ហ៊ុន សែន ផ្សាយ«ពាណិជ្ជកម្ម»ឲ្យ ធី សុវណ្ណថា
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី០១ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 01, 2016
- ប្រធានបទ: បរិស្ថាន-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គេគ្រាន់តែរង់ចាំមើល ថាតើបន្តិចទៀត កញ្ញា ធី សុវណ្ណថា ដ៏ល្បីល្បាញ នឹងត្រូវដើរតាមលោក ហ៊ុន សែន នៅគ្រប់កម្មវិធីទាំងអស់ ឬយ៉ាងណា? ព្រោះក្នុងពេលនេះ លោក ហ៊ុន សែន បានថ្លែងសរសើរតារាហ្វេសប៊ុករូបនេះ ជាច្រើនម៉ាត់ ទាក់ទងនឹងការចុះទៅកាន់តំបន់អារ៉ែង កាលពីពេលកន្លងមក ដែលលោកនាយករដ្ឋមន្ត្រីកម្ពុជានិយាយថា ជាសកម្មភាពការពារបរិស្ថាន។
ថ្លែងក្នុងទិវាមច្ឆាជាតិ នៅអាងទឹកអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ហ៊ុន សែន បានប្រកាសឡើងថា៖ «កញ្ញា ធី សុវណ្ណថា ដែលជាគេហៅថា អ្នកលេងខាងហ្វេសប៊ុក គាត់ធ្លាប់ដឹកនាំក្រុមធ្វើដំណើរ ទៅតំបន់អារ៉ែង។ អញ្ចឹងទេ អាហ្នឹងវាជាចលនាជួយការពារមួយ ជំរុញលើកទឹកចិត្តឲ្យពួកគាត់បន្តទៅ។»។
ជាលើកដំបូងបង្អស់ ដែលនាយករដ្ឋមន្ត្រីកម្ពុជា បានលើកយកកញ្ញា ធី សុវណ្ណថា អតីតអ្នកវាយប្រហារលើលោកមិនសំចៃមាត់ ដែលសព្វថ្ងៃជាប្រធានអង្គការយុវជនកិច្ចការសង្គម មកថ្លែងសរសើរជាសាធារណៈ បន្ទាប់ពីរឿងរ៉ាវប្ដឹងផ្ដល់ ពីសំណាក់តារាហ្វេសប៊ុករូបនេះ ធ្វើទៅលើលោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ។
លោកនាយករដ្ឋមន្ត្រី បានបន្តទៀតថា៖ «វាអត់មានអីខុសទេ ឲ្យទៅជួយការពារព្រៃឈើ កុំទៅជួយកាប់ឈើ កុំទៅជួយលួចលាក់ឈើ ប៉ុន្តែប្រជាពលរដ្ឋ ទាំងអស់ស្រឡាញ់ព្រៃឈើ ហើយគាត់ក៏ចូលរួមស្អប់ខ្ពើមចំពោះឈ្មួញ និងពួកអ្នកកាប់ឈើដែរ»។
សម្រាប់សកម្មភាពថ្មីៗ របស់កញ្ញា ធី សុវណ្ណថា វិញ គេមិនបានឃើញនាង ចុះទៅកាន់តំបន់អារ៉ែងជាថ្មីទៀត ឬទៅកាន់តំបន់ ដែលរងគ្រោះផ្នែកបរិស្ថាន ណាផ្សេងទៀត ក្រៅតែពីសកម្មភាពបើកវេទិកា ជួបនិយាយទៅកាន់ពលរដ្ឋ ឬការចុះចែកអំណោចនោះឡើយ។ នៅក្នុងវេទិកាទាំងនោះភាគច្រើន កញ្ញា ធី សុវណ្ណថា បានថ្លែងផ្ដោតសំខាន់ តែទៅលើរឿងរ៉ាវ ទាក់ទងនឹងលោក កឹម សុខា និងវឿងរ៉ាវបែកធ្លាយសម្លេងខ្សែអាត់ ដែលគេចោទថា ជាសម្លេងសាសងស្នេហារវាងលោក កឹម សុខា និងស្ត្រីជាងធ្វើសក់ម្នាក់។
អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានចោទប្រកាន់កញ្ញា ធី សុវណ្ណថា ថាបានធ្វើសកម្មភាពចុះទៅកាន់តំបន់អារ៉ែង ឬទៅកាន់ទីណាផ្សេងទៀតនោះ ដើម្បីគ្រាន់តែយក«មុខ» ហើយថតរូបសម្រាប់បង្ហោះផ្សាយ តាមហ្វេសប៊ុកប៉ុណ្ណោះ។ ប៉ុន្តែការចោទប្រកាន់នោះ ត្រូវបានកញ្ញា ធី សុវណ្ណថា អះអាងពីការបរិហារកេរ្តិ៍ ហើយកញ្ញាបានដាក់ពាក្យបណ្ដឹងជាបន្តបន្ទាប់ ទៅកាន់តុលាការ ដើម្បីប្ដឹងជនដែលផ្សព្វផ្សាយករណីទាំងនេះ តាមបណ្ដាញសង្គម៕