បុណ្យមាឃបូជា ដែលប្រជាជនខ្មែរប្រារព្ធរៀងរាល់ឆ្នាំ
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី៣ខែ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 04, 2015
- ប្រធានបទ: ប្រវត្តិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កម្ពុជាគោរពសាសនាព្រះពុទ្ធ អស់កាលជាយូរអង្វែងមកហើយ ក្នុងនោះមានប្រជាជន ជាង៩៥ភាគរយ ជាអ្នកកាន់សាសនានេះ ហើយរដ្ឋធម្មនុញ្ញនៃប្រទេសនេះ ក៏បានចាត់ទុកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋដែរ។ បើតាមស្ថិតិឆ្នាំ២០១៣ បានឲ្យដឹងថា ប្រទេសកម្ពុជា មានវត្តអារាមចំនួនជាង៤៥០០វត្ត និងចំនួនព្រះសង្ឃមានជាង៥៤០០០អង្គ។ អញ្ចឹងហើយ រាល់បុណ្យទាននានាដែលកើតមានសម្រាប់ឧទ្ទិសឲ្យសាសានាព្រះពុទ្ធ ជាករណីយកិច្ចរបស់ពុទ្ធសាសនិក និងបណ្ដាជនកម្ពុជាភាគច្រើន ដែលត្រូវតែប្រតិបត្តិតាម ក្នងនោះក៏មានបុណ្យមាឃបូជាមួយដែរ។
បុណ្យ មាឃបូជា នេះប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ង១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ ខែគត់។
ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ បានធ្វើឡើងនៅក្នុងចំណោមព្រះសង្ឃចំនួន ១២៥០អង្គ ជាសមាជិក ក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ ក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍ ចំនួន១១ប្រការ សម្រាប់ឲ្យសមាជិកមហាសន្និបាតទាំងអស់ ប្រកាន់យកជាវិថីជីវិត និងសម្រាប់យកទៅ ផ្សព្វផ្សាយដល់ជនដទៃទៀត ឲ្យបានយល់ពីព្រះពុទ្ធសាសនា។
បុណ្យមាឃបូជា ជាពិធីបូជាមួយយ៉ាងធំដែរ ដែលពុទ្ធសាសនិកនាំគ្នាបា្ររព្ធធ្វើ នៅថ្ងៃពេញបូណ៌មី ខែមាឃ។ គេកំណត់យកថៃ្ងពេញបូណ៌មី (១៥កើត) ខែមាឃ ព្រោះថ្ងៃខែនេះទាក់ទងទៅនឹងពុទ្ធប្រវត្តិ ដូច«វិសាខបូជា»ដែរ ហើយជាបុណ្យដែលគេធ្វើឡើង ដើម្បីថ្វាយគ្រឿងសក្ការៈចំពោះ ព្រះរតនត្រ័យត្រង់ថៃ្ងពេញបូរណ៌មី ខែមាឃ តាមរបៀបពុទ្ធសាសនាសុទ្ធសាធ ឥតលាយឡំដោយ ពិធីព្រាហ្មណ៍សោះឡើយ ។
ការប្រារព្ធពិធីបុណ្យនេះឡើង ដើម្បីរំលឹកដល់ថៃ្ងសំខាន់ៗក្នុងព្រះពុទ្ធសាសនា ២ យ៉ាងគឺ ៖
១- រំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែង ឱវាទប្បាតិមោក្ខ ហើយប្រជុំចតុរង្គ សន្និបាតប្រកបដោយអង្គ៤គឺ
