អ្នកគាំទ្រស្វែងរកកិច្ចអន្តរាគម ឲ្យ អាឡិច អាចបន្តនៅកម្ពុជា
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី២០ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 20, 2015
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមយុវជន អ្នកគាំទ្រលោក អាឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) សកម្មជនបរិស្ថានជាតិអេស្ប៉ាញ បានស្វែងរកកិច្ចអន្តរាគមន៍ ពីរដ្ឋសភាជាតិ ជួយអន្តរាគមន៍ ដើម្បីជួយជនជាតិអេស្ប៉ាញម្នាក់នេះ ឲ្យបន្តទិដ្ឋាការ រស់រស់នៅក្នុងប្រទេសកម្ពុជា បានទៅទៀត។ លោក ហូរ វ៉ាន់ ប្រធានគណៈកម្មការទី១០ - លោក ញ៉យ ចំរើន សមាជិកគណៈកម្មការទី៥ និង លោក គង់ សភាសមាជិកគណ:កម្មការទី១ និងសុទ្ធជាតំណាងរាស្រ្ត មកគណបក្សសង្គ្រោះជាតិ បានចេញមកទទួលញត្តិ ពីក្រុមយុវជនទាំងនោះ។ ប៉ុន្តែ មិនមានវត្តមានមន្រ្តី ឬតំណាងរាស្រ្ត មកពីគណបក្សប្រជាជនកម្ពុជាណាម្នាក់ ចេញមកទទួលញត្តិ ពីក្រុមយុវជនឡើយ។
ក្រៅពីក្រុមយុវជន ក៏នៅមានអង្គការសង្គមស៊ីវិលប្រមាណជិត២០០អង្គការ ក៏បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយបានសូមសំណូមពរយ៉ាងទទូច ដល់រដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងមហាផ្ទៃ ផ្តល់ទិដ្ឋាការជាថ្មីដល់លោក អេឡិច អាចបន្តរស់នៅកម្ពុជាបានទៅទៀត។ ក្នុងសេចក្តីថ្លែងការណ៍នោះ បានសរសេរថា៖ «យើងខ្ញុំជាអង្គការសង្គមស៊ីវិល សូមសំណូមពរយ៉ាងទទូច ដល់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ មេត្តាបន្តទិដ្ឋាការដល់លោក អាឡិចហ្សង់ដ្រូ ហ្គន់ហ្សេលេស ដេវីដសុន ជនជាតិអេស្ប៉ាញ ជាអនុប្រធានចលនាមាតាធម្មជាតិ និងជាសកម្មជនបរិស្ថាន ដើម្បីបន្តការស្នាក់នៅក្នុងប្រទេសកម្ពុជា និងចូលរួមសកម្មភាពអភិរក្ស និងការពារធនធានធម្មជាតិ នៅតំបន់អារ៉ែងបន្តទៀត។»
ក្រុមអង្គការសង្គមស៊ីវិល បានសរសេរបន្តថា លោក អេឡិចហ្សង់ដ្រូ ជាជនបរទេសមួយរូប ដែលកំពុងចូលរួមសកម្មភាពថែរក្សា និងការពារធនធានធម្មជាតិ យ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជា។ សកម្មភាពនេះ ត្រូវបានអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ក្រុមយុវជនការពារបរិស្ថាន ប្រជាពលរដ្ឋកម្ពុជាមួយចំនួននៅក្នុង និងក្រៅប្រទេស ជាពិសេស សហគមន៍តំបន់ ឆាយអារ៉ែង ទទួលស្គាល់ និងគាំទ្រនូវសុឆន្ទៈ និងសមិទ្ធិផលរបស់គាត់ ដូចជា ការលើកកំពស់ចំណេះដឹង ដល់សហគមន៍ពីសិទ្ធិស្របច្បាប់ វប្បធម៌ ប្រពៃណី និងធនធានធម្មជាតិ។
លោក អេឡិច ត្រូវបានវិទ្យុសម្លេងប្រជាធិបតេយ្យ ធ្វើការស្រង់មតិពីប្រជាពលរដ្ឋ យុវជន ក្នុងការគាំទ្រលោកឲ្យរស់នៅបន្តក្នុងទិកដីកម្ពុជា។ សំនួរស្ទង់មតិ ដែលវិទ្យុមួយនេះសួរថា៖ «តើអ្នកយល់ស្រប នឹងការសម្រេចរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តេញសកម្មជន ការពារបរិដ្ឋាន នៅតំបន់អារ៉ែង លោក អាឡិចហ្សង់ដ្រូ ហ្គន់ហ្សេលេស ដេវីដសុន ចេញពីប្រទេសកម្ពុជាឬទេ?» បានទទួលចម្លើយមកវិញថា ៩៨ភាគរយ«មិន»គាំទ្រ ១ភាគរយមិនដឹង និង១ភាគរយទៀតមិនគាំទ្រ។
ទាក់ទងនឹងករណីនេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានសរសេរក្នុងបណ្តាញសង្គមរបស់លោក បាញ់ឆ្ពោះទៅរកលោក សម រង្ស៊ី ប្រធានបក្សប្រឆាំង និងលោក កឹម សុខា អនុប្រធានទីមួយនៃរដ្ឋសភា ដែលថ្វាយលិខិតជូនព្រះមហាក្សត្រកម្ពុជា ដើម្បីជួយអន្តរាគមន៏ដល់លោក អេឡិច បានបន្តរស់នៅក្នុងប្រទេសកម្ពុជា ដោយហៅលោកទាំងពីរថា មាន«ធាតុបរទេស»។ លោកបានសរសេរដូច្នេះថា៖ «លិខិតចំហរគោរពជូន ឯ.ឧ ប្រធាន និងអនុប្រធាន CNRP យើងខ្ញុំមិនបោះបង់អធិបតេយ្យភាពជាតិ ហែកច្បាប់អន្តោប្រវេសន៏ចោល ដែលមានព្រះហត្ថលេខាព្រះមហាក្សត្រខ្មែរ ប្តូរតម្លៃស្ថាប័នរដ្ឋ ដើម្បីជនបរទេសម្នាក់នោះទេ។ បើ ឯ.ឧ ទាំងពីរ មានធាតុខ្ញុំបរទេស សូមមេត្តាចាកចេញ ទៅនៅប្រទេសក្រៅទៅចុះ កុំនាំយើងខ្ញុំថោក។ (…) ពីយើងខ្ញុំមន្ត្រីរាជការ និងប្រជាពលរដ្ឋឯករាជ្យ។»
សូមរំលឹកដែរថា ថ្មីៗនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាននិយាយថាក្រសួង មិនបានដេញលោក អេឡិច ពីកម្ពុជាទេ តែសំណូមពរសុំឲ្យលោក (អាឡិច) ចាកចេញពីកម្ពុជា ជាបណ្តោះអាសន្នសិន។ បន្ទាប់មក សឹមដាក់ពាក្យស្នើរសុំទិដ្ឋាការ ចូលមកកម្ពុជាជាថ្មីវិញ៕