«ខ្លីៗ» ពី​អ្នក​សុំ​ទាន​ដ៏​«វែង» នៅ​តាម​ដង​ផ្លូវ​និង​ស្តុប

ក្នុងមួយថ្ងៃៗអ្នកសុំទានមិនតិចជាង២០នាក់នោះទេ ដែលចាំសុំទានពីអ្នកដំណើរ នៅចំណុចស្តុបផ្សារដើមគរ ដែល​ល្បី​ថា សំបូរ​ទៅ​ដោយ​អ្នកសុំទានជាងគេ។ សួរថា តើហេតុអ្វីបានជាពួកគេសម្រេចមកដើរសុំទាន?
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី២៩ តុលា ២០១៤
  • កែប្រែចុងក្រោយ: November 04, 2014
  • ប្រធានបទ: ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជារៀងរាល់ថ្ងៃ នៅតាមស្តុបនីមួយៗ ក្នុង​រាជធានី​ភ្នំពេញ គេ​នៅ​តែ​ឃើញ​អ្នក​សុំ​ទាន ក្មេង​ចាស់​ប្រុស​ស្រី​ដើរ​សុំ​ឱ្យ​រហង់។ សម្រាប់​អ្នក​ដំណើរ​ជា​ច្រើន បាន​ចាត់​ទុក​ថា នេះ​ជា​ករណី​ធម្មតា​ទៅហើយ។ ពី​ក្នុង​ចំណោម​នោះ អ្នក​ដំណើរ​មួយ​ចំនួន ក៏​បាន​បង្ហាញ​ចិត្ត​សុទ្ធា​​ជ្រះ​ថ្លា​របស់​គេ ដើម្បី​ដាក់​ទាន ទៅ​ឲ្យ​អ្នក​សុំ​ទាន​ទាំង​នោះ។ អ្នក​ស្រី​ម្នាក់ បាន​ថ្លែង​ប្រាប់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​ថា អ្នក​ស្រី​ចូល​ចិត្ត​ធ្វើ​បុណ្យ​ជា​មួយ​អ្នក​ក្រី​ក្រ។

ពីក្នុងចំណោមនោះ អ្នក​ដំណើរ​ផ្សេង​ទៀត ក៏​បាន​បង្ហាញ​នូវ​ការ​មិន​ពេញ​ចិត្ត និង​សភាព​រើស​អើង​ទៅ​លើ​ក្រុម​អ្នក​សុំ​ទាន​ទាំង​នោះ​ដែរ។ ប៉ុន្តែ​តើ​អ្នកនឹង​​និយាយ​ប្រាប់​ខ្លួន​អ្នក​បែប​ណា នៅ​ពេល​ក្រពះ​របស់​អ្នក តម្រូវ​ឲ្យ​អ្នក​រក​អាហារ​ដាក់​បំពេញ​ឲ្យ​វា​នោះ? នេះ​ជា​ជីវិត​ខ្លីៗ មួយ​ចំនួន​ពី​អ្នក​សុំ​ទាន​ទាំង​នោះ ដែល​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ​បាន​ចុះ​ទៅ​សម្ភាស​ផ្ទាល់។

កំពុងដើរសុំទាននៅស្តុបផ្សារដើមគរ ស្រ្តីវ័យចំណាស់មួយរូប បានប្រាប់ឱ្យដឹងថា ដោយសារតែភ្នែក​របស់​គាត់​ងងឹត ហើយរកស៊ីអីមិនកើត ទើបគាត់បានសម្រេចចិត្ត ដឹកដៃចៅដើរសុំទាន ដើម្បីចិញ្ចឹមជីវិត។ នៅពេល​សួរ​ថា តើគាត់មានកូនចៅដែរឬទេ ស្រ្តីចំណាស់មកពីខេត្តកណ្តាលរូបនេះ បានឱ្យដឹងថា កូនៗទាំង៥នាក់​របស់​គាត់ សុទ្ធតែមានគ្រួសារ ហើយបែកផ្ទះអស់ហើយ។ ជារៀងរាល់ថ្ងៃ យាយអ៊ឹមបានធ្វើដំណើរ ពីផ្ទះនៅខេត្ត​កណ្តាល ចាប់ពីម៉ោង១០ព្រឹក មកសុំទាននៅរាជធានីភ្នំពេញ ទាល់តែល្ងាចទើបត្រលប់ទៅផ្ទះវិញ។

