេញ​មតិ នឹង​ត្រូវ​ចាប់​ផ្សឹក?

ដោយសារតែការបញ្ចេញមតិក្នុងអង្គប្រជុំ ដែលធ្វើការប្រកាសតែងតាំងអ្នកគ្រង់គ្រងព្រះសង្ឃ ព្រះសង្ឃ​បី​អង្គ​ត្រូវ​បាន​ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត​ឧត្តរមានជ័យ ចាប់ផ្សឹកទាំងកម្រោល ដោយចោទចោទប្រកាន់ថា មិនគោរពគោលការណ៍ និង​គោរព​នាយកសង្ឃ។ នេះបើតាមថេរដីការរបស់ភិក្ខុមួយអង្គ ដែលត្រូវបានចាប់ផ្សឹកជាមួយព្រះសង្ឃពីរអង្គទៀត។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ មករា ២០១៥
  • កែប្រែចុងក្រោយ: January 31, 2015
  • ប្រធានបទ: សាសនា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«យើង​ងើប​ឈរ​ដើម្បី​បញ្ចេញ​មតិ គ្រាន់​តែ​ពាក្យ​យើង​បញ្ចេញ​មតិ​ហ្នឹង​ណា គេ​ថា​យើង​មិន​គោរព។ ហ្នឹង​ត្រង់​ពាក្យ​មិន​គោរព យើង​ងើប​ហើយ​យើង​បញ្ចេញ​មតិ ត្រង់​តែ​យើង​ងើប​ពឹប គេ​ថា​យើង​មិន​គោរព​ថ្នាក់​ដឹកនាំ។» នេះ​ជា​ថេរដីកា​របស់​ព្រះ​តេជគុណ អ៊ុំ វិចិត្រ នៅ​ក្នុង​សន្និសីទ​ការសែត នា​រសៀល​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៥។

សង្ឃ​ត្រូវ​បាន​គេ​ចាប់​ផ្សឹក ដែល​មាន​ព្រះ​ជន្ម​៣២​ព្រះ​វស្សា​អង្គនេះ បាន​រៀប​រាប់​ថា មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ចាប់​កំហុស រហូត​ដល់​ចាប់​ផ្សឹក​នេះ ដោយ​សារ​កាល​ពី​ប្រហែល​ពីរ​អាទិត្យ​មុន សង្ឃ​នាយក​បាន​ទៅ​ប្រកាស​តែង​តាំង ថ្វាយ​គណៈ​សង្ឃ​នាយក​គ្រប់​គ្រង ព្រម​ទាំង​ប្រគល់​ភារកិច្ច​ជា​មេ​គុណ​ឱ្យ​ព្រះ​តេជគុណ លឹម លន់ មើល​ការ​ខុស​ត្រូវ​លើ​ព្រះ​សង្ឃ។

ប៉ុន្តែការសម្រេចឱ្យតំណែងជាព្រះមេគុណ ដល់ព្រះអង្គ លឹម លន់ មើលការខុសត្រូវលើព្រះសង្ឃ ត្រូវបាន​ព្រះ​សង្ឃ​ទាំងបីអង្គគឺ ព្រះតេជគុណ អ៊ុំ វិចិត្រ គង់នៅវត្តធម្មយុត្ត ព្រះតេជគុណ ឃុន ឆេង គង់នៅវត្តខ្នងចូល និងព្រះតេជគុណ ឡា ហួរ គង់នៅវត្តធម្មយុត្ត ធ្វើការបដិសេធដោយឃើញថា ព្រះមេគុណ លឹម លន់ មាន​ព្រះជន្មចាស់ណាទៅហើយ ភ្នែកងងឹត ត្រចៀកថ្លង់ មិនអាចគ្រប់គ្រង់សង្ឃបាន។ ហើយការតម្លើង​តំណែង បានផ្លោះតំណែង ខណៈដែលព្រះអង្គ អឿន សំអាង គួរតែទទួលបានតំណែងនេះ។ ប៉ុន្តែផ្ទុយទៅវិញ ព្រះអង្គ អឿន សំអាង ដែលជាបាល័តខេត្ត នៅតែជាបាល័តខេត្តដដែល។

ព្រះអង្គថាហេតុផលនៃការជំទាស់នេះហើយ ទើបធ្វើគេរកហេតុផលក្នុងការចាប់ផ្សឹកព្រះសង្ឃទាំងបីអង្គ។ ព្រះតេជគុណ អ៊ំ វិចិត្រ បន្តថា ការចាប់ផ្សឹកព្រះសង្ឃទាំងបីអង្គ ក៏មានការឃុបឃិតគ្នា បក្សពួកនិយម​រវាង​ប្រធានមន្ទី និងសាសនា និងព្រះមេគុណដែរ។

ព្រតេជគុណបញ្ជាក់បន្ថែមថា៖ «ព្រះមេគុណមានវត្តពីរ ដូចព្រះអង្គ ឃុន ឆេង មានដីកាហើយថា មានវត្ត​លើ​មួយហើយ ហើយមកមកចង់បានវត្តនេះមួយទៀត ដើម្បីបែកជាបក្សពួក។ ហើយលោកតាមព័ត៌មាន​មួយ​ចំនួនគេថា បានផ្តល់ប្រាក់កាសមួយចំនួន មកលើមន្ត្រីសង្ឃខាងលើនេះ ដើម្បីឱ្យមន្រ្តីសង្ឃរក​ហេតុផល​ណា​មួយ ចេញដីកាចាប់ផ្សឹក។ ដល់ពេលរកចេញហេតុផល គឺមាន ទី១អត់គោរពគោលការណ៍គេ ទីពីរអត់គោរព​គេ។ ច្បាប់នេះ វាអត់មានក្នុងច្បាប់ព្រះពុទ្ធសាសនា។»

ចំពោះការចាប់ផ្សឹកសង្ឃទាំងបីអង្គ ត្រូវបានព្រះមហារាជធម្ម វង្ស អានេតា ព្រះសមាជិកគណៈសង្ឃនាយក ព្រះលេខាធិការផ្ទាល់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេច​ព្រះ​មហា​សង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ និងជាអនុប្រធានទី១ ថេរសភាព្រះពុទ្ធសាសនា​នៃគណៈធម្មយុត្តិ​កនិកាយ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញផ្សព្វផ្សាយក្នុងស្រុកមួយ បានធ្វើការបកស្រាយថា ករណីផ្សឹកភិក្ខុ៣អង្គនៅខេត្តឧត្តរមានជ័យនោះ គឺមិនមែនជាគំនិតអត្តនោម័ត របស់លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្តឧត្តរមានជ័យ ឬក៏អ្នកណាម្នាក់នោះទេ ប៉ុន្តែជាការសម្រេចចិត្តដោយលាយលក្ខណ៍អក្សរ របស់ថេរសភាដែលមានសមាជិក៩អង្គ បន្ទាប់ពីធ្វើការណែនាំអប់រំភិក្ខុសង្ឃទាំង៣អង្គនោះហើយ មិនបាន​អនុវត្តតាម ។

ធ្វើការតវ៉ា ធ្វើឱ្យអង្គប្រជុំច្របូកច្របល់...

ព្រះមហារាជធម្ម វង្ស អានេតា បានបន្តថា ភិក្ខុសង្ឃទាំង៣បានប្រព្រឹត្តខុសវិន័យធ្ងន់ បង្កជាអធិករណ៍នោះ​ផង រហូតមានការស្នើសុំពីពុទ្ធបរិស័ទចំណុះជើងវត្ត រួមទាំងអាជ្ញាធរ និងសាលាធម្មយុតិ្ត ខេត្តឧត្តរមាន​ជ័យ ឱ្យដាក់ពិន័យតាមផ្លូវព្រះពុទ្ធសាសនាថែមទៀត។ ព្រះអង្គមានថេរៈដីការបន្ថែមថា កាលពីកិច្ចប្រជុំប្រគល់​តំណែងឱ្យព្រះមេគុណ លឹម លន់ គ្រប់គ្រងសង្ឃ សង្ឃទាំង៣អង្គគឺ ភិក្ខុ អ៊ុំ វិចិត្រ ភិក្ខុ ឡា ហួរ និងភិក្ខុ ឃុន ឆេង បានក្រោកឈរឡើង ហើយស្រែកបង្គាប់ឱ្យភិក្ខុសង្ឃដទៃទៀត ធ្វើការតវ៉ា ធ្វើឱ្យអង្គប្រជុំច្របូក​ច្របល់​រញ៉េរញ៉ៃ ។

ចំពោះការក្រោកឈរនេះ ត្រូវបានព្រះតេជគុណ អ៊ំ វិចិត្រ អះអាងថា ជាការពិត។ ការដែលព្រះអង្គក្រោកឈរ មុនការប្រកាសចប់ ព្រោះដោយសារតែព្រះអង្គខ្លាចគ្មានឱកាស ក្នុងការបញ្ចេញយោបល់ ព្រោះធ្លាប់មានបទ​ពិសោធ​ម្តងដង នៅពេលដែលប្រកាសតែងតាំងអ្វីមួយរួចរាល់ហើយ ក៏ឡើងឡានទៅបាត់ ដោយមិនសួរ​មតិ​យោបល់កូនចៅក្រោមឱវ៉ាត និងមិនផ្តល់ឱកាសឱ្យធ្វើការតវ៉ាអ្វីឡើយ។ ព្រះភិក្ខុ អ៊ំ វិចិត្រ បានបន្តរថេរដីការ​ថា៖ «នេះជាអំពើមួយធ្វើតាមអំពើចិត្ត ឬក៏យើងថាបិទទ្វាវ៉ៃហើយ អត់ឱ្យគេដឹងទេ។ តើមានវាទោសយ៉ាង​ណា​ទៅ បើគ្រាន់តែអត់គោរពអានេតា?» ព្រះអង្គថាការងើបឈរនេះ មិនមែនព្រះអង្គប្រឆាំងដាច់អហង្កានោះទេ ព្រោះតែចង់ធ្វើការបញ្ចេញមតិតែប៉ុណ្ណោះ។

ទាក់ទិនបញ្ហានេះដែរ ព្រះតេជគុណ ព្រហ្ម អ៊ីន អនុប្រធានកម្មវិធីធម្មទានដើម្បីជីវិត បានមានសង្ឃដីការ​អះ​អាងថា ទោសកំហុសដែលអាចចាប់ផ្សឹកបាន គឺមានតែបួនទេ នៅក្នុងព្រះពុទ្ធសាសនា៖ ការសម្លាប់មនុស្ស លួចទ្រព្យសម្បត្តិគេ ការសេពស្រីឬសុរា និង ការពោលអួតឧតិរិមនុស្សធម្ម ដែលគ្មាននៅក្នុងខ្លួនមនុស្ស។ ព្រះអង្គ​បញ្ជាក់បន្ថែមថា៖ «ប៉ុន្តែការផ្សឹកទៀតសោត គឺត្រូវមានឧបធ្យាចារ្យ នៅក្នុងសាសនា សម្រាប់ផ្សឹក​ត្រឹមត្រូវ មិនមែនគ្រហស្ត ចាប់ដកស្បង់ជីពររបស់លោកទេ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...