លីលី ជំនួស សូដានីតា ដើម្បីបានកាន់តំណែងក្នុងទូរសទ្សន៍ពីរ
ក្រោយពេលធ្វើជាតារាបង្ហាញម៉ូដ និងជាតារាសម្តែងមានឈ្មោះល្បីបង្គួរនោះមក កញ្ញាលីលីបានបាត់ខ្លួនមួយរយៈ។ ប៉ុន្តែថ្មីៗនេះ នាងបានត្រឡប់មកវិញ ហើយថែមទាំងបានផ្លោះមួយជំហ៊ានយ៉ាងធំ នោះគឺចូលទៅកាន់តួនាទី ជាពិធីការិនីប្រចាំទូរទស្សន៍ប៉ុស្ដិ៍លេខ៩មួយទៀត ខណៈពេលមុននេះ នាងបានធ្វើនៅស្ថានីយ៍ទូរទស្សន៍អប្សរារួចហើយនោះ។
កញ្ញា លីលី ពិធីការិនីថ្មី ប្រចាំកម្មវិធី«ជើងឯកលើផ្ទៃសាគរ» របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៩។ (រូបថត MONOROOM.info/ SamNeang)
រាជធានីភ្នំពេញ - ទើបតែក្រសោបបានតំណែងថ្មីនៅប៉ុស្តី៍លេខ១១ មិនទាន់ទាំងបានប៉ុន្មានផង ស្រាប់តែកញ្ញាលីលីដ៍ស្រស់សោភា ទទួលបានការងារថ្មីប្រចាំទូរទស្សន៍ខ្មែរប៉ុស្តី៍លេខ៩មួយទៀត ដោយនាងត្រូវចេញមុខធ្វើកម្មវិធីរបៀបហ្គេមកម្សាន្ត ដែលគេស្គាល់ថា«ជើងឯងលើផ្ទៃសាគរ»។ កម្មវិធីរបស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៩នេះ ពីមុនមានកញ្ញាសូដា នីតា ជាអ្នករៀបចំដំណើរការ ជាមួយលោកឡាយ អិន។
ក្រុមអ្នកនិយមតាមដានតារាស្រីមុខស្រស់ សាច់សទ្រលុកទ្រលន់ ដើមទ្រូងព្រហើនរូបនេះ បាននិយាយថា កញ្ញា លីលី ដូចជាបានបង្ហាញសកម្មភាពខ្លាំងឡើងជាងមុន ជុំវិញដំណើរនៃជីវិតសិល្បៈរបស់នាង បើប្រៀបធៀបទៅនឹងពេល ដែលនាងទើបបានឈានជើងដំបូង ច្រើនតែនៅទូរទស្សន៍ស៊ីធីអិននោះ។
ក្នុងអំឡុងពេលដែលបានសម្ងំលាក់មុខមួយរយៈ របស់កញ្ញា លី លី ពួកគេទាំងនោះបាននាំគ្នាគិតថា នាងច្បាស់ជាទៅរកការងារអ្វីផ្សេង មិនចាប់អាជីពពិធីការិនីដូចមុនទេ ក្រោយការប្រកបការងារនេះក្នុងពេលកន្លងមក មិនទទួលបានជោគជ័យនោះ។ អំឡុងពេលនោះ នាងក៏បានងាក ទៅចាប់យកការងារជាតារាម៉ូដែលក្នុងក្រុមកញ្ញាឌួង ហ្សូរីដាមួយទៀតដែរ ដែលជាមូលហេតុមួយ នាំឲ្យគេយល់ថា កញ្ញាលីលី ច្បាស់ជាបានបោះបង់ពិភព ជា«ពិធីការិនី»យ៉ាងពិតប្រាកដ។
តែតាមពិតទៅ ការបាត់មុខរបស់កញ្ញានេះ មិនខុសណាពីសំងំត្រៀមយកកម្លាំង សម្រាប់តំណែងថ្មីនោះឡើយ ហើយនាងនៅមិនទាន់ដើរចោលពីទីលាន ដែលប្រកបដោយការប្រជែងគ្នានេះទេ។ ផ្ទុយទៅវិញ នាងកាន់តែបង្កើនល្បឿនលឿនជាងមុនទៅទៀត ព្រោះក្រៅពីបានសម្ញែងការងារជាតារាបង្ហាញម៉ូដនោះមក លីលី ក៍ងាកមកច្បាមតួនាទីពិធីការិនីដូចមុន ហើយកាន់ការងារដល់ទៅ២ស្ថានីយ៍ទូរទស្សន៍ថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ នេះមិនទាន់សមល្មមនៅឡើយ ដោយនាងកំពុងតែមានបំណង ចង់លើកស្ទួយក្រុមចម្រៀងហាយក្លាស់ តាមកញ្ចក់ទូរទស្សន៍ឲ្យល្បីដូចពីមុនវិញ បន្ទាប់ពីបានបែកខ្ញែកគ្នាមួយរយៈ។
