យឹម សុវណ្ណ៖ បក្ស​ប្រជាជន​យក​ឆន្ទៈ​រាស្ត្រ ទៅ​ចាក់​ចោល​ក្នុង​«បឹង​ទំពុន»

គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាមានប្រធាន អនុប្រធានទី១, អនុប្រធានទី២ និងប្រធានគណៈកម្មការជំនាញ ទាំង​ប្រាំបួននាក់ផ្សេងទៀតរបស់រដ្ឋសភាបានបើកកិច្ចប្រជុំ«បិទទ្វារ» នារសៀលម៉ោងបីថ្ងៃទី០៨ ខែតុលានេះ ដើម្បីប្រជុំ​«ជ្រើសតាំង»សមាជិកសមាជិកាគណៈកម្មការជំនាញ នៃរដ្ឋសភាទាំងប្រាំបួនគណៈកម្មកា ដែលនឹងត្រៀមដាក់​បញ្ចូល​ក្នុងកិច្ចប្រជុំ«ពេញអង្គ»រដ្ឋសភានាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ខាងមុខ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: October 08, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាមានប្រធាន អនុប្រធានទី១, អនុប្រធានទី២ និងប្រធានគណៈកម្មការជំនាញ ទាំង​ប្រាំបួននាក់ផ្សេងទៀតរបស់រដ្ឋសភាបានបើកកិច្ចប្រជុំ«បិទទ្វារ» នារសៀលម៉ោងបីថ្ងៃទី០៨ ខែតុលានេះ ដើម្បីប្រជុំ​«ជ្រើសតាំង»សមាជិកសមាជិកាគណៈកម្មការជំនាញ នៃរដ្ឋសភាទាំងប្រាំបួនគណៈកម្មកា ដែលនឹងត្រៀមដាក់​បញ្ចូល​ក្នុងកិច្ចប្រជុំ«ពេញអង្គ»រដ្ឋសភានាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ខាងមុខ។


លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ។ (រូបថត គណបក្ស)

រាជធានីភ្នំពេញ - «បើគណបក្សប្រជាជនកម្ពុជាចង់ធ្វើអ្វីដោយខុសច្បាប់ និងដោយម្នាក់ឯងនោះ ក៏ធ្វើទៅចុះ។ យើងខ្ញុំ​មិនខ្វាយ(ខ្វល់)ទេ លោក(គណបក្សប្រជាជនកម្ពុជា) អញ្ជើញធ្វើតាមចិត្តរបស់លោកទៅ ឲ្យតែលោកយក​ឆន្ទៈរបស់​រាស្រ្ត​ជាងកន្លះប្រទេសទៅបោះចោលនៅបឹងទំពុន ក៏ធ្វើទៅ។ ចំពោះយើងខ្ញុំ បើកាលណាមិនមានការឯកភាពគ្នាទេ ហើយបើ​ចូលទៅកែទម្រង់អ្វីមិនបាន ចូលទៅសម្រាប់តែជាការលម្អ ឲ្យគណបក្សកាន់អំណាច ពួកយើងខ្ញុំតស៊ូតាម​ចិញ្ចើមថ្នល់​ល្អ​ជាង។» នេះជាការលើកឡើង របស់លោក យឹម សុវណ្ណ អ្នកនាំ​ពាក្យគណបក្សសង្ក្រោះជាតិ​ក្នុងកិច្ចសម្ភាសមួយ ជាមួយ​ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា គណបក្សលោកមិនខ្វល់ និងមិនចាប់អារម្មណ៍ចំពោះរាល់កិច្ចការ ដែលដំណើរការ​ដោយរដ្ឋសភា និងរដ្ឋាភិបាលដោយខុសច្បាប់រដ្ឋធម្មនុញ្ញនោះទេ។ លោកបានបញ្ជាក់ពីគោលជំហររបស់គណបក្សថា នឹងនៅតែបន្តរការទាមទារឲ្យមានការស្វែងរកការពិតឲ្យទាល់តែបាន និងជម្រុញឲ្យមានការកែរទម្រង់ពិតប្រាកដមួយ ដែលមិនមែនជាការកែទម្រង់តែលើ«ក្រដាស»នោះទេ។

លោកថា គណបក្សសង្គ្រោះជាតិបានផ្តល់«អនុសាសន៍»ក្នុងការទាមទារួចរាល់អស់ហើយ នៅតែការពិចារណារបស់​គណបក្សប្រជាជនតែប៉ុណ្ណោះ។ លោកបន្ថែមថាទាំងនេះជាលក្ខខ័ណ្ឌចាំបាច់«អប្បរមា»របស់គណបក្សសង្គ្រោះជាតិ ដែលតំណាងដោយឆន្ទៈប្រជាពលរដ្ឋជិតកន្លះប្រទេស ។

លោក យឹម សុវណ្ណ បានថ្លែងបញ្ជាក់ទៀតថា «រដ្ឋសភា និងរដ្ឋាភិបាលដែលបង្កើតឡើងដោយមិនស្របនឹង"រដ្ឋធម្មនុញ្ញ" មិនមានន័យអ្វីចំពោះប្រជាជាតិ​ខ្មែរនោះទេ។ (…) ទោះបីបើរដ្ឋសភា និងរដ្ឋភិបាលនេះមានដំណើរការក៏ដោយ តែជំនួយ​អន្តរជាតិគេកំពុងតែពិចារណា ឯអ្នកវិនិយោគមិនមានទាក់ទងមករកស៊ីនៅស្រុកខ្មែរទេ។»

