ឈាង វុន ថាធ្វើសង្ឃ កុំ«មុសារ» រឿងបង្ខំលោកឲ្យស្រាត និងជំរុញឲ្យផឹកស្រាក្នុងវត្ត
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៤ វិច្ឆិការ ២០១៤
- កែប្រែចុងក្រោយ: November 04, 2014
- ប្រធានបទ: វត្តចាស់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីរងការចោទប្រកាន់ ពីបណ្ដាញព្រះសង្ឃឯករាជ្យ ដែលដឹកនាំដោយព្រះសង្ឃ ប៊ុត ប៊ុនតិញ ថាបានប្រមាថមាក់ងាយព្រះសង្ឃ ឲ្យដោះស្បថជីវរចេញ និងផ្តល់ថវិការឲ្យអ្នកប្រណាំងទូក យកមកទិញស្រាផឹកក្នុងវត្តអារាមនោះ លោក ឈាង វុន តំណាងរាស្រ្តខេត្តបាត់ដំបង (មកពីគណបក្សប្រជាជនកម្ពុជា) និងជាប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានប្រតិកម្មតបវិញថា ការលើកឡើងរបស់ក្រុមព្រះសង្ឃ និងព្រះសង្ឃដែលនៅក្នុងហេតុការណ៍នោះ ជាការលើកឡើងបែប«មុសារ»។
ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រត្តិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានធ្វើការបកស្រាយ ចំពោះការចោទប្រកាន់នេះថា លោកមិនបានអនុញ្ញាតិ ឬបញ្ជាឲ្យមានមនុស្សផឹកស្រាក្នុងវត្តនោះឡើយ។ តែដោយលោកបានឃើញ ប្រជាពលរដ្ឋដែលឡើងមកអុំទូកទាំងនោះ កំពុងហូបស្រា (ទាំងកានៗ) ដូច្នេះ លោកក៏បានប្រាប់ទៅពួកគាត់ថា «សូមកុំឲ្យហូបស្រាធ្វើអ្វី ព្រោះអាចនាំឲ្យស្រវិង និងមិនអាចអុំទូកបានជាដើម។»
លោកបន្តថា ក្រោយមកលោកក៏បានស្នើប្តូរពីការហូប«ស្រា»ររបស់ពួកគាត់ មកជាហូប «ស្រាបៀរ»វិញ ព្រោះវាខ្សោយជាងស្រា ហើយសុំឲ្យពួកគាត់ហូប ក្នុងម្នាក់តែមួយ ឬពីរកំប៉ុងប៉ុណ្ណោះ។ លោកបញ្ជាក់ថា បន្ទាប់មកលោក ក៏ដើរចេញ ពីកន្លែងនោះទៅ។
ត្រឡប់ទៅវិញ ចាំដោះស្រាយ...
តំណាងរាស្រ្តមណ្ឌលបាត់ដំបងរូបនេះ បានបន្តថា រឿងចុះទៅវត្តពោធិយារ៉ាម ហៅវត្តចាស់ ដែលស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីព្រលប់ថ្ងៃទី៣ ខែវិច្ឆិកានោះ លោកមានបំណងតែមួយគត់ គឺដើម្បីមើល«ទូកង»របស់លោកប៉ុណ្ណោះ តែក៏ពើបប្រទះ ជាមួយនឹងប្រជាពលរដ្ឋរឿងដីធ្លី មកពីខេត្តបាត់ដំបងតែម្តង។ ពេលនោះ លោកក៏បង្ហាញពីការឈឺឆ្អាល ក្នុងនាមលោក ជាអ្នកតំណាងរាស្រ្តក្នុងរដ្ឋសភា ដែលជាតំណាងប្រជាពលរដ្ឋទូទៅថា សូមឲ្យពួកគាត់ត្រឡប់ទៅខេត្តបាត់ដំបងវិញ ដើម្បីរង់ចាំការដោះស្រាយ ពីខាងអភិបាលខេត្ត ព្រោះលោកបានទាក់ទងរួចជាស្រេចមុនហើយ។ លោកបន្ថែមថា ក្នុងការជជែកពិភាក្សាជាមួយប្រជាពលរដ្ឋនោះ មានប្រជាពលរដ្ឋ«ពីរក្រុម» ដែលឡើងមកពីឃុំបឹងប្រាំ ខេត្តបាត់ដំបង។ មួយក្រុមជាប្រជាពលរដ្ឋ ដែល«មានប្លង់ តែគ្មានដី» និងមួយក្រុមទៀតគឺប្រជាពលរដ្ឋ ដែល«មានដី តែគ្មានប្លង់»។
ក្នុងការជជែកវែកញែកហេតុផលនោះ ក៏មានព្រះសង្ឃមួយអង្គ (លោកមិនស្គាល់ឈ្មោះ) ក៏បានចេញមុខមកវែកញែកជាមួយលោក ដោយកាន់ជើងទៅភាគីពលរដ្ឋតែម្ខាង។ ករណីនេះ លោកក៏ចាត់ទុកថា ជាការលំអៀង និងអាចធ្វើឲ្យខូចឈ្មោះព្រះពុទ្ធសាសនា ដែលជាសាសនាជាតិ។ លោកបន្តថា បើសិនជាព្រះសង្ឃទាំងនោះ ចង់ចូលរួមដោះស្រាយ ត្រូវដោះស្បង់ចីវរចេញ ជាមុនសិនទៅ ទើបអាចចូលរួម ក្នុងការថដោះស្រាយនេះបាន បើមិនដូច្នេះទេ នាំឲ្យប្រជាពលរដ្ឋម្ខាងទៀត អស់ជំនឿលើព្រះពុទ្ធសាសនា។
ការលើកឡើងនៃតំណាងរាស្រ្តមណ្ឌលបាត់ដំបងខាងលើ ត្រូវបានបដិសេធដោយក្រុមបណ្តាញព្រះសង្ឃឯករាជ្យ ដោយចាត់ទុកថា រឿងនេះមិនងាយស្រួលដូចលោក ឈាង វុន លើកឡើងនោះទេ។ អ្នកសម្របសម្រួល នៃបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម លោក រិន រ៉េន បានចាក់វីដេអូ និងសម្លេង ដែលក្រុមការងារលោកថតបាន ពីការលើកឡើងរបស់លោក ឈាង វុន ដើម្បីជូនអ្នកសារព័ត៌មានស្តាប់ និងថតយក។ លោកបន្តថា ក្នុងសម្លៀកបំពាក់តំណាងរាស្រ្ត និងមាន«អាំងស៊ីញ»សម្គាល់ថា សមាជិកនៃតំណាងរាស្រ្តជាប់ឆ្នោតក្នុងរដ្ឋសភានោះ បាន ប្រើប្រាស់ពាក្យអសុរ ខ្វះសុជីវធម៌ ក្នុងនាមខ្លួនជាអ្នកកាន់ព្រះពុទ្ធសាសនា។
លោក រិន រ៉េន បានបញ្ជាក់ថា ព្រះសង្ឃមានសិទ្ធិចូលរួមការងារសង្គម និងជួយការងារទុក្ខលំបាករបស់ពលរដ្ឋ ដែលផ្ទុយនឹងការលើកឡើងរបស់លោក ឈាន វុន ថាព្រះសង្ឃមិនគួរចេះដឹងរឿងទុក្ខប្រជារាស្រ្តនោះ។ មិនត្រឹមតែប៉ុណ្ណឹង លោក ឈាង វុន បានថែមទាំងស្រែកបណ្ដេញព្រះសង្ឃ ចេញពីវត្ត ជាមួយនឹងការ«ព្រមាន»បកស្បង់ចីវរ របស់ព្រះសង្ឃទៀត។
«ចេះធម៌មិនដល់ខ្ញុំផង តាមមើល៍»
ឯលោក ឈាង វុន បានតបដូច្នេះថា «ខ្ញុំមិនដែលប្រមាថព្រះសង្ឃទេ។ សូមឲ្យព្រះសង្ឃដែលចោទខ្ញុំ កាលពីម្សិលម៉ិញ សូមឲ្យលោកគិតឡើងវិញ ប្រសិនលោក មុសារ លោកដាច់អាបត្តិ។ ធ្វើព្រះសង្ឃកុំឲ្យមុសារ ។ (…) តែបើខ្ញុំមុសារ សូមឲ្យខ្ញុំចុះនរក។ ខ្ញុំអ្នកសាសនាដែរ ព្រោះខ្ញុំនៅវត្ត ហើយលោក(ព្រះសង្ឃ)នោះ មិនស្រួលចេះធម៌មិនដល់ខ្ញុំផង តាមមើល ព្រោះខ្ញុំរៀនតាំងពីអាយុ៧ឆ្នាំ។»
