ពលរដ្ឋខ្មែរនៅ ម៉ុងរ៉េអាល់ អំពាវនាវឲ្យធ្វើពហិការការបោះឆ្នោត

ពលរដ្ឋខ្មែរ និងមានដើមកំណើតខ្មែរ យ៉ាងហោច ៦០០នាក់ នឹងធ្វើការជួបជុំគ្នា ក្នុងថ្ងៃសៅរ៍នេះ កណ្ដាលក្រុង ម៉ុងរ៉េអាល់ ប្រទេសកាណាដា ដើម្បីសំដែងមតិ ទាមទារឲ្យធ្វើពហិការ ការបោះឆ្នោតជាតិ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃអាទិត្យស្អែកនេះ។ ប៉ុន្តែនៅថ្ងៃសៅរ៍នេះ មិនមែនមានតែនៅក្នុងក្រុង ម៉ុងរ៉េអាល់ មួយទេ តែបាតុកម្មដែលមានគោលបំណង ប្រហាក់ប្រហែលគ្នានេះ នឹងផ្ទុះឡើង នៅគ្រប់ជ្រុងទាំងអស់ នៅក្នុងពិភពលោក។
ពលរដ្ឋខ្មែរនៅ ម៉ុងរ៉េអាល់ អំពាវនាវឲ្យធ្វើពហិការការបោះឆ្នោត
ពីឆ្វេងទៅស្ដាំ៖ លោក កឹម សុខា និងលោក សម រង្ស៊ី នៅក្នុងដំណើររួមគ្នាដំបូង ទៅកាន់ប្រទេសកាណាដា ក្នុងឆ្នាំ២០១២ បន្ទាប់ពីបានប្រកាសបង្កើតគណបក្សសង្គ្រោះជាតិរួច។ (រូបថត MONOROOM.info)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៨ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 28, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក លី សុខា អ្នកក្រុង ម៉ុងរ៉េអាល់ (ប្រទេសកាណាដា) មួយរូប ដែលអះអាងថា នឹងទៅចូលរួមបាតុកម្មនោះ បានថ្លែងប្រាប់អ្នកឆ្លើយឆ្លងព័ត៌មាន របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ប្រចាំប្រទេសកាណាដាថា រលកបាតុកម្ម នៅជុំវិញផែនដីនេះ មានលក្ខណៈជាអន្តរជាតិ និងជាប្រវត្តិសាស្ត្រ ហើយជាគំនិតផ្ដួចផ្ដើមឡើង របស់លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ។

បាតុកររូបនេះ បានថ្លែងថា៖ «ពលរដ្ឋកម្ពុជា ត្រូវតែងើបឈរឡើង ជាមួយមិត្តភ័ក្រ-ញាតិមិត្ត​របស់ខ្លួន ដែលមាននៅក្នុងទ្វីបអ៊ឺរ៉ុប នៅកូរ៉េ នៅជប៉ុន នៅសហរដ្ឋអាមេរិក នៅកាណាដា និងនៅអូស្ត្រាលី។ និយាយទៅ គឺនៅគ្រប់កន្លែងទាំងអស់ នៅក្នុងពិភពលោក ហើយយើងមានបំណង ចង់ធ្វើសេចក្ដីអំពា​វនាវ ទៅពលរដ្ឋកម្ពុជានៅក្នុងស្រុក ឲ្យធ្វើពហិការការបោះឆ្នោត ដោយហេតុថា ការបោះឆ្នោតនេះ ជាការបោះឆ្នោតបោកបញ្ឆោត។»។

លោក លី បានបន្តថា៖ «ពលរដ្ឋខ្មែរនៅក្នុងស្រុក មិនអាចនិយាយបានទេ។ ពួកគេធ្វើអ្វី ក៏មិនបានដែរ។ អញ្ចឹង គឺមានតែពលរដ្ឋខ្មែរ នៅក្រៅស្រុក ដែលរស់នៅ ក្នុងបណ្ដាប្រទេស ដែលកាន់លទ្ធិប្រជាធិបតេយ្យ​ហ្នឹងហើយ ដែលត្រូវជួយពួកគេ (ពលរដ្ឋខ្មែរក្នុងស្រុក)។ យើងមិនអាចឈរ ឱបដៃមើលឡើយ ជាពិសេស មិនត្រូវបណ្ដោយ​ឲ្យប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុងរបប​ផ្ដាច់ការមួយ ដូចនៅក្នុងទសវត្សន៍ ឆ្នាំ៧០ ក្រោមរបបខ្មែរក្រហម នោះឡើយ។»។

