«វិថីនារី» ភាពយន្តដែលលើកដម្កើងតម្លៃនារីក្នុងសង្គម
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី០២ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 04, 2014
- ប្រធានបទ: សំពត់ស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភាពយន្ត«វិថីនារី» មិនត្រឹមតែលើកតម្កើងជីវិតរបស់នារី ក្នុងសង្គមនោះទេ ប៉ុន្តែវាថែមបានឆ្លុះបង្ហាញ ពីជីវិតរបស់យុវវ័យ និងជាសារដើម្បីពញ្ញាក់អារម្មណ៍របស់យុវវ័យ ដែលដើរលេងភ្លើតភ្លើន មុនពេលភ្ញាក់ខ្លួនដើរមករកផ្លូវត្រូវវិញ។ នេះបើតាមការរៀបរាប់របស់អ្នកនាង ព្រំ រដ្ឋា ចាងហ្វាងផលិតកម្ម PR Production។
តារាសម្តែងដែលល្បីឈ្មោះសុះសាយ ក្នុងរឿងម៉ាក់ថឺងរូបនេះ បានថ្លែងបន្ត នៅក្នុងកម្មវិធីក្រុងពាលី កាលពីថ្ងៃទី៣១ តុលា ២០១៤ កន្លងទៅថា មូលហេតុដែលជម្រុញឱ្យអ្នកនាង បង្កើតជាផលិតកម្មថ្មីនេះឡើង ជាពិសេសផលិតរឿង «វិថីនារី» ដោយសារតែចិត្តស្រឡាញ់ ចង់លើកតម្កើងវិស័យសិល្បៈ ជាពិសេសភាពយន្តខ្មែរ ឱ្យមានការរីកចម្រើន និងប្រកួតប្រជែងជាមួយភាពយន្តបរទេស ខណៈដែលពេលនេះ ភាពយន្តរបស់ថៃកំពុងមានវត្តមានឡើងវិញ នៅកម្ពុជា។
ខ្សែភាពយន្តដែល ស្ទើរតែ៧០% ជាប្រភេទរឿងពិតនៅក្នុងសង្គមមួយនេះ នឹងផ្តើមចេញថត នៅដើមខែវិច្ឆិកានេះ ដោយចំណាយពេលថត ប្រមាណជាង២ខែ ហើយរឿងនេះ នឹងគ្រោងចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ ស៊ីធីអ៊ីន ផងដែរ។
អ្នកមេម៉ាយកូនមួយ ជាម្ចាស់ផលិតកម្មថ្មីរូបនេះ បានសម្តែងសុទិដ្ឋិនិយមថា ភាពយន្តដែលបើកឆាកដំបូង ក្នុងផលិតកម្មរបស់អ្នកនាង នឹងទទួលបានជោគជ័យ ដោយខ្សែរភាពយន្តមួយនេះ បានចំណាយដើមទុនខ្ពស់ និងមានសុទ្ធតែតារាល្បីៗ ចូលរួមសម្តែងដូចជា លោក ហេង ប៊ុនលាភ - ឌឹម ឧត្តម - កញ្ញា ពៅ លីដា - ទេព សម្ផស្ស - អ៊ិន វលក្ខណ៍ទេពី - សូដា នីតា និងតារាល្បីមួយចំនួនទៀត ហើយក្នុងនោះ អ្នកនាងខ្លួនឯង ក៏ជាតួសម្តែងមួយរូប ក្នុងភាពយន្ដនេះផងដែរ៕