យុវជន រងការបិទសិទ្ធិសេរីភាពបញ្ចេញមតិ ដោយរដ្ឋាភិបាលកម្ពុជា
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: February 20, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាបន្តរបន្ទាប់ រាល់ការជួបជុំរបស់ប្រជាពលរដ្ឋនិស្សិត ក្នុងការទាមទានូវអ្វី ដែលពួកគេគិតថាជាការរំលោភច្បាប់ និងសិទ្ធិមនុស្សតែងតែត្រូវបានរំខាន ដោយក្រុមអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសពីសំណាក់ក្រុមសន្តិសុខ ដែលត្រូវបានជួលដោយសាលារាជធានីភ្នំពេញ។
យុវជនដែលត្រូវបានចាប់ឃាត់ខ្លួនយកទៅ ដោយក្រុមសន្ដិសុខស៊ីឈ្នួល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)
សិទ្ធិសេរីភាព - ការរារាំងក្រុមយុវជនមួយចំនួន ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងសន្តិសុខខណ្ឌដូនពេញ មិនឲ្យប្រមូលផ្គុំគ្នានៅទីលានប្រជាធិបតេយ្យ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈទេ ។ ក្នុងទិវាយុត្តិធម៌សង្គមពិភពលោក (២០ កុម្ភៈ) តំណាងយុវជនមកពីគ្រប់មជ្ឈដ្ឋានប្រាំបួនរូប មានបំណងប្រកាសផ្សព្វផ្សាយ «ស្មារតីនៃយុត្តិធម៌សង្គម» ក្នុងប្រទេសកម្ពុជា តាមរយៈស្នើឲ្យរដ្ឋាភិបាលគោរព និងអនុវត្តច្បាប់រដ្ឋធម្មនុញ្ញ ពិសេសស្នើឲ្យរដ្ឋាភិបាលដកបម្រាមហាមឃាត់ការជួបជុំ និងប្រមូលផ្ដុំដែលពួកគេតិតថា ជាបម្រាបមួយផ្ទុយនឹងរដ្ឋធម្មនុញ្ញ។
យុវជន ស្រី សំណាង ក្នុងបទសម្ភាសជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានលើកឡើងថា អាជ្ញាធរបានរារាំងក្រុមយុវជនខ្មែរមហានគរ មិនឲ្យប្រមូលផ្គុំគ្នានៅទីលានប្រជាធិបតេយ្យ។ ក្រុមយុវជន ក៏បានធ្វើដំណើរដោយថ្មើជើង ឆ្ពោះទៅកាន់អង្គការសហប្រចាជាតិ ដើម្បីបន្តការអាននូវញត្តិនោះ។ នៅពេលមកដល់មុខក្រុមហ៊ុន ប៊ីឡាញ ក្រុមសន្តិសុខសាលាខណ្ឌដូនពេញ មិនបានអនុញាតិឲ្យបន្តដំណើរដោយថ្មើជើងឡើយ ហើយបង្ខំឲ្យក្រុមយុវជននោះធ្វើដំណើរដោយម៉ូតូវិញ។
ឯយុវជន រិន ច័ន្ទរិទ្ធិ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានថា ការជួបជុំគ្នានេះក្នុងគោលបំណង ចូលរួមនិងលើកកំពស់ ថ្ងៃ«ទិវាយុត្តិធម៌សង្គមពិភពលោក» ដែលអង្គការសហប្រជាជាតិ ប្រកាសទទួលស្គាល់ក្នុងឆ្នាំ២០០៧។ យុវជនរូបនេះបន្តរថា ក្រុមយុវជនចូលរួមលើកស្ទួយទិវានេះនៅកម្ពុជា តាមរយៈការលែងចាប ការបង្ហោះប៉េងប៉ោងជាដើម។
យុវជន ស្រី សំណាង បន្តរថា ជាមួយនឹងការមិនអនុញ្ញាតតាមរយៈការរារាំងនេះ អាជ្ញាធរខណ្ឌដូនពេញបានជេរប្រមាថក្រុមយុវជន ជាមួយនឹងការគំរាមប្រើអំពើ«ហិង្សា»ថែមទៀត។ ស្របពេលជាមួយ នឹងការប៉ះពាក្យសម្តីគ្នារវាងក្រុមយុវជន និងក្រុមសណ្តាប់ធ្នាប់ខណ្ឌនោះ ក្រុមសន្តិសុខទាំងនោះក៏បានចាប់យុវជន ហេង ស៊ាងលាង បញ្ចូលឡានមិនដឹងថា ដឹកនាំឆ្ពោះទៅណានោះទេ។