ប្រសិនបើបណ្ដាជនខ្មែរ នៅក្រៅស្រុក បានងើបឈរឡើង ធ្វើបាតុកម្មនៅគ្រប់ក្រុងធំៗ នៅក្នុងពិភពលោក ដោយហេតុ ពួកគេចង់បង្ហាញពីសាមគ្គីភាព ជាមួយនឹងជនរួមឈាមនៅក្នុងស្រុក ដែលពួកគេត្រូវបានបំបិទសិទ្ធ នៃការជួបជុំគ្នា ដើម្បីសំដែងមតិ ដោយសន្តិវិធី។ តើបណ្ដាលមកពីហេតុអ្វី?

លោក ហ៊ុន សែន ដែលមានអតីតភាព ជាមេកងខ្មែរក្រហម បានកាន់អំណាចជានាយករដ្ឋមន្ត្រី តាំងពី៣៣ឆ្នាំមកហើយ និងគ្រោងបន្តអំណាចរបស់លោក យ៉ាងហោច ២អាណត្តិ (១០ឆ្នាំ) ទៅមុខ។

ដូច្នេះ តើធ្វើដូចម្ដេច ដើម្បីធានាឲ្យបាន ក្នុងការបន្តអំណាច សម្រាប់១០ឆ្នាំទៅមុខទៀត? នៅចំពោះសន្ទុះកើនឡើងខ្លាំងក្លា នៃការគាំទ្រគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សកើតចេញ ពីគណបក្សប្រឆាំងពីរ គឺគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស នោះ លោក ហ៊ុន សែន ទំនងជាមិនមានជម្រើសអ្វីផ្សេង ក្រៅតែពីត្រូវចាត់វិធានការ ធ្វើយ៉ាងណា ដើម្បីឲ្យលោក បានដឹងថា «លោកឈ្នះរួចជាស្រេច» និងធ្វើយ៉ាងណា ដើម្បីធានារូបលោក នូវការបន្តកាន់អំណាច ពីរអាណត្តិទៅមុខទៀត។

វិធានការទាំងនោះ គឺត្រូវបំបាក់គូប្រកួត តាមយៈរំលាយគណបក្សប្រឆាំងចោល - ចាប់ប្រធានគណបក្សដាក់ពន្ធនាគារ - ហាមមន្ត្រីគណបក្ស១១៨នាក់ មិនឲ្យធ្វើនយោបាយ - បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ - ដាក់កំហិតនិងគម្រាមកំហែង លើអង្គការសង្គមស៊ីវិល បណ្ដាសហជីពកម្មករ​នយោជិក និងធ្វើវិសោធនកម្មច្បាប់ ដែលមានលក្ខណៈ ជាការរិតត្បិតសេរីភាព ទៅលើបណ្ដាច្បាប់បោះឆ្នោត និងច្បាប់ជាច្រើនទៀត។

លោក លី សុខា បានរៀបរាប់ថា លោកបានដឹង​ពីស្ថានការណ៍ក្នុងស្រុក តាមរយៈញាតិមិត្តរបស់លោក ដែលរៀបរាប់រឿងទាំងនេះ ប្រាប់លោក ខណៈពួកគេមិនអាចនិយាយបែបនេះ ជាសាធារណៈនៅក្នុងប្រទេសបានទេ។ លោក លី បានថ្លែងថា៖ «ច្បាប់ (ច្បាប់ថ្មី បន្ទាប់ពីធ្វើវិសោធនកម្ម) បានហាមមនុស្សលើសពី១០នាក់ មិនឲ្យជួបប្រជុំគ្នា។ នៅក្នុងករណីខ្លះ ក្រុមយុវជន ដែលរិះគន់របបលោក ហ៊ុន សែន អាចត្រូវបានចោទប្រកាន់ និងរងការគម្រាម ពីការចាប់ដាក់ពន្ធនាគារ។ អញ្ចឹង ពួកគេមានការភិតភ័យណាស់។»។

តើហេតុអ្វីលោក ហ៊ុន សែន ត្រូវការបន្តអំណាចរបស់លោក ទៅមុខទៀត បើលោកធ្លាក់ប្រជាប្រិយភាព និងកាន់អំណាច មកជាយូរហើយនោះ?

