ហ៊ុន សែន៖ គ្មានការចាំបាច់ដាក់វិន័យ លើអ្នកណាទាំងអស់
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ មិថុនា ២០១៦
- កែប្រែចុងក្រោយ: June 30, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដូចនៅក្នុងអត្ថបទមុន ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានចុះផ្សាយរួចហើយ ថាវិធានការដាក់វិន័យ របស់លោក ហ៊ុន សែន ទៅលើមន្ត្រី«គ្រាក់» ដែលស្ថិតក្រោមបង្គាប់លោកនោះ មិនមែនជាវិធានការ«ស្ថាពរ»នោះឡើយ សម្រាប់សំនុំរឿងជម្លោះ រវាងមន្ត្រី«គ្រាក់»រូបនោះ នឹងមន្ត្រី«ថ្នាក់ក្រោម»មួយរូបទៀត។ វិធានការ«មិនស្ថាពរ»នេះ បានអនុញ្ញាឲ្យនាយករដ្ឋមន្ត្រីកម្ពុជា ផ្លាស់ប្ដូរវិធានការនេះជាថ្មីទៀត នៅយប់នេះ ដោយលោកបានសម្រេចថា នឹងមិនដាក់វិន័យទៅលើនរណាទាំងអស់។
» អានអត្ថបទដែលទាក់ទងឡើងវិញ៖ ហ៊ុន សែន ប្ដូរតំណែងឧត្ដមសេនីយ៍ម្នាក់ ដើម្បីទទួលបានការគាំទ្រ
នៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន មានសរសេរថា លោកឧត្តមសេនីយ៍ ម៉ម ស្រុីមវណ្ណា និងលោកអនុសេនីយ៍ សូត្រ កញ្ញា បានជួបគ្នា ហើយទទួលស្គាល់កំហុសរៀងៗខ្លួន ព្រមទាំងបានប្តេជ្ញាចិត្ត ខិតខំកែប្រែកសាងខ្លួន អោយក្លាយទៅជាមន្ត្រីល្អ ដើម្បីបម្រើប្រទេសជាតិ។ នាយករដ្ឋមន្ត្រីបានអះអាងថា សកម្មភាពនេះ បានធ្វើឲ្យលោកសប្បាយចិត្តណាស់ និងសង្ឃឹមថា ជាសកម្មភាពដែលកើតឡើង កាន់តែច្រើនជាមួយមន្ត្រីរាល់រូបនៅទូទាំងប្រទេស។
លោក បានសរសេរបន្តថា៖ «នេះជាការប្រែក្លាយ ពីស្ថានភាពចាញ់ចាញ់ ដែលមានកន្លងមកទៅ ជាស្ថានភាព ឈ្នះឈ្នះ នៅប៉ុន្មានម៉ោងមុននេះ។ ក្នុងស្ថានភាពបែបនេះ គ្មានការចាំបាច់ដាក់វិន័យអ្នកណាទាំងអស់។ ផ្ទុយទៅវិញខ្ញុំចាត់ទុកថាមន្ត្រីទាំង២ រូបបានជួយបង្កើតឡើង នូវវប្បធម៌នៃការផ្សះផ្សារ និងសាមគ្គីភាព ក្នុងចំណោមមន្ត្រីរួមការងារ បន្ទាប់ពីមានបញ្ហាជាមួយគ្នា។»។
និងបន្ទាប់មកទៀត នាយករដ្ឋមន្ត្រីបីទសវត្សន៍របស់កម្ពុជា បានប្រកាសលប់ចោល នូវអនុក្រិត្យសម្រេចដកលោក ម៉ម ស្រុីមវណ្ណា ចេញពីតួនាទី ដែលចេញផ្សាយកាលពីព្រឹកម៉ិញ។ លោកបានសរសេរទៀតថា៖ «ដើម្បីផ្តល់ឱកាស ដល់មន្រ្តីដែលបានខិតខំបម្រើ ប្រទេសជាតិ ហើយបានទទួលស្គាល់ នូវកំហុសរបស់ខ្លួន ខ្ញុំសម្រេចចិត្ត (ធ្វើ)និរាករណ៌ចោល នូវអនុក្រិត្យដែលខ្ញុំបានចុះហត្ថលេខា លើករណី ឧត្តមសេនីយ៌ ម៉ម ស្រ៊ីមវណ្ណា កាលពីព្រឹកម៉ិញនេះ ចាប់ពីពេលនេះតទៅ»។
ការសម្រេចរបស់លោក ហ៊ុន សែន បានបង្កឲ្យមានការគាំទ្រជាទូទៅ ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ដោយពួកគេចាត់ទុកថា លោក ហ៊ុន សែន ជាមេដឹកនាំដ៏ល្អ ដែលបានផ្ដល់យុត្តិធម៌ឲ្យមន្ត្រី ទាំងនៅជាន់ខ្ពស់ និងជាន់ក្រោម ស្មើរៗគ្នា។
ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនទៀត បានយល់ថា ករណីនេះ បើទោះជាបានកើតឡើងពិតមែន ពីដំបូងក៏ដោយ តែការចាប់ដៃគ្នាឡើងវិញ រវាងមន្ត្រីនគរបាលទាំងពីររូប អាចជាការបំភ័ន្តភ្នែក ដោយសារតែអ្នកដែលខាតបង់ច្រើនជាងគេ គឺលោកឧត្ដមសេនីយ៍ ម៉ម ស្រុីមវណ្ណា ខណៈចំណាត់ការរបស់នាយករដ្ឋមន្ត្រី ដែលបានរារែក និងផ្លាស់ប្ដូរការសម្រេចចិត្តរបស់ខ្លួនជាច្រើនដង នៅក្នុងរយៈពេលមិនដល់មួយថ្ងៃនេះ អាចជាឆាកល្ខោនមួយ ដើម្បីធ្វើប្រជាភិថុតិ។ អ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះទៀត បានយល់ថា លោកហ៊ុន សែន បានបង្វែចំណាប់អារម្មណ៍ ពីការថ្លែងជាសាធារណៈ នូវការពាក្យ«ជេរប្រទេច អាម៉ឹង»របស់លោក កាលពីព្រឹកថ្ងៃពុធម្សិលម៉ិញ មកជារឿងដោះស្រាយជម្លោះ រវាងមន្ត្រីក្រោមបង្គាប់ទៅវិញ។
គេបានឆ្ងល់បន្ថែមថា បើគ្មានប្រតិកម្មពីលោក ហ៊ុន សែន តើលោកឧត្ដមសេនីយ៍ ម៉ម ស្រុីមវណ្ណា ដែលបានឈរយ៉ាងខែងរ៉ែង ផ្សំគំនិតទូរស័ព្ទទៅស្នងការក្រុង ឲ្យចាត់វិធានការលើមន្ត្រីថ្នាក់ក្រោមនេះ អាចងាកមកចាប់ដៃលោកអនុសេនីយ៍ឯក សូត្រ កញ្ញា ដែរឬទេ? សំនួរមួយទៀតសួរបន្តថា តើលោក ហ៊ុន សែន ចាំបាច់ត្រូវសម្ដែង«ក្ដីសង្ឃឹម»របស់លោក ដើម្បីឲ្យមន្ត្រីនៅទូទាំងប្រទេស ធ្វើនូវសកម្មភាពផ្សះផ្សារបែបនេះឬ?