កុមារាឈ្មោះ ពៅ ដែលជាកូនកំព្រាគ្មានឪពុកម្តាយ សល់តែពីរនាក់បងប្អូន បានសម្រេចចិត្ត ចេញដើរសុំទាន ដើម្បីចិញ្ចឹម និងរកប្រាក់ទិញទឹកដោះគោ ឲ្យប្អូនប្រុសដែលមានអាយុប្រមាណជាពីរឆ្នាំ។ បីប្អូននៅនឹងដៃ កុមារាទុរគត​បានប្រាប់ឱ្យដឹងទៀតថា ជារៀងរាល់ថ្ងៃ រូបគេបានចេញដើរសុំទាន ចាប់ពីម៉ោង១០ព្រឹក រហូត​ដល់ម៉ោង១០យប់ និងរកចំណូលពីការដើរសុំទាន ក្នុងមួយថ្ងៃប្រហែលពី១ម៉ឺនរៀល ដល់២ម៉ឺនរៀល។ ក្រោយ​ពីដើរសុំទានរួចហើយ កុមាររូបនេះមិនទៅផ្ទះវិញនោះទេ គឺគេដេកនៅតាមសំយ៉ាបផ្ទះ នៅម្តុំផ្សារដើមគរ។

ជាកូនកំព្រាឪពុកម្តាយ ដូចកុមារា ពៅ ដែរ កុមារីជាតា មកពីស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានរៀបរាប់​ថា នាងចង់ទៅសាលារៀនដូចជាក្មេងដ៏ទៃទៀត ប៉ុន្តែដោយសារជីវភាពគ្រួសារក្រលំបាក នាងសុំចិត្តដើរ​សុំ​ទាន​រកប្រាក់ចិញ្ចឹមជីវិត។ នាងតូចបាននិយាយទៀតថា ប្រាក់ដែលរកបានមួយចំណែកទៀត នាងបានយក​ទៅ​ឱ្យអ៊ំរបស់នាង ដែលនាងរស់នៅជាមួយ។

អាជ្ញាធរសាលារាជធានីភ្នំពេញ ធ្លាប់បានចាត់វិធានការ បណ្ដេញក្រុមអ្នកសុំទាននៅតាមស្តុប និងតាមដង​ផ្លូវ​ទាំងនោះ ដោយយោងមូលហេតុថា ប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងចរាចរណ៍សាធារណៈ។ ប៉ុន្តែវិធានការនេះ ពុំទទួលបានភាពជោគជ័យឡើយ នៅពេលដេលវិធានការរបស់អាជ្ញាធរ គ្រាន់តែបានធ្វើឡើង ដើម្បី​ជួសជុល​«រូបភាព»នៃអសមត្ថភាពរបស់ខ្លួន ក្នុងការដោះស្រាយ«ភាពក្រីក្រ» ចេញពីអ្នកទាំងនេះ។

មន្រ្តីនគរបាលម្នាក់ ដែលប្រចាំការនៅស្តុមផ្សារដើមគរ បានបញ្ជាក់ថា លោកស្គាល់ក្រុមអ្នកសុំទានទាំងនោះ ដោយសារតែពួកគេ បានមកសុំទាន នៅចំណុចនោះជារៀងរាល់ថ្ងៃ។ លោកបាននិយាយទៀតថា ក្មេងខ្លះ​ក៏​មិនមានឪពុកម្តាយ ដូចដែលគេប្រាប់ ក្មេងខ្លះក៏មានឪពុកម្តាយ ជាអ្នកធ្វើការសំណង់ និងអ្នកអ្នកថែ​សួនជា​ដើម។ លោកតែងបានបណ្ដេញអ្នកសុំទានទាំងនោះ កុំឱ្យដើសុំត្រេងត្រាង នៅតាមផ្លូវ។ ប៉ុន្តែទោះជា​ព្យាយាម​ដេញពួកគាត់ យ៉ាងណាក៏ដោយ ក៏មិនយូរឡើយ ពួកគាត់នៅតែមកវិញដដែល។ ជីវភាពខ្វះខាត និងក្រពះ ត្រូវ​តែបង្ខំឲ្យពួកគេធ្វើដូច្នេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...