កម្ពុជា៖ រដ្ឋសភា​អនុម័ត​ច្បាប់ តែ​មតិ​ថា​ជា​ច្បាប់​ដែល​មាន​ចរិក​នយោបាយ

បន្ទាប់ពីមានការស្នើសុំរបស់នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៧ខែឧសភានោះមក រដ្ឋសភារបស់ប្រទេសកម្ពុជា បាន​បើក​កិច្ចប្រជុំ«វិសាមញ្ញ»មួយ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៣ ដើម្បីពិភាក្សានិងអនុម័តច្បាប់មួយនេះ ដោយសម្លេងគាំទ្រ ៨៦​លើ៨៦ ដែលជាសម្លេងមួយ គ្រប់គ្រាន់តាម«កូរ៉ូម» ដើម្បីឲ្យច្បាប់នេះមានសុពលភាព ក្នុងការដាក់ឲ្យអនុវត្តបាន។ សម័យ​ប្រជុំនេះ មិនមានវត្តមាន​នៃ​សមាជិកសភាមកពីគណបក្សសម រង្សី និងសិទ្ធិមនុស្សនោះទេ។ បន្ទាប់ពីនោះ ច្បាប់នេះ​នឹង​ត្រូវថ្វាយព្រះមហាក្សត្រ ដើម្បីឡាយព្រះហត្ថលេខាប្រកាសឲ្ យប្រើប្រាស់ជាការប្រញាប់។ ច្បាប់នេះ គ្មានអានុភាព​ដាក់​ទោសលើអ្នកប្រព្រឹត្តិមុនៗ ឬហៅតាម​ពាក្យបច្ចេកទេស «ប្រតិសកម្ម» នោះទេ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: June 08, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ ទីបំផុតទៅ ច្បាប់ស្តីពី«ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តិឡើងក្នុងរយៈកាល​នៃកម្ពុជា​ប្រជាធិបតេយ្យ» ត្រូវបានអនុម័តកិច្ចប្រជុំវិសាមញ្ញ របស់រដ្ឋសភា កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៣នេះ ដោយ​សម្លេងគាំទ្រ៨៦លើ៨៦សម្លេង។ តែសម្រាប់មតិមួយចំនួន យល់ថា ការអនុម័តច្បាប់នេះ មានចរិកនយោបាយ បម្រើឲ្យ គណបក្សកាន់អំណាច ខណៈដែលការបោះឆ្នោតនឹងឈានមកដល់ ក្នុងចុងខែកក្កដាខាងមុខ។


រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា មើលពីខាងក្រៅ។ (រូបថត wikimedia.org)

បន្ទាប់ពីមានការស្នើសុំរបស់នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៧ខែឧសភានោះមក រដ្ឋសភារបស់ប្រទេសកម្ពុជា បាន​បើក​កិច្ចប្រជុំ«វិសាមញ្ញ»មួយ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៣ ដើម្បីពិភាក្សានិងអនុម័តច្បាប់មួយនេះ ដោយសម្លេងគាំទ្រ ៨៦​លើ៨៦ ដែលជាសម្លេងមួយ គ្រប់គ្រាន់តាម«កូរ៉ូម» ដើម្បីឲ្យច្បាប់នេះមានសុពលភាព ក្នុងការដាក់ឲ្យអនុវត្ត។ សម័យ​ប្រជុំ​នេះ មិនមានវត្តមាន​នៃ​សមាជិកសភាមកពីគណបក្សសម រង្សី និងសិទ្ធិមនុស្សទេ។ បន្ទាប់ពីនោះ ច្បាប់នេះ​នឹង​ត្រូវថ្វាយ​ព្រះមហាក្សត្រ ដើម្បីឡាយព្រះហត្ថលេខាប្រកាស​ ឲ្យប្រើប្រាស់ជាការ«ប្រញាប់»។ ច្បាប់នេះ គ្មានអានុភាព​ដាក់​ទោស​​លើ​អ្នកប្រព្រឹត្តិមុនៗ ឬហៅតាម​ពាក្យបច្ចេកទេស «ប្រតិសកម្ម» នោះទេ។

លោក ជាម យៀប តំណាងឲ្យតំណាងរាស្ត្រហត្ថលេខីទាំងប្រាំពីរនាក់ ដែលបានស្នើច្បាប់នេះ និងជាសមាជិកសភា​មកពី​គណបក្សប្រជាជនកម្ពុជា បានថ្លែងបញ្ជាក់ថា សេចក្តីស្នើរច្បាប់នេះ មានគោលដៅឲ្យប្រជាពលរដ្ឋទាំងអស់ចងចាំ និង​មិនអាចបំភ្លេចពីប្រវត្តិសាស្ត្រ ដ៏ជូរចត់ពីអតីតកាល ទប់ស្កាត់កុំឲ្យកើតមានជាថ្មីរបបមួយនេះ។ លោកបន្តថា ច្បាប់នេះ​ជាឧបករណ៍គតិយុត្តិមួយ ដែលបង្កើតឡើងស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាតាមមាត្រា៣១ និងមាត្រា៤១ និយាយពីការគោរពសិទ្ធិមនុស្ស និងការប្រើប្រាស់នូវសិទ្ធិសេរីភាពរបស់ខ្លួន កុំឲ្យមានការប៉ះពាល់ដល់សិទ្ធិអ្នកដ៏ទៃ។

តំណាងឲ្យតំណាងរាស្ត្ររូបនេះ បានពន្យល់ថា ច្បាប់នេះខ្លី ដោយសារតែច្បាប់នេះគ្រាន់តែ​បន្ថែមលើក្រម​ព្រហ្មទណ្ឌឆ្នាំ​២០១១ ដែលមានជាធរមានស្រាប់ប៉ុណ្ណោះ។ លោកថាប្រទេស«គុយបា» ច្បាប់នេះក៏មានប្រាំមាត្រាដូចកម្ពុជាដែរ។