អង្គទី១៖ ជាថ្ងៃពេញបូណ៌មីខែមាឃ។
អង្គទី២៖ ព្រះអរហន្ត ១២៥០អង្គ គឺក្រុមបុរាណជដិល ១០០០ ក្រុមអគ្គសាវ័ក២៥០អង្គបានមកជួបជុំឯងៗ ឥតមាននរណានិមន្ត។
អង្គទី៣៖ ព្រះអរហន្តទាំងនោះសុទ្ធតែសម្រេចអភិញ្ញាណ៦
អង្គទី៤៖ ព្រះអរហន្តទាំងនោះ សុទ្ធតែជា ឯហិភិក្ខុបួសផ្ទាល់ព្រះអង្គ ដោយមានសកពុកមាត់ពុកចង្កាកោរស្រាប់ មានបាត្រ និងចីវរសម្រេចដោយរិទ្ធិ៍ស្រាប់ៗ ។ ព្រះសម្មាសម្ពុទ្ធទ្រង់សំដែង ឱវាទប្បាតិមោក្ខ នៅថ្ងៃពេញបូណ៌មីខែមាឃ ក្នុងឆ្នាំរកា មុន ពុទ្ធសករាជ ៤៤ ឆ្នាំ ។
២. រំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុសង្ខារ៖ មានសេចក្កីដំណាលថា គ្រាបច្ចិមពោធិកាល ដែលព្រះពុទ្ធអង្គទ្រង់សណ្ឋិត នៅក្នុងបច្ចិមវ័យ ព្រះជន្មគម្រប់៨០ឆ្នាំហើយមុនថៃ្ងបរិនិព្វាន៣ខែ គឺថៃ្ងពេញបូណ៌មី ខែមាឃ ទ្រង់ប្រថាប់នៅ បាវាលចេតិយ។ ពេលនោះ ក្រុងមារ មកនិមន្តព្រះអង្គឲ្យបរិនព្វាន ព្រះអង្គទ្រង់មានព្រះបន្ទូលថា៖ «នែមារ អ្នកកំបាច់ខ្វល់ខ្វាយ។ មិនយូរប៉ុន្មានទេ នៅតែ៣ខែទៀត គឺដល់ថ្ងៃពេញបូណ៌មី ខែពិសាខខាងមុខនេះ តថាគតនឹងបរិនិព្វានហើយ។»
ព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុសង្ខារ នៅថ្ងៃអាទិត្យ ពេញបូណ៌មីខែមាឃ ក្នុងឆ្នាំម្សាញ់មុនពុទ្ធសករាជ៣ខែ។ តាមទំនៀមពិធីបុណ្យមាឃបូជា ប្រព្រឹត្តទៅនៅវេលាយប់ក្នុងវត្តអារាម ដូច្នេះហើយបានជាគេឃើញនៅគ្រប់វត្ត មានអុជគ្រឿងប្រទីបជ្វាលាបូជាភ្លឺព្រោងព្រាត ហើយមានមហាជនចាស់ ក្មេង ប្រដាប់ដោយគ្រឿងសក្ការបូជា មានផ្កាភ្ញី ទៀន ធូបជាដើមនៅប្រជុំគ្នាយ៉ាងអ៊ូអរ។ ជាប្រពៃណីពុទ្ធបរិស័ទ ទាំងបព្វជិត ទាំងគ្រហស្ថ ត្រូវដើរដង្ហែរប្រទក្សិណព្រះវិហារ៣ជុំ សិនមុននឹងចូលព្រះវិហារ ហើយគេយកទេយ្យវត្ថុរៀបចំដាក់នៅមុខព្រះពុទ្ធរូប រួចអុជទៀន ធូប បូជាផ្កាភ្ញីផ្សេងៗ។
មាឃបូជានេះ បុរាណាចារ្យលោកសំដៅយកនក្ខត្តឫក្ស ២យ៉ាង គឺប្រារព្ធយកថ្ងៃដែលសម្តេចព្រះភគវា ទ្រង់សម្តែងនូវឱវាទមួយ និងប្រារព្ធត្រង់ថ្ងៃដែលសម្តេចព្រះសម្ពុទ្ធ ទ្រង់ដាក់ព្រះជន្មយុសង្ខារមួយ អាស្រ័យហេតុនេះហើយ ទើបអ្នកប្រាជ្ញបុរាណលោកកំណត់លើក យកថ្ងៃពេញបូណ៌មី ខែមាឃ ទុកជាពិធីធ្វើសក្ការបូជា ដរាបរៀងរាបមកទល់នឹងសព្វថ្ងៃនេះ៕