ចម្រៀងជប៉ុនមួយបទនេះ ថតនៅក្នុងតំបន់អង្គរ (vdo)
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី០៥ សីហា ២០១៥
- កែប្រែចុងក្រោយ: August 06, 2015
- ប្រធានបទ: ចម្រៀង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាង មីយ៉ាវ៉ាគី ស៊ូន តារាចម្រៀងជប៉ុន បានជ្រើសរើសតំបន់ប្រាង្គប្រាសាទដ៏ល្បីរបស់ខ្មែរ ដើម្បីថតចម្រៀងកាយវិការរបស់នាង ជាពិសេសសម្រាប់ចម្រៀង មនោរសញ្ចេតនាមួយ ដែលមានចំណងជើងថា «បងតែម្នាក់ប៉ុណ្ណោះ ដែលអូនស្រមៃនឹក នៅក្នុងលោកនេះ» ដែលផលិតដោយក្រុម «Avex Group» ដ៏ធំរបស់ជប៉ុន ដែលមានជំនាញខាងការកំសាន្ដ។
តារាចម្រៀងភ័ក្រស្រទន់ នាង មីយ៉ាវ៉ាគី អាយុ២៥ បានចេញមកប្រឡូក ក្នុងវិស័យចម្រៀង នៅអាយុ១២ឆ្នាំ ដោយបានយកប្រភេទចម្រៀង បែប«Pop» ដែលជាប្រភេទចម្រៀង ដ៏ពេញនិយមនៅជប៉ុន មកច្រៀង។ ថាសចម្រៀងចេញថ្មី របស់នាង ដែលមានចំណងជើង «ស្ត្រី (Girl)» ជាថាសចម្រៀងដំបូង ដែលច្រៀងដោយនាង តែម្នាក់ឯង ហើយត្រូវបានរៀបចំធ្វើ តាំងពី២ឆ្នាំមកហើយ។ នៅក្នុងថាសចម្រៀងនោះ មានបទ «បងតែម្នាក់ប៉ុណ្ណោះ ដែលអូនស្រមៃនឹក នៅក្នុងលោកនេះ» ដែលជាបទទីពីរ។
ដំណើរការថតចម្រៀងនេះ នៅក្នុងប្រទេសកម្ពុជា នាង មីយ៉ាវ៉ាគី និងក្រុមការងារ មិនត្រឹមតែបានជ្រើសរើស តំបន់ប្រាង្គប្រាសាទ ដើម្បីថតនោះទេ តែនៅមានទីកន្លែង ជាច្រើនទៀត ក៏ត្រូវបានជ្រើសរើស ធ្វើជាឈុតឆាកសម្រាប់ថតចម្រៀងរបស់នាងនោះដែរ។ ទីកន្លែងនោះ រាប់បញ្ចូលទាំងក្រុងសៀមរាប និងនៅតាមវាលស្រែ ដាច់ស្រយ៉ាល ដែលពោរពេញដោយ ទេសភាពដ៏ត្រកាលនោះផង។
សូមបញ្ជាក់ដែរថា ចម្រៀង «បងតែម្នាក់ប៉ុណ្ណោះ ដែលអូនស្រមៃនឹក នៅក្នុងលោកនេះ» ដែលត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គម បានទទួលការចែករំលែក ដល់ទៅជាង១០០០ដងហើយ គ្រាន់តែក្នុងរយៈពេល មិនដល់មួយថ្ងៃផង៕
» សូមទស្សនារូបថតមួយចំនួន និងវីដេអូចម្រៀង «បងតែម្នាក់ប៉ុណ្ណោះ ដែលអូនស្រមៃនឹក នៅក្នុងលោកនេះ»៖