បក្សប្រជាជនកម្ពុជាចង់ឃើញខ្មែរអាចដោះស្រាយបញ្ហាជាមួយគ្នា
ខណៈដែលគណបក្សសង្រ្គោះជាតិ កំពុងធ្វើយុទ្ធនាការការទូតនៅក្រៅប្រទេស ដើម្បីជម្រុញឲ្យភាគីអន្តរជាតិដាក់សម្ភាធលើរដ្ឋសភា និងរដ្ឋាភិបាលឯកបក្សរបស់គណបក្សប្រជាជនកម្ពុជា ជាថ្មីម្តងទៀតគណបក្សប្រជាជនកម្ពុជាបានអះអាងថា គណបក្សខ្លួនចង់ឃើញខ្មែរ អាចដោះស្រាយបញ្ហាជាមួយគ្នាបាន ក្នុងភាពទាល់ច្រកនយោបាយក្រោយការបោះឆ្នោត ដោយមិនចាំបាច់ពឹងពាក់ភាគីបរទេស។
លោកហ៊ុន សែន ក្រោយពេលបោះឆ្នោតរួច នៅមណ្ឌលមួយក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី២៨ខែកក្កដា។ (រូបថត Reuters)
រាជធានីភ្នំពេញ - លោក ស ខេង បច្ចុប្បន្នជានាយករដ្ឋមន្រ្តីស្តីទី និងជាមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សគ្រប់គ្រងអំណាច នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៣នេះ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីស្តីការក្រសួងមហាផ្ទៃថា គណបក្សកាន់អំណាចនៅតែបើកផ្លូវជានិច្ច ក្នុងការចរចាជាមួយគណបក្សសង្រ្គោះជាតិ ដើម្បីបង្ហាញអន្តរជាតិថា កម្ពុជាអាចដោះស្រាយបញ្ហាបាន ដោយខ្លួនឯង។
គួរម្លឹកថា បើគិតពីថ្ងៃបោះឆ្នោតទី២៨ ខែកក្កដា ឆ្នាំ២០១៣ គណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជាបានជួបចរចាជាមួយគ្នា ចាប់ពីមន្រ្តីកំរិតទាបដល់កំរិតកំពូល យ៉ាងហោចណាស់ក៏៥លើកដែរ ដើម្បើស្វែងរកចំណុចឯកភាព ឈានទៅទម្លាយភាពទាល់ច្រកនយោបាយ។ តែគណបក្សទាំងពីរនៅតែមិនអាចទម្លាយភាពជាប់គាំងនយោបាយបានទេ រហូតមកដល់ពេលនេះ ព្រោះភាគីទាំងពីរនៅតែប្រកាន់គោលជំហរផ្ទុយគ្នា ទាក់ទងនឹងដំណើរការបោះឆ្នោតដ៏ចម្រូងចម្រាស។
ក្រុមអង្គការសង្គមស៊ីវិល និងអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា បានកត់សម្គាល់ថា ការលើកឡើងរបស់លោក ស ខេង នៅពេលនេះ គឺចំពេលដែលលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ កំពុងតែធ្វើយុទ្ធនាការការទូត ទៅកាន់អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សហភាពអ៊ឺរ៉ុប និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិសំខាន់ៗ ដែលជាអ្នកផ្តល់ជំនួយដល់កម្ពុជា ឲ្យដាក់សំពាធលើរដ្ឋាភិបាលកម្ពុជា ដែលលោក សម រង្ស៊ី ចាត់ទុកថាជារដ្ឋាភិបាល បានបង្កើតឡើងដោយខុសច្បាប់រដ្ឋធម្មនុញ្ញ និងរំលោភកិច្ចព្រមព្រៀងក្រុប៉ារីស។
បើទោះជាលោក សម រង្ស៊ី មេដឹកនាំគណបក្សជំទាស់ កំពុងធ្វើសកម្មភាពបញ្ចុះបញ្ចូលឲ្យភាគីអន្តរជាតិ អន្តរាគមន៍ក្នុងជំលោះនយោបាយកម្ពុជាយ៉ាងណាក្តី ក៏អ្នកវិភាគនយោបាយឯករាជ្យរបស់កម្ពុជាមួយចំនួន បានអះអាងថាយន្តការដោះស្រាយក្នុងស្រុកមានភាពល្អប្រសើរជាង។
ចំពោះបញ្ហានេះ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាអ្នកវិភាគនយោបាយឯករាជ្យ លោក អ៊ូ វីរៈ បានថ្លែងប្រាប់វិទ្យុសំឡេងសហរដ្ឋអាមេរិក (ផ្សាយជាខេមរភាសារ) ក្នុងពេលថ្មីៗនេះថា ភាគីទាំងពីរគួរចរចាគ្នាដោយយន្តការជាតិជារឿងប្រសើរ ជាជាងការពឹងពាក់បរទេសមកដោះស្រាយបញ្ហាកម្ពុជា។
លោក អ៊ូ វីរៈ បញ្ជាក់ថា «បើសិនជាយើងមើល ពីឥទ្ធិពលនយោបាយក្នុងពិភពលោក មានតែកម្លាំងនយោបាយក្នុងស្រុកទេដែលមានឥទ្ធិពល។ ហើយមួយទៀតខ្ញុំមើលទៅក្នុង ពេលបច្ចុប្បន្ននេះ ខ្ញុំថាយកល្អភាគីទាំងសងខាងហ្នឹងអង្គុយតុជាមួយគ្នាទៅ ហើយជជែកចរចារគ្នាទៅ។ ខ្ញុំមើលទៅប្រហែលជាអាចមានឥទ្ធិពល និងមានលទ្ធផលល្អជាង។»
ទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ លោក គង់ គាំ បានពន្យល់ប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៣ នេះថា ប្រសិនបើលោក ស ខេង និង គណបក្សប្រជាជនកម្ពុជាមានសុឆន្ទះពិតប្រាដក ក្នុងការដោះស្រាយបញ្ហាប្រទេសជាតិ ពួកគេគួរទាក់ទងដោយផ្ទាល់ និងផ្លូវការជាមួយគណបក្សសង្រ្គោះជាតិ។ ទីប្រឹក្សារូបនេះបន្តថាគណបក្សសង្រ្គោះជាតិ បានព្យាយាមច្រើនដង និងបង្ហាញចេតនាពិតប្រាកដ ជាបន្តបន្ទាប់ក្នុងការចរចា តែគណបក្សប្រជាជនកម្ពុជា ហាក់ដូចជាព្យាយាមបង្កើតរដ្ឋសភា និងរដ្ឋាភិបាលដោយខ្លួនឯង និងជាឯកបក្ស។
ចំពោះការពឹងពាក់ឲ្យភាគីអន្តរជាតិ ជួយដោះស្រាយបញ្ហារបស់កម្ពុជា លោក គង់ គាំ បញ្ជាក់ថា៖ «បើគិតពីប្រវត្តិរបស់កម្ពុជាយើង អន្តរជាតិជួយដោះស្រាយបញ្ហាកម្ពុជាជាហូរហែរមកហើយ ដូច្នេះពុំមានមតិណាខុសនោះឡើយ ព្រោះវាមាននយោបាយក្នុងប្រទេស និងក្រៅប្រទេស»៕
---------------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