គល់ បញ្ញា៖ ជាង១លានដុល្លាររបស់បក្សប្រជាជន អាចជាការទិញសន្លឹកឆ្នោត
គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សគ្រប់គ្រងអំណាច គ្រោងនឹងចំណាយប្រាក់ជាង១លានដុល្លារអាមេរិក សម្រាប់សកម្មជននយោបាយជាង៨ពាន់នាក់ របស់គណបក្សខ្លួន។ ការផ្តល់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីគណបក្សទៅសកម្មជនថ្នាក់ក្រោម ត្រូវបានលោក គល់ បញ្ញា នាយកប្រតិបត្តិឲ្យអង្គការមួយហៅថា គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (Comfrel) លើកឡើងថា បើការចំណាយនេះ ធ្វើឡើងក្នុងពេលវេលាមិនសមរម្យ គឺមានន័យថា ជាការទិញសន្លឹកឆ្នោត ឬជាអំពើពុករលួយ ក្នុងដំណើរការបោះឆ្នោត។
សកម្មភាពឃោសនារកសម្លេងឆ្នោត របស់យុវជនគណបក្សប្រជាជនកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
នយោបាយកម្ពុជា - លោក គល់ បញ្ញា នាយកប្រតិបត្តិ (Comfrel) បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី២០ ខែកុម្ភៈ នេះថា៖ «បើផ្តល់ប្រាក់ ក្នុងពេលឃោសនា បោះឆ្នោត ឬពេលបោះឆ្នោត គឺត្រូវបានគេចាត់ទុកថា ទិញសន្លឹកឆ្នោត តែបើសម្រេចថាផ្តល់ និងផ្តល់ ឲ្យមុនពេលឃោសនា គឺមិនមានបញ្ហាអ្វីនោះទេ។ បើឲ្យមុនគេ មិនចាត់ទុកថា ទិញសន្លឹកឆ្នោតទេ តែក៏នូវតែមានបញ្ហា ដែរ កាលដែលឲ្យលុយ ជិតដល់ពេលបោះឆ្នោត គ្រាន់តែច្បាប់ មិនអាចចោទប្រកាន់បាន។»
នាយកប្រតិបត្តិ (Comfrel) ដដែលនេះ បានអត្ថាធិប្បាយទៀតថា នៅប្រទេសប្រជាធិបតេយ្យ និងមានការអភិវឌ្ឍន៍ខ្លាំង គឺសកម្មជន ឬអ្នកគាំទ្រជាអ្នកផ្តល់ប្រាក់ ក្នុងការទ្រទ្រង់ ដំណើរការរបស់គណបក្ស។ តែនៅកម្ពុជា គណបក្ស ឬមន្រ្តីជាន់ខ្ពស់របស់គណបក្ស ជាអ្នកផ្តល់ប្រាក់ដល់សកម្មជន និងអ្នកគាំទ្រនៅរដូវបោះឆ្នោតទៅវិញ នោះប្រហែលជាគណបក្សនយោបាយនៅកម្ពុជា «មាន»ជាងប្រជាពលរដ្ឋ ឬអ្នកគាំទ្រ។
ជុំវិញករណីនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទងមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជកម្ពុជា ដើម្បីធ្វើការអត្ថាធិប្បាយ បាននៅឡើយទេ។ តែបើយោងលើ លោក សាយ ឈុំ ប្រធានគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្នុងពេលចុងក្រោយនេះ បានចេញសេចក្តីជូនដំណឹងមួយ ដែលតម្រូវឲ្យប្រធានគណៈកម្មាធិការគណបក្ស រាជធានី-ខេត្ត ឧបត្ថម្ភ ដល់ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ក្នុងម្នាក់ៗ ចំនួន៥០ម៉ឺនរៀល ឬ១២៥ដុល្លារ ។
សេចក្តីជូនដំណឹងដដែលនោះ ឲ្យដឹងទៀតថា ថវិកានោះនឹងត្រូវផ្តល់ឲ្យសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់ គណបក្សប្រជាជនកម្ពុជាដែលមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន៨.២៩២នាក់ ដែលសរុបទៅខ្ទង់ចំណាយប្រហែលជា ជាង១លានដុល្លារ នៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ គួរកត់សម្គាល់ថា ការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត និងក្រុង-ស្រុក-ខណ្ឌ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៨ ខែឧសភា ខាងមុខនេះ ពោល គឺប្រហែលជា មានរយៈពេលជិត១ខែ ក្រោយការផ្តល់ប្រាក់របស់គណបក្សប្រជាជនកម្ពុជា ទៅដល់សកម្មជននយោបាយរបស់ខ្លួន៕
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