បន្ទាប់ពីចាប់យុវជនបានម្នាក់ ក្រុមយុវជនដែលមិនត្រូវបានចាប់ខ្លួន បានបន្តដំណើរឆ្ពោះទៅ ទីស្នាក់ការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងសន្និសីទសារព័ត៌មាន នៅមុខការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក្រុមយុវជនបានអាននូវសាររបស់ខ្លួន និងក៏ស្នើដល់តំណាងអង្គការសហប្រជាជាតិ ជួយធ្វើអន្តរាគមន៍ករណីចាប់ខ្លួនយុវជនខាងលើ។
យោងតាមខ្លឹមសារួម នៃសារដែលអានដោយតំណាងក្រុមយុវជនមហានគរ នៅមុខស្នាក់ការអង្គការសហប្រជាជាតិនោះ បានឲ្យដឹងថា «យុត្តិធម៌ជាអ្វីដែលមនុស្សជាតិចង់បាន។ ខ្មែរគ្មានយុត្តិធម៌ គ្មានសន្តិភាព។ ២០ កុម្ភៈ ជាថ្ងៃយុត្តិធម៌សង្គមអន្តរជាតិ។ យុត្តិធម៌សង្គមស្មើភាពគ្នា ក្នុងនាមមនុស្សជាតិ។ (…) កម្ពុជាមានការធ្លាក់ចុះ នៃការគោរពសិទ្ធិមនុស្ស តាមរយៈការបង្ក្រាបដោយហិង្សា ធ្វើឡើងដោយអាជ្ញាធរលើបាតុករអហិង្សា។ »
ជាមួយគ្នានេះដែរ ពលរដ្ឋម្នាក់ដែលបានគាំទ្រសកម្មភាពក្រុមយុវជន នៅតាមផ្លូវសាធារណៈឈ្មោះ ភក្ដី ក៏ត្រូវបានឃាត់ខ្លួន យកទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដែរ។ ការចាប់ខ្លួននេះ ព្រោះតែក្រុមអាជ្ញាធរតាមដាន តាំងស្ពាននាគ រហូតដល់ទីលានឃើញថា បានដឹកព្រះសង្ឃមួយអង្គចុះឡើងៗ ហាក់ដូចជាមិនដឹងនូវគោលដៅច្បាស់លាស់ ទើបសម្រេចឃាត់ខ្លួនមកសាកសួរតែម្តងទៅ។ លោកបន្តថា ក្រោយការសាកសួរបុរសរូបនោះ បានបដិសេធថា មិនមានជាប់ពាក់ព័ន្ធ នឹងការចូលរួមរបស់ក្រុមយុវជននោះឡើយ។
ឯព្រះសង្ឃដែលមានវត្តមាន ក្នុងដំណើរជាមួយគ្នានោះ ក៏បានលើកឡើងថា លោកស្គាល់គ្នាជាមួយនិងអ្នកម៉ូតូឌុបនោះ មិនមានការចូលរួមជាមួយយុវជននោះឡើយ។ ក្រោយការសាកសួរក្រុមសមត្ថកិច្ចក៏ធ្វើការដោះលែងវិញ ដោយគ្មានការវាយតប់ ឬដកហូតនូវសម្ភារៈអ្វីឡើយ។ នេះបើយោងតាមការបញ្ជាក់ របស់ភ្នាក់ងារពិសេសនៃកងកម្លាំងទាំងនោះ ដោយសុំមិនបញ្ចេញឈ្មោះ។
សម្មភាព«ហាមឃាត់»ការចូលរួមប្រជុំ ឬការជួបជុំរបស់ប្រជាពលរដ្ឋនោះ មតិសាធារណៈជនបានលើកឡើងថា កម្ពុជាកំពុងបង្ហាញនូវ«ចរិយា»ពិតរបស់ខ្លួន ក្នុងការគំរាមកំហែងដល់ការតស៊ូមតិ ការទាមទានូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋយ៉ាងធ្ងង់ធ្ងរ។ តែទោះជាយ៉ាងណាក៏ដោយ ក៏នៅក្នុងអំឡុងពេលដ៏ស្រួចស្រាវនេះ រដ្ឋាភិបាលនៅតែបានប្រកាសយ៉ាង«ជាប់»មាត់ថា កម្ពុជាកំពុងគោរព និងអនុវត្តន៍ច្បាប់ សិទ្ធិមនុស្ស ជាប្រទេសនីតិរដ្ឋប្រកាន់គោលការណ៍លិទ្ធិប្រជាធិបបតេយ្យ៕
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