អង្គការអន្តរជាតិធំៗ ដែលធ្វើការផ្នែកសិទ្ធិមនុស្ស បរិស្ថាន និងការប្រឆាំងអំពើពុករលួយ សុទ្ធតែបានបង្ហាញរបាយការណ៍ ប្រហាក់ប្រហែលគ្នា ពីលក្ខខណ្ឌទាំងឡាយ ដែលតម្រូវឲ្យលោក ហ៊ុន សែន និងរបបរបស់លោក ចាំបាច់ត្រូវនៅបន្តអំណាច ទៅមុខទៀត និងបើអាចបាន ត្រូវបង្កើតឲ្យមានការបន្តអំណាច ពីឪពុកទៅកូន របៀបជាសន្តិវង្សត្រកូល ហ៊ុន នោះផង។

របាយការណ៍ ដែលបានចេញផ្សាយ ជាបន្តបន្ទាប់ ដោយអង្គការអន្តរជាតិទាំងនោះ បានបរិហាររបបលោក ហ៊ុន សែន ពីការរំលោភសិទ្ធិមនុស្ស ការបំផ្លាញធនធានធម្មជាតិ ការប្រព្រឹត្តិអំពើពុករលួយ និងជាពិសេស គឺការរកស៊ីមានបាន របស់ក្រុមគ្រួសារត្រកូល ហ៊ុន និងមនុស្សជំនិតៗ នៅក្បែរលោក ហ៊ុន សែន។ នេះ គេនៅមិនទាន់និយាយនៅឡើយទេ ពីការចោទប្រកាន់ទាំងឡាយ ដែលថា លោក ហ៊ុន សែន និងរបបដឹកនាំរបស់លោក បានធ្វើឲ្យបាត់បង់ទឹកដីខ្មែរ ជាច្រើនគីឡូម៉ែត្រក្រឡា ទៅប្រទេសវៀតណាម។

យ៉ាងណា បាតុកម្មផ្ទុះព្រោងព្រាត ដោយពលរដ្ឋខ្មែរ និងមានដើមកំណើតខ្មែរ នៅជុំវិញផែនដីនេះ មិនមានហេតុផល ត្រឹមតែជាការ​សំដែងសាមគ្គីភាព ជាមួយជនរួមជាតិ នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ។ វត្ថុបំណងដ៏សំខាន់មួយទៀត គឺដើម្បីទទួលបានការឈឺឆ្អាល ពីសំណាក់សហគមន៍អន្តរជាតិ។ ការឈឺឆ្អាល ដែលចាំបាច់ត្រូវមានទម្ងន់ ដូចយ៉ាងសហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក ដែលបានតម្លើងសម្លេង របស់ផងខ្លួនជាបន្តបន្ទាប់ នៅចំពោះរបបដឹកនាំរបស់លោក ហ៊ុន សែន ជាពិសេសការព្យួរ នូវរាល់ជំនួយរបស់ពួកគេ ដែលបានជួយកម្ពុជា នៅក្នុងដំណើរការបោះឆ្នោត។

ចេញពីចំណុច ទាំងអស់ខាងលើនេះហើយ ដែលលោក លី សុខា បានសំដែងជំនឿថា ប្រទេសកាណាដា នឹងមិនទទួលស្គាល់លទ្ធផល នៃការបោះឆ្នោត «ក្លែងក្លាយ» នៅថ្ងៃស្អែកឡើយ។ លោកបន្តទៀតថា លោកចង់ឃើញ​រដ្ឋាភិបាល​កាណាដា បដិសេធមិនផ្ដល់ទិដ្ឋការ សម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជា ឬយ៉ាងហោចណាស់ រដ្ឋាភិបាលកាណាដា គួរព្យួរទំនាក់ទំនងពាណិជ្ជកម្ម រវាងកាណាដា និងកម្ពុជា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...