Global Witness៖ កម្ពុជាក្រោមរបប ហ៊ុន សែន មិនមែនជាក្ដីសុបិន្តនៃអ្នកវិនិយោគទុន
- ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី១៩ មករា ២០១៧
- កែប្រែចុងក្រោយ: January 19, 2017
- ប្រធានបទ: សេដ្ឋកិច្ច
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
របបដឹកនាំរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង នៅកម្ពុជា មានការជួយទំនុកបម្រុងពីក្រោយខ្នង ពីសំណាក់បណ្ដាញដ៏ធំសម្បើម នៃការធ្វើការឃុបឃិតគ្នាតាមផ្លូវងងឹត និងក្រុមបក្ខពួក-គ្រួសារនិយម ក្រោមការក្ដោបក្ដាប់ របស់ក្រុមគ្រួសារត្រកូល «ហ៊ុន» និងអ្នកមានឥទ្ធិពល ទៅលើសេដ្ឋកិច្ចកម្ពុជា។ នេះ ជាការលើកឡើង នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ចេញផ្សាយនៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧ របស់អង្គការឃ្លាំមើលពិភពលោក ដែលហៅជាភាសាអង់គ្លេស «Global Witness» ដោយបានបញ្ជាក់បន្ថែមថា៖ «កម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ស្ថិតនៅដ៏សែនឆ្ងាយ ពីក្ដីសុបិន្តរបស់ក្រុមអ្នកវិនិយោគទុន ដែលកំពុងជួបជុំគ្នា នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ក្រុង ដាវូស (Davos - ប្រទេសស្វីស)»។
សេចក្ដីប្រកាសព័ត៌មាន បានសរសេរថា ស្ថិតក្នុងអំណាច តាំងពីជាង៣០ឆ្នាំមកនោះ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានប្រើប្រាស់នយោបាយ បំបាត់ចោលសម្លេងប្រឆាំង ក្នុងនោះ មានទាំងការលួចធ្វើឃាត ការធ្វើទារុណកម្ម និងការចាប់ឃុំខ្លួន ចំពោះជនណាក៏ដោយ ដែលហ៊ានធ្វើការរិះគន់។
អ្នកស្រី អេលីស ហារីសាន់ (Alice Harrison) មន្ត្រីប្រឹក្សាខាងទំនាក់ទំនង របស់អង្គការឃ្លាំមើលពិភពលោក បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា វាមិនមែនជាការភ្ញាក់ផ្អើលទេ ដែលឃើញលោក ហ៊ុន សែន កំពុងស្វះស្វែង ទាក់ទាញអ្នកវិនិយោគទុន នៅក្រុង ដាវូស។ មន្ត្រីប្រឹក្សារបស់អង្គការអន្តរជាតិរូបនេះ បានលើកឡើងថា វេទិកាសេដ្ឋកិច្ចពិភពលោកនេះ គួរបិទទ្វារមិនត្រូវឲ្យចូលរួមឡើយ សម្រាប់មនុស្សដូចលោក ហ៊ុន សែន នេះ។ អ្នកស្រីថា៖ «លោក ហ៊ុន សែន និងគ្រួសាររបស់គាត់ កំពុងក្ដោបក្ដាប់សេដ្ឋកិច្ចរបស់ប្រទេស។ ដូច្នេះ រាល់ទឹកប្រាក់ទាំងឡាយ របស់ក្រុមអ្នកវិនិយោគទុន ថ្មីៗទាំងនោះ នឹងអាចធ្លាក់ចូល ទៅក្នុងហោប៉ៅផ្ទាល់ របស់ពួកគេ។»។
ខ្លាសេដ្ឋកិច្ច នៅអាស៊ាន...
