ប្រមុខ អ.ស.ប សង្កត់ធ្ងន់ពីបញ្ហាបក្សប្រឆាំង និងប្រាប់រដ្ឋាភិបាលឲ្យគោរពសិទ្ធមនុស្ស
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៧ កក្កដា ២០១៨
- កែប្រែចុងក្រោយ: July 27, 2018
- ប្រធានបទ: បោះឆ្នោតជាតិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវលើកកំពស់ ក្នុងការគោរពតាមបទដ្ឋានអន្តរជាតិ ទាក់ទងនឹងសិទ្ធិមនុស្ស និងជាពិសេសត្រូវធានា ឲ្យគ្រប់តួអង្គ នៃក្រុមសង្គមស៊ីវិល និងក្រុមគណបក្សនយោបាយ អាចអនុវត្តន៍សិទ្ធិប្រជាធិបតេយ្យរបស់ពួកគេ បានដោយសេរី។ នេះ ជាការថ្លែងឡើង របស់អ្នកនាំពាក្យ របស់លោក អង់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលចេញផ្សាយឲ្យដឹង នៅល្ងាចថ្ងៃសុក្រ ពីរថ្ងៃមុនថ្ងៃបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នៅក្នុងប្រទេសកម្ពុជា ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ខាងមុខ។
ខណៈគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច និងគណបក្សមួយចំនួន បានអំពាវនាវឲ្យពលរដ្ឋកម្ពុជា ចេញទៅបោះឆ្នោតនោះ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏សំខាន់ និងដែលត្រូវបានរំលាយ កាលពីចុងឆ្នាំមុន បានអំពាវនាវឲ្យធ្វើពហិការ ការបោះឆ្នោតជាតិ ដែលមានពោរពេញ ដោយភាពចម្រូងចម្រាស។
លោក «Stéphane Dujarric» អ្នកនាំពាក្យ របស់អគ្គលេខាធិការ អ.ស.ប ត្រូវបានស្រង់សំដី មកសរសេរនៅក្នុងអត្ថបទចុះផ្សាយព័ត៌មាន របស់អង្គការពិភពលោក ដូច្នេះថា៖ «លោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ សូមអំពាវនាវ ទៅគ្រប់ភាគីនយោបាយខ្មែរទាំងអស់ ត្រូវកាត់បន្ថយភាពតានតឹង និងការបែកបាក់ផ្នែកនយោបាយ»។
បន្ថែមពីលើការរំលាយគណបក្សប្រឆាំង ដ៏សំខាន់ចេញពីឆាកនយោបាយ មេដឹកនាំគណបក្សនេះ ចំនួន១១៨នាក់ ត្រូវបានហាមឃាត់ មិនឲ្យធ្វើនយោបាយ ចំនួន៥ឆ្នាំ ខណៈប្រធានគណបក្ស លោក កឹម សុខា ត្រូវបានចាប់ខ្លួនយកទៅឃុំ នៅក្នុងពន្ធនាគារ រហូតមកដល់ថ្ងៃនេះ។ រីឯមេដឹកនាំប្រឆាំងមួយរូបទៀត គឺលោក សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សប្រឆាំង ក៏កំពុងរស់នៅនិរទេសខ្លួន បន្ទាប់ពីមានពាក្យបណ្ដឹងជាច្រើន ត្រូវបានប្ដឹងប្រឆាំងរូបលោក ទៅកាន់តុលាការ នៅក្នុងប្រទេសកម្ពុជា។
អត្ថបទព័ត៌មាន របស់អង្គការសហប្រជាជាតិ បានស្រង់សំដី របស់អ្នកស្រីសាស្ត្រាចារ្យ រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្ស ប្រចាំនៅិកម្ពុជា ដែលអ្នកស្រីបានថ្លែងកាលពីប៉ុន្មានថ្ងៃ មកបញ្ជាក់ថា អ្នកស្រីមានក្ដីកង្វល់ជ្រាលជ្រៅ ចំពោះការបំភិតបំភ័យដល់ពលរដ្ឋ ដែលមិនចេញទៅបោះឆ្នោត និងអ្នកដែលអំពាវនាវឲ្យធ្វើពហិកា មិនចូលរួមការបោះឆ្នោត។ អ្នកស្រី បានអះអាងថា៖ «ការអំពាវនាវ ឲ្យធ្វើពហិការ មិនចូលរួមបោះឆ្នោត ដែលមិនមែនជាកាតព្វកិច្ចនោះ ត្រូវបានអនុញ្ញាតឲ្យធ្វើបាន»។
អ្នកស្រី រ៉ូណា ស្មីត ថែមទាំងត្រូវបានស្រង់សំដី ដែលអ្នកស្រីបានថ្លែង តាំងពីចុងខែមេសា មកពន្យល់បន្តថា វានឹងមិនអាចមានការបោះឆ្នោត ដ៏ពិតប្រាកដនោះឡើយ ប្រសិនជាគណបក្សប្រឆាំង ដ៏សំខាន់មួយ ត្រូវបានរារាំង មិនឲ្យចូលរួមនោះ។ អ្នកស្រីបានអំពាវនាវ នៅពេលនោះ ឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងជាបន្ទាន់ ក្រុមមេដឹកនាំគណបក្សប្រឆាំង ដែលកំពុងជាប់ឃុំ (ឬជាប់ពាក្យបណ្ដឹង) និងលើកចេញ នូវការរំលាយគណបក្សប្រឆាំង ដើម្បីអនុញ្ញាតឲ្យពួកគេ អាចចូលរួមក្នុងការបោះឆ្នោត។
លោក «Stéphane Dujarric» បានបន្តថ្លែងអះអាងថា៖ «លោកអគ្គលេខាធិការ អ.ស.ប បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តជាបន្ត របស់អង្គការសហប្រជាជាតិ ក្នុងការគាំទ្រ ដល់ប្រទេសកម្ពុជា ដែលមានសន្តិភាព និងមានប្រជាធិបតេយ្យ ជាពិសេសគាំទ្រ ដល់ប្រទេសកម្ពុជាមួយ ដែលគោរពយ៉ាងពេញលេញ នូវសិទ្ធិមនុស្សជាមូលដ្ឋាន របស់ពលរដ្ឋកម្ពុជាទាំងអស់»៕