បានជួបនាងផ្ទាល់ នៅពេលនាងមកឡើងច្រៀង ឲ្យទូរទស្សន៍ស៊ីធីអិន កញ្ញា លីលី បានធ្វើឲ្យគេឯងឃើញថា នាងមានរូបសម្ផស្សស្រស់កាន់តែស្អាតជាងមុន។ នាងបានថ្លែងថា នាងមកស៊ីធីអិនលើកនេះ គឺអត់មកបង្ហាញវត្តមាន ដូចកាលពេលមុនជាប្រចាំទេ តែមកក្នុងនាមជាតារាចម្រៀងកិត្តិយសម្នាក់ និងតាមការស្នើសុំរបស់អ្នកដឹកនាំកម្មវិធីប៉ុណ្ណោះ។ ដោយសារតែនាងធ្លាប់សម្តែង ជាប្រចាំនៅទីនេះកាលពីមុន ទើបចង់បង្កការភ្ញាក់ផ្អើលឲ្យអ្នកទស្សនាខ្លះៗ ដោយសារតែនាងបានបាត់មុខមួយរយៈមកហើយ។
នាងបន្តថា រវាងនាងនិងក្រុមការងារនៅទីនេះ ធ្លាប់ស្គាល់គ្នាពីមុនមក ទើបគេហៅមកសម្តែងហើយនាងអត់ដែលមានបញ្ហាអីនោះទេ ដោយគ្រាន់តែនាងមិនសូវមានពេល មកសម្តែងនៅស៊ីធីអិននេះ ទើបគេដាក់អ្នកថ្មីជំនួស។ នាងនិយាយ ទាំងទឹកមុខញញឹមថា «ខ្ញុំក៍មិនមានរឿងអីមិនសប្បាយចិត្តដែរ គឺធម្មតា»។
យ៉ាងណាក៍ដោយ ក៏កញ្ញា លីលី នៅតែពេញចិត្តបង្ហាញនូវសម្មិទ្ឋិផលថ្មីៗ លើវិថីសិល្បៈដែលនាងបានចងក្រង និងទំនងជាទទួលបានសញ្ញាវិជ្ជមានរហូតមក។ នាងបានបញ្ជាក់ទៀតទៀតថា ឥឡូវនេះ ក្រៅពីជាប់ភារៈធ្វើពិធីការិនីនៅទូរទស្សន៍អប្សរា កាលពីពេលថ្មីៗនេះ ខាងទូរទស្សន៍ប៉ុស្តី៍លេខ៩ បានទាក់ទងនាងឲ្យធ្វើកម្មវិធីកម្សាន្តមួយ ចាប់ដៃគូជាមួយលោក ឡាយ អិន ដែលបងប្អូនមួយចំនួនបានស្គាល់រួចហើយ។ កម្មវិធីនោះ មានឈ្មោះថា«ជើងឯកលើផ្ទៃសាគរ»។
ជុំវិញការចាកចេញរបស់ កញ្ញាសូដា នីតា ដែលធ្លាប់រៀបចំដំណើរការកម្មវិធីនេះយូរខែមកហើយនោះ ពិធីការិនីថ្មី សាច់ខ្ចីល្វត់ល្វន់ កញ្ញា លី លី បាននិយាយថា នាងមិនដឹងពីមូលហេតុអ្វីនោះទេ តែបានប៉ាន៉ប្រមាណថា «តាមខ្ញុំស្មាន ប្រហែលជាគាត់មមាញឹកច្រើន រកពេលមកថតគ្មានទេដឹង ទើបផ្ទេរឲ្យមានអ្នកថ្មីមកជំនួសវិញ ដើម្បីកុំឲ្យស្ទះការងាររបស់ស្ថានីយ៍»។
ក្រុមអ្នកនិយមតាមដានរូបនាង នឹងរងចាំមើលជាបន្តទៅទៀត ថាតើអាជីពជាពិធីការិនីថ្មីនេះ អាចផ្ដល់ឲ្យនាង នូវការរីកចម្រើនថ្មីៗបន្ថែម ឬយ៉ាងណា។ ប៉ុន្តែកញ្ញា លី លី នៅតែរំពឹងថា ការព្យាយាមនឹងនាំមកនូវភាពជោគជ័យ ហើយនឹងស្វាគមន៍ជានិច្ច នូវរាល់មតិរិះគន់កែលម្អទាំងឡាយ៕
កញ្ញា លីលី ពិធីការិនីថ្មី ប្រចាំកម្មវិធី«ជើងឯកលើផ្ទៃសាគរ» របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៩។ (រូបថត MONOROOM.info/ SamNeang)
--------------------------
ដោយ៖ សំ នៀង - ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