គ្មាន​គណបក្ស​ថ្មី ដាក់​ឈ្មោះ​និង​រូប កែម ឡី ទេ!

ការប្រើឈ្មោះ និងរូបលោក កែម ឡី យកទៅធ្វើជាគណបក្សនយោបាយណាមួយនោះ មិនអាចទៅរួចទេ! មិនត្រឹមតែគ្មានការគាំទ្រ ពីភរិយានិងកូនៗ ដែលជាអ្នកស្នងមរតកផ្ទាល់ របស់លោក កែម ឡី ប៉ុណ្ណោះទេ តែច្បាប់កែថ្មី ស្ដីពីគណបក្សនយោបាយ ដែលទើបត្រូវបាន ធ្វើវិសោធនកម្មដោយរដ្ឋសភា ដែលចូលរួមប្រជុំ តែក្រុមតំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជានោះ ក៏មិនអនុញ្ញតឲ្យធ្វើដូច្នេះដែរ។
គ្មាន​គណបក្ស​ថ្មី ដាក់​ឈ្មោះ​និង​រូប កែម ឡី ទេ!
អ្នកស្រី ប៊ូ រចនា យំសោកសង្រេងសពស្វាមីលោក កែម ឡី នៅចំពោះការឈរសម្លឹងមើល ពីកូនប្រុសរបស់ពួកគេ។ (រូបថត SBN)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 05, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកស្នងមរតកផ្ទាល់ ដែលមានភរិយា និងកូនៗ របស់លោក កែម ឡី បានបញ្ចេញជំហរជាថ្មី នៅថ្ងៃនេះ បដិសេធគណបក្សនយោបាយណា ដែលយកឈ្មោះ និងរូបលោក កែម ឡី ទៅប្រើប្រាស់ខុសពីបំណងដើមរបស់លោក ដែលមានត្រឹមតែ«ជួយផ្ដល់យោបល់» សម្រាប់ទៅគ្រប់គណបក្ស ដោយមិនប្រកាន់និន្នាការនយោបាយប៉ុណ្ណោះ។

ភរិយាលោក កែម ឡី គឺអ្នកស្រី ប៊ូ រចនា បានថ្លែងដូច្នេះ នៅលើបណ្ដាញសង្គម នៅមុននេះបន្តិចថា៖ «នាងខ្ញុំសូមបដិសេធ មិនគាំទ្រការបង្កើតគណបក្សថ្មី ដែរមានឈ្មោះថា គណបក្ស កែម ឡី នោះទេ ពីព្រោះតាំងពីដើមរហូតមក ស្វាមីនាងខ្ញុំមិនដែលមានបំណង បង្កើតគណបក្សម្តងណាឡើយ»។

អ្នកស្រីបន្តថា៖ «បំណងរបស់គាត់ គឺត្រឹមតែជួយផ្តល់យោបល់ [ជូនទៅ]គ្រប់គណបក្សនយោបាយ ក្នុងបុព្វហេតុជាតិមាតុភូមិ និងដើម្បីផលប្រយោជន៍​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ ហើយនឹងដើម្បី​លទ្ធិប្រជាធិបតេយ្យពិតប្រាកដ នៅកម្ពុជាតែប៉ុណ្ណោះ។ អាស្រយ័ហេតុនេះ សូមបងប្អូនជនរួមឈាមខ្មែរ នៅក្នុងប្រទេសកម្ពុជា និងនៅឯនាយសមុទ្រទាំងអស់ មេត្តាយល់ពីបំណងរបស់ស្វាមីនាងខ្ញុំ ដោយក្តីអនុគ្រោះផង។»។

ការប្រកាសជំហរ របស់អ្នកស្នងមរតកផ្ទាល់ បានធ្វើឡើងម្ដងហើយម្ដងទៀត បន្ទាប់ពីលោក កែម រិទិ្ធសិត ប្អូនប្រុសបង្កើតសពលោកបណ្ឌិត កែម ឡី បានប្រកាសបង្កើតគណបក្សនយោបាយថ្មីមួយ ដែលយកឈ្មោះ និងរូបបងប្រុសរបស់លោក មកដាក់ធ្វើជាឈ្មោះ និងរូបសញ្ញាគណបក្ស។ លោក កែម រិទ្ធិសិត អះអាងថា លោកមានបំណង ចង់ចូលរួមការបោះឆ្នោតជាតិ នីតិកាលទី៦ ក្នុងខែកក្កដា ឆ្នាំ២០១៨ខាងមុខ និងចង់យកទស្សនទានល្អៗ របស់លោក កែម ឡី ទៅបន្តចូលរួមចំណែក អភិវឌ្ឍប្រទេសជាតិ។