ឯលោកឈាង វុន ប្រធាននីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានបង្ហាញថាច្បាប់នេះមិនមានតែសម្រាប់កម្ពុជាមួយទេ ដប់​ប្រាំពីរប្រទេសទៀតបានអនុម័ត និងប្រើប្រាស់រួចហើយ។ លោកបានបន្ថែមថា ការធ្វើច្បាប់នេះ មានភាពយឺតយ៉ាវបន្តិច ដែលទុកឲ្យជន«ខិលខូច»ឆ្លៀតឱកាស យកមកប្រើប្រាស់ជាល្បែងនយោបាយ។

ចំពោះលោកញ៉ែម ថ្ថាវី អ្នកនាំពាក្យ និងជាសមាជិកសភារដ្ឋសភា បានការពារការអនុម័តច្បាប់នេះថា អត្ថបទច្បាប់​មិន​មែនកើតឡើងដោយ«កំហឹង»នោះទេ ហើយក៏មិនខឹងសម្បា ចំពោះអ្នកដែលបាននិយាយជ្រុលហួសទៅហើយដែរ។ សំខាន់ចង់ឲ្យមានច្បាប់ ដើម្បីទប់ស្គាត់កុំឲ្យរបបមួយនេះ វិលត្រឡប់មកវិញបាន។

នៅមុនកិច្ចប្រជុំនេះមួយថ្ងៃ ក្រុមអ្នកតំណាងរាស្ត្ររបស់គណបក្សសម រង្សី និងសិទ្ធិមនុស្ស បានផ្ញើរលិខិតសុំលើក​ពេលនៃ​ការអនុម័ត ទៅក្រោយការបោះឆ្នោតខែកក្កដាខាងមុខនេះវិញ។ តែលិខិតនេះ ទំនងជាមិនត្រូវបានរដ្ឋសភា ឆ្លើយតប​ដោយ​វិជ្ជមាននោះទេ។

លោក ហូ វ៉ាន់ អនុប្រធានទីមួយ នៃគណកម្មការវិន័យគណបក្សសង្គ្រោះជាតិ យល់ថាច្បាប់មួយចេញដោយ​ភាព​ប្រញាប់​ប្រញាល់បែបនេះ ដោយពុំមានការពិភាក្សាពី សង្កមស៊ីវិល ពីមតិសាធារណជន ច្បាប់នោះអនុម័តទៅមិន​គ្រប់​ជ្រុង​ជ្រោយ​ទេ។ ចោទសួរដោយខ្លួនលោកថា អ្វីជាច្បាប់ លោកបានឆ្លើយយ៉ាងដូច្នេះថា ច្បាប់ជាឆន្ទះរបស់ប្រជាពលរដ្ឋ មានន័យថា​ច្បាប់ត្រូវឆ្លើយតប ទៅនឹងអ្វីដែលរាស្រ្តចង់បាន និងរង់ចាំ។ ដោយការចង្អុល ពីនាយករដ្ឋមន្ត្រីថាឲ្សស្នើច្បាប់នេះនោះ លោក ហូ វ៉ាន់ បានវាយតម្លៃថា វាជាច្បាប់មួយ មានចរិកនយោបាយ។

អ្នកស៊ើបអង្កេតជាន់ខ្ពស់ នៃអង្គការ លីកាដូ (Licadho) លោក អំ សំអាត ក៏បានចាត់ទុកថា ច្បាប់នេះត្រូវបានបង្កើតឡើង ដោយមានការពាក់ពន្ធ័នឹងរឿងនយោបាយដែរ បើគេមើលតាមកាលៈទេសៈនៃការបោះឆ្នោត និងមានការអនុម័តច្បាប់ ដាក់ប្រកាសជាការប្រញាប់ទៀតនោះ។ វាជាយុទ្ធនាការមួយ ក្នុងការស្រូបយកសម្លេងឆ្នោត ទាក់ទាញនូវការគាំទ្រ​ពី​ប្រជាពលរដ្ឋ ដែលជាផលចំណេញដ៏លើសលប់ផ្នែកនយោបាយ។ លោកលើកជាឧទាហរណ៍ថា ដូចជាច្បាប់ឯកពន្ធ័ភាព​ជាដើម ដែលបានកើតឡើង ក្នុងកាលៈទេសៈដូចគ្នាដែរ។

មន្ត្រីជំនាញរបស់អង្គការការពារសិទ្ធិមនុស្សរូបនេះ បានបង្ហាញនូវការសោកស្តោយ ដែលច្បាប់សំខាន់ៗនានា ពាក់ពន្ធ័​នឹងតុលាការឬសិទ្ធិពលរដ្ឋ មិនត្រូវបានរដ្ឋសភាយកចិត្តទុកដាក់បែបនេះឡើយ។

សូមរម្លឹកថា ច្បាប់ស្តីប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ មាន ប្រាំមាត្រា សំដៅឆ្ពោះទៅដាក់ទោស ចំពោះនីតិបុគ្គល ឬបុគ្គលណាដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬ​ជំទាស់​អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតំកើងឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ។ ជនល្មើស នឹង​មាន​ទោសព្រហ្មទណ្ឌ ហើយត្រូវផ្តន្ទាទោសតាមកំណត់ក្នុងក្រមព្រហ្មទណ្ឌ ២០១១ ដោយដាក់ពន្ធនាគារពីប្រាំមួយខែ ទៅ​ពីរឆ្នាំ និងពិន័យជាប្រាក់ពីមួយលានរៀល ទៅបួនលានរៀល៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៧ មិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...