ឯលោក ឈាង វុន មន្ត្រីជាន់ខ្ពស់រដ្ឋសភាកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបងយល់ថា គណបក្សប្រជាជន​កម្ពុជាមិនមានអ្វីត្រូវ«ខ្វល់ខ្វាយ»នោះទេ។ មន្រ្តីរូបនេះបន្តរថា ករណីចូលរួមក្នុងរដ្ឋសភា ឬមិនចូលរួម (វា)ជារឿងរបស់​គណបក្សសង្គ្រោះជាតិ ម្យ៉ាងទៀតគណបក្សនេះ (គណបក្សសង្គ្រោះជាតិ) ចាំតែទទួលខុសត្រូវចំពោះមុខ​អ្នក​បោះឆ្នោត​ឲ្យខ្លួនទៅ។ លោកបានបញ្ជាក់យ៉ាងខ្លីថា «ក្នុងកិច្ចប្រជុំនៃគណម្មការអចិន្ត្រៃយ៍នេះ មិនមានអ្វីពាក់ព័ន្ធជាមួយនឹង​គណបក្ស​សង្គ្រោះជាតិនោះទេ ព្រោះគាត់ (គណបក្សសង្គ្រោះជាតិ) មិនបានចូលរួមប្រជុំសភាដំបូងផង! មានគាត់ពីណាមក សមាជិក​នៃគណកម្មការ នេះមិនមានគណបក្សសង្គ្រោះជាតិនោះទេ។»

ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បន្ទាប់ពីបានចុះឈ្មោះបោះឆ្នោតកាលពីថ្ងៃទី៧ ខែតុលាម្សិលម៉ិញនេះ បានបញ្ជាក់ថា លោកនឹងចេញទៅប្រទេសមួយចំនួននៅទ្វីបអ៊ឺរ៉ុប ក្នុងគោលបំណងដើម្បីស្នើ ឲ្យអន្តរជាតិ កុំទទួលស្គាល់​រដ្ឋាភិបាលកម្ពុជា ដែលជារដ្ឋាភិបាលមួយ«មិនគ្រប់ទឹក» និងកុំឲ្យធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារ​ផ្សេងៗទៀតផ្តល់កម្ចីដល់រដ្ឋាភិបាលលោក ហ៊ុន សែនមួយនេះ។

ជាមួយគ្នានេះ នៅលើហ្វេសប៊ុករបស់លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរបន្ទាប់ពីលោកបានចេញ​ទៅ​ប្រទេស​ប្រ៊ុយណេ ដើម្បីចូលរួមប្រជុំកំពូលផ្តោត​ទៅលើ​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ច ស្ថិរភាពនយោបាយសង្គម និងវប្បធម៍ (23rd ASEAN SUMMIT 2013) ដូចនេះថា «លោកមាន​គោល​នយោបាយពង្រឹង និងពង្រីកសហប្រតិបត្តិការអន្តរជាតិ បង្កើនមិត្ត ស្វែងរកជំនួយ អភិវឌ្ឍន៍ប្រទេស​ដែលជាសេចក្តី​ត្រូវ​ការចាំបាច់សម្រាប់កម្ពុជា នឹងជាភាពសុខសាន្ត សប្បូរសប្បាយ​សុខ​ដុមរម្យនា ដែលជាបំណងប្រាថ្នារបស់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស»។ សំណេរនៅលើហ្វេសប៊ុកលោក បានចាត់ទុកថា «នយោបាយសុំ​បរទេសផ្តាច់ជំនួយខ្មែរ ជាការបំផ្លាញប្រទេសកម្ពុជា​ទាំងស្រុង»។

សូមរម្លឹកថាកាលពីរសៀលថ្ងៃទី៦ ខែតុលា កន្លងមកនេះ គណបក្សសង្គ្រោះជាតិបានរៀបចំសមាជមហាជនរបស់ខ្លួនមួយ នាទីលានប្រជាធិបតេយ្យដើម្បីបង្ហាញនូវជំហរ និងការសម្រេចចិត្តចំពោះ«យុទ្ធនាការ»ស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោតថា នឹងធ្វើការស្វែងរកការពិត នៃភាពមិនប្រក្រតីនៃការបោះឆ្នោត។ សមាជនោះដដែល ក៏បានកំណត់ សុំឲ្យមានកំណែទម្រង់​ស្ថាប័នរដ្ឋ ស្ថាប័នតុលាការ ស្ថាប័នអំពើពុករលួយ ប្រព័ន្ធបោះឆ្នោត និងសុំឲ្យមានឯករាជ្យភាពនៃប្រព័ន្ធផ្សព្វផ្សាយ។ ធ្វើ​ឲ្យមាន​តុល្យភាពនៃអំណាចរវាងគណបក្សទាំងពីរក្នុងរដ្ឋសភា។

លោក ហូ វ៉ាន់ មន្រ្តីនៃគណបក្សសង្គ្រោះជាតិក៏បានបញ្ជាក់ដែរថា នឹងមានការជួបជុំមួយទៀត​នៅ​ថ្ងៃទី២៣តុលាខាង​មុខ​នេះ ដើម្បីបង្ហាញពីស្នាមមេដៃម្ចាស់ឆ្នោតប្រហែលជាបីលាននាក់ ក្នុងការដាក់អំពាវនាវអោយប្រទេសហត្ថលេខី​នៃកិច្ច​ព្រមព្រៀងទីក្រុងប៉ារីស ស្តីពីកម្ពុជា ពិនិត្យឡើងវិញនូវការអនុវត្តន៍កិច្ចព្រមព្រៀងនេះទាក់ទងនឹងការបោះឆ្នោត ការគោរព​សិទ្ធិមនុស្ស និងបូរណភាពទឹកដីជាដើម៕

---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ថ្ងៃទី០៨ តុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...