លោក លាង វុន បញ្ជាក់ក្នុងនាមតំណាងរាស្រ្តថា លោកនឹងមិនរករឿងឈ្លោះ ជាមួយនឹងព្រះសង្ឃទាំងនោះទេ។ យ៉ាងណាលោកអង្វរដល់ព្រះសង្ឃទាំងនោះ កុំឲ្យលូកដៃក្នុងរឿងនេះ ព្រោះអាចប៉ះពាល់ដល់សាសនា។ លោកបានធ្វើការសុំដល់ព្រះសង្ឃទាំងអស់ កុំឲ្យមានមុសារ និងឲ្យហ៊ានស្បថ ជាមួយលោក។ លោក ឈាង វុន បានថ្លែងថា៖ «តើព្រះអង្គហ៊ានស្បថទេ ថាខ្ញុំបានទៅគម្រាមលោកទេ? ខ្ញុំគ្មានគម្រាមទេ តែជាការស្នើលោកដោយត្រង់។ (…) ប្រជាពលរដ្ឋមានទុក្ខ តំណាងរាស្រ្តមានការឈឺចាប់ យើងត្រូវការពារពួកគាត់ តែមិនធ្វើតាមមតិសាធារណៈជនទេ។»
ឆ្លើយតបនឹងការបន្ថែមខាងលើ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានលើកឡើងថា ព្រះអង្គនឹងធ្វើការតវ៉ា ធ្វើបាតុកម្មប្រឆាំងនឹងសម្តីលោក ឈាង វុន បន្ទាប់ពីពិធីបុណ្យអុំទូកបានបញ្ចប់ និងបង្ខំឲ្យលោក ឈាង វុន សុំទោសព្រះសង្ឃជាសាធារណៈ។
«គ្មានក្រមសីលធម៌»ជាអ្នកតំណាងរាស្រ្ត
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅភោជនដ្ឋានបៃតង រាជធានីភ្នំពេញ ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិក បណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម មានសង្ឃដីកា ដោយចាត់ទុកសកម្មភាព អ្នកតំណាងរាស្ត្រ លោក ឈាង វុន ក្នុងការទិញស្រាបៀរ និងការអនុញាតិឲ្យ មនុស្សផឹកក្នុងវត្តជាការ«គ្មានក្រមសីលធម៌»ជាអ្នកតំណាងរាស្រ្ត។ ពិសេសជាងនេះ ព្រះសង្ឃអង្គនេះក៏បានបញ្ជាក់ថា តំណាងរាស្រ្តមណ្ឌលបាត់ដំបងខាងលើ បានប្រើប្រាស់ពាក្យសម្ដីទ្រគោះបោះបោក មិនសមគួរ មកលើព្រះសង្ឃ ជាមួយនឹងការព្រមានបណ្ដេញបកស្បង់ចីវរព្រះសង្ឃ ដែលជាការប្រមាទលើព្រះពុទ្ធសាសនា ជាសាសនាជាតិ។
ព្រះអង្គ ប៊ុត ប៊ុនតិញ បានបង្ហាញនូវអង្គច្បាប់ថា យោងច្បាប់ព្រហ្មទណ្ឌថ្មីមាត្រា៥១៦ បានចែងពី«បទប្រមាទចំពោះព្រះសង្ឃ ក្នុងក្របខ័ណ្ឌនៃមុខងារ ឬក្នុងឱកាសនៃការបំពេញមុខងារ»។ ហើយអ្នកប្រព្រឹត្តិបទល្មើស ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពីមួយថ្ងៃ ទៅប្រាំមួយថ្ងៃ និងពិន័យជាប្រាក់ពីមួយពាន់រៀល ដល់មួយសែនរៀល៕