បញ្ជូនសកម្មជនបក្សប្រឆាំងទាំងបី ទៅឃុំនៅព្រៃសរ បន្ទាប់ពីសម្ដី ហ៊ុន សែន
- ដោយ: ដារា រិទ្ធ អត្ថបទ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ សីហា ២០១៥
- កែប្រែចុងក្រោយ: August 06, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីដាក់ឃុំសកម្មជនប្រឆាំង ទាំង១១នាក់ឡើងវិញ និងនៅក្រោយពេលមិនដល់ ២៤ម៉ោង នៃការថ្លែងជាសាធារណៈ របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ឲ្យប្រកាសតាមចាប់ខ្លួន អ្នកជាប់ពាក់ព័ន្ធបន្ថែម ក្នុងអំពើហិង្សានៅស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤នោះ សកម្មជនបីនាក់ ពីក្នុងចំណោម៥នាក់ផ្សេងទៀត របស់គណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរចាប់ខ្លួន ជាបន្តបន្ទាប់ និងត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យឃុំខ្លួន ជាបណ្ដោះអាសន្ន ក្រោមបទចោទចូលរួមអំពើកុបកម្ម នៅថ្ងៃទី៥ ខែសីហានេះ។ សកម្មជនទាំងបីនាក់នោះ មានលោក គឹម ហួរ អាយុ២៨ឆ្នាំ លោក រឿន ចិត្រា អាយុ៣៣ឆ្នាំ និងលោក យា ថុង អាយុ២៧ឆ្នាំ។
កាលពីថ្ងៃចន្ទ លោក ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរ តាមចាប់ខ្លួនជន ដែលពាក់ព័ន្ធនឹងអំពើហិង្សា ដើម្បីយកមកផ្ដន្ទាទោស។ លោកនាយករដ្ឋមន្ត្រី បានថ្លែងដោយការក្ដៅក្រហាយថា៖ «កុំថារឿងនេះជារឿងនយោបាយ ហើយកិច្ចព្រមព្រៀង មើលកិច្ចព្រមព្រៀង ២២ ខែកក្កដា ព្រោះវាអត់មានកិច្ចព្រមព្រៀងមួយណា វាអាចទៅត្រួតត្រា អាបទល្មើសព្រហ្មទណ្ឌបានទេ»។
សកម្មជនទាំងបី ត្រូវបានចៅក្រមស៊ើបសួរ លោក កែវ មុនី សម្រេចចេញដីកាឃុំខ្លួនភ្លាមៗ នៅពន្ធនាគារព្រៃស បន្ទាប់ពីបានចំណាយពេល សាកសួរប្រមាណជា ៦ម៉ោង នៅថ្ងៃទី៥ សីហា។ ចំណែកសកម្មជន ២នាក់ផ្សេងទៀត ក្នុងចំណោមប្រាំនាក់នោះ កំពុងត្រូវបានអាជ្ញាធរ ស្វែងរកចាប់ខ្លួន ប៉ុន្តែអាជ្ញាធរមិនបានបញ្ចេញឈ្មោះ ឲ្យដឹងនោះទេ។ លោក សំ សុគង់ មេធាវីការពារក្ដីឲ្យជនត្រូវចោទ បានថ្លែងថា ការចោទប្រកាន់ ហើយឈានទៅចាប់ខ្លួន កូនក្តីរបស់លោកនេះ ទំនងធ្វើឡើងតាមរយៈខ្សែអាត់វីដេអូ។
លោកមេធាវី សំ សុគង់ បានស្រង់ការអះអាង របស់កូនក្ដីរបស់លោកទាំងបី ដែលបាននិយាយ នៅចំពោះមុខចៅក្រមស៊ើបសួរ មកបញ្ជាក់ថា ពួកគេបានចូលរួមធ្វើបាតុកម្ម ដោយសន្តិវិធី ហើយពួកគេមិនបានប្រព្រឹត្តបទឧក្រិដ្ឋ ឬបង្កអំពើហឹង្សា ដូចជាការការចោទប្រកាន់ របស់តុលាការឡើយ។ លោកមេធាវី បានបន្ថែមទៀតថា វីដេអូដែលតុលាការបានបង្ហាញនោះ ក៏មិនបានឃើញ ពីសកម្មភាពធ្វើអំពើហិង្សានោះដែរ ដោយគ្រាន់តែ ឃើញវត្តមានរបស់ពួកគេ នៅពេលធ្វើបាតុកម្មនោះប៉ុណ្ណោះ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុនី ដែលជាអ្នកចុះហត្ថលេខា លើដីកាកោះ និងសម្រេចឲ្យឃុំខ្លួននោះ មិនបានឆ្លើយតប នឹងការសាកសួរ របស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូឡើយ ដោយលោកគ្រាន់បញ្ជាក់យ៉ាងខ្លីថា៖ «ខុសនីតិវិធី»។
ប៉ុន្តែសម្រាប់គណបក្សសង្គ្រោះជាតិវិញ បានហៅការចាប់ខ្លួននេះ ថាជាការគំរាមកំហែង សកម្មជនគណបក្សសង្គ្រោះជាតិ មិនឲ្យបំពេញតួនាទីរបស់ខ្លួនបាន ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា នេះ គណបក្សប្រឆាំងបានសម្ដែងការសោកស្ដាយ ចំពោះការចាប់ខ្លួន និងអំពាវនាវ ឲ្យដោះលែងសកម្មជនទាំងនេះ ដោយគ្មានលក្ខខណ្ឌ ក៏ដូចជាបញ្ឈប់ជាបន្ទាន់ នូវការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីចោទប្រកាន់ និងចាប់ខ្លួន។
ប្រតិកម្មទៅនឹងសេចក្ដីថ្លែងការណ៍ របស់គណបក្សប្រឆាំង លោក សុខ ឥសាន មន្ត្រីអ្នកនាំពាក្យគណបក្សកាន់អំណាច បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានបែងចែកយ៉ាងច្បាស់អំពីច្បាប់ និងនយោបាយ ហើយការចាប់ខ្លួនសកម្មជន របស់គណបក្សសង្រ្គោះជាតិ នាពេលនេះ គឺជាអំណាចផ្តាច់មុខរបស់តុលាការ។
ចំពោះមន្ត្រីឃ្លាំមើល របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំអាត បានបង្ហាញភាពចម្លែក ពីករណីចាប់ខ្លួននេះ និងគិតថា ការចាប់ខ្លួននេះ មានលក្ខណៈ ជារូបភាពនយោបាយច្រើនជាង។ លោក បានថ្លែងឡើងថា បន្ទាប់ពីលោក ហ៊ុន សែន បានប្រកាសជាសាធារណៈ មិនបានប៉ុន្មានម៉ោងផង ស្រាប់តែមន្ត្រីតុលាការ និងមន្ត្រីនគរបាល នាំគ្នាអនុវត្តការប្រកាសនោះ យ៉ាងមានប្រសិទ្ធភាព។ លោក សំអាត បានថ្លែងឡើងថា៖ «រឿងនេះ វាជាងមួយឆ្នាំហើយ ដំណើរការវាជាបន្តបន្ទាប់ ហើយហេតុអីជនត្រូវចោទហ្នឹង ទើបតែសម្ដេចស្រែក បានតុលាការចេញដីកាចាប់ខ្លួន ជាបន្តបន្ទាប់ដូច្នេះ?»៕