ប្អូនប្រុសលោក កែម ឡី បានបន្តអះអាងថា មិនចង់ឲ្យអ្នកផ្សេង យកឈ្មោះបងប្រុសរបស់លោក ទៅធ្វើជា«ឧបករណ៍កេងចំណេញនយោបាយ ដើម្បីបម្រើមហិច្ឆតា របស់ពួកគេជារៀងរាល់ថ្ងៃ» ដោយហៅអ្នកផ្សេងទាំងនោះ ថាជា«ពួកជ្រុលនិយម»។

យ៉ាងណា ការស្នើសុំបើកគណបក្ស ដាក់ឈ្មោះ និងរូបលោក កែម ឡី នេះ ត្រូវបានក្រសួងមហាផ្ទៃបដិសេធហើយ កាលពីម្សិលម៉ិញ។ នេះ បើតាមការអះអាង របស់លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលធ្វើទៅកាន់សារព័ត៌មានក្នុងស្រុក។ លោកថា ក្រសួងមហាផ្ទៃមិនជំទាស់ ចំពោះការស្នើសុំបង្កើតគណបក្សថ្មីទេ​ ប៉ុន្តែឈ្មោះ និងរូបគណបក្សនេះ មិនត្រឹមត្រូវ តាមច្បាប់ថ្មី ស្តីពីគណបក្សនយោបាយ នៅត្រង់មាត្រា១១។

មាត្រា​១១​ថ្មីនោះ ចែងថា៖ «ឈ្មោះ​គណបក្ស​នយោបាយ​មិន​ត្រូវ​ធ្វើ​ឡើង ដោយ​គ្រាន់តែ​កែ​សម្រួល​បន្តិច​បន្តួច​ នៅលើ​ឈ្មោះ​គណបក្ស​នយោបាយ​នានា ឬ​យក​ឈ្មោះ​រូបវ័ន្ត​បុគ្គល ​មក​ដាក់​ឡើយ»។ ខណៈរូបសញ្ញាសម្គាល់គណបក្ស ក៏ត្រូវមាត្រាដដែលហាមឃាត់ ដូច្នេះដែរថា៖ «សញ្ញា​សម្គាល់​របស់​គណបក្ស​នយោបាយ មិនត្រូវ​ចម្លង ឬ​យក​តាម​សញ្ញា​ជាតិ រូបភាព​តំណាង​ឲ្យ​សាសនា ប្រាសាទ​អង្គរវត្ត ឬ​ព្រះ​ឆាយាល័ក្ខណ៍ ឬ​រូបសំណាក​របស់​ព្រះ​មហាក្សត្រ​ខ្មែរ​គ្រប់​អង្គ ឬ​រូបភាព​របស់​រូបវ័ន្ត​បុគ្គល​ឡើយ»។

មិនត្រឹមតែមិនអាចយកឈ្មោះ ឬរូបលោក កែម ឡី មកធ្វើជាឈ្មោះ ឬរូបសញ្ញាសម្គាល់គណបក្សរបស់លោកនោះទេ ប៉ុន្តែលោក កែម រិទ្ធិសិត ថែមទាំងគ្មានសិទ្ធិគ្រប់គ្រាន់ ក្នុងការប្រើប្រាស់ឈ្មោះ និងរូបរបស់បុគ្គលណាម្នាក់ ដោយគ្មានការអនុញ្ញាតិពីបុគ្គលរូបនោះ ឬពីតំណាងអ្នកស្នងមរតក ដែលកំពុងនៅរស់យ៉ាងជ្រងរ (កូនៗ និងភរិយាលោក កែម ឡី) នោះឡើយ។ នេះ បើតាម ច្បាប់កម្មសិទ្ធិបញ្ញា និងក្រមនីតិវិធីរដ្ឋប្បវេណី ចាប់ពី​មាត្រា ១១៤៥ រហូតដល់ មាត្រា ១៣០៤ ពាក់ព័ន្ធនឹងសន្តតិកម្ម របស់ព្រះរាជាណាចក្រកម្ពុជា។

ច្បាប់ក្រមនីតិវិធីរដ្ឋប្បវេណីនោះ ចែងថា ប្រសិន​បើ​មតកជន​មាន​កូន មរតក​ត្រូវ​​បាន​ទៅ​កូន និងសហព័ទ្ធ (ភរិយា) ដែលសុទ្ធសឹងជា«សន្តតិជន»ផ្ទាល់ នៃមរតកជន។ មរតកនឹងត្រូវបន្ត ទៅឲ្យចៅ បើកូននោះស្លាប់។ បើមរតកជនគ្មានកូនសោះ កេរមរតកត្រូវបានទៅ​ឪពុកម្តាយ ខណៈភរិយា (សហព័ទ្ធ) នៅតែមានចំណែកដដែលដែរ។ រហូតលុះត្រាមរតកជនគ្មាន​ទាំងកូន ហើយ​ឪពុកម្តាយ​ក៏​ស្លាប់​អស់ទៀត ទើបកេរមរតក ​ត្រូវធ្លាក់​ទៅ​បងប្អូនបង្កើត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...