ជាប្រតិកម្មតបវិញ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ទីស្ដីការគណរដ្ឋមន្ត្រី បានហៅការលើកឡើង របស់អង្គការឃ្លាំមើលពិភពលោកខាងលើ ជាការ«ញុះញង់ ប្រឌិតខុសពីការពិត»។ នៅក្នុងសំណេរមួយ ដែលត្រូវបានបង្ហោះផ្សាយ នៅលើទំព័រហ្វេសប៊ុករបស់លោក មន្ត្រីរដ្ឋាភិបាលរូបនេះ បានចាត់ទុកអង្គការអន្តរជាតិមួយនេះ ជាអង្គការ«បីសាចអន្តរជាតិ» និងជាផ្នែកមួយ នៃ«ក្រុមប្រតិកិរិយា»។ មន្ត្រីអ្នកនាំពាក្យ ថែមទាំងបានហៅអ្នកស្រី អេលីស ហារីសាន់ ថាជា«ជនពាល»នោះផង។
លោក ផៃ ស៊ីផាន បានសរសេរថា៖ «កម្ពុជាទទួលបានការគោរព និងឃើញថា ជាខ្លាសេដ្ឋកិច្ចមួយប្រចាំអាស៊ាន ASEAN ដែលមានផលិតផលសរុបក្នុងស្រុក ក្នុងរង្វង់ជាង ៧ ភាគរយ ក្នុងរយៈពេល មួយទសវត្សចុងក្រោយនេះ។ កម្ពុជា ក៏ជាទិសដៅ ដល់អ្នកបណ្តាក់ទុនអន្តរជាតិ ដែលមានភាពកក់ក្តៅ និងបរិមាណខ្ពស់ប្រចាំតំបន់។»។
មន្ត្រីរដ្ឋាភិបាលកម្ពុជារូបនេះ បានលើកឡើងទៀតថា៖ «ស្រទាប់កណ្តាល របស់សង្គមកម្ពុជា បានរីកធំធាត់ប្រកបដោយផាសុខភាព ដែលជាមូលដ្ឋានគ្រឹះ នៃថាមពលសេដ្ឋកិច្ច។ អគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានសម្តែងមោទនភាព និងសាទរស្វាគមន៍ ចំពោះការបណ្តាក់ទុន របស់ពាណិជ្ជករអាមេរិកាំង នៅកម្ពុជា។ ថ្មីៗនេះ ថ្នាក់ដឹកនាំកំពូល របស់បណ្តាលប្រជាជាតិអាស៊ាន ASEAN បានប្រគល់ពានរង្វាន់សមិទ្ធផលអាស៊ានមួយជីវិត ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។»។
និយាយពីសមាជិកខ្លះៗ របស់គ្រួសារត្រកូល «ហ៊ុន»...
តែការអះអាង របស់លោក ផៃ ស៊ីផាន មានលក្ខណៈផ្ទុយគ្នាទាំងស្រុង ទៅលើការអះអាង របស់អង្គការឃ្លាំមើលពិភពលោក ដែលបានទម្លាយឲ្យដឹង ពីអំពើឧក្រិដ្ឋ ជាប់ពាក់ព័ន្ធ ឬប្រព្រឹត្តិដោយ សមាជិកគ្រួសារត្រកូល «ហ៊ុន»។ អង្គការអន្តរជាតិមួយនេះ បានលើកឡើងថា ពីក្នុងចំណោមសមាជិក ត្រកូល «ហ៊ុន» មានអ្នកខ្លះធ្លាប់ជាប់ឈ្មោះ ខាងរត់ពន្ធគ្រឿងញៀន ក្នុងតម្លៃ ១ពាន់លានដុល្លារ តាមរយៈការបាញ់បោះ និងអ្នកខ្លះទៀត មានការជាប់ពាក់ព័ន្ធ ក្នុងទង្វើបើកឡានបុកគេស្លាប់ ហើយរត់គេចខ្លួន។
សេចក្ដីប្រកាសព័ត៌មានដដែល របស់អង្គការឃ្លាំមើលពិភពលោក បានលើកឡើង ពីការអង្កេតរបស់ខ្លួន កាលពីឆ្នាំ២០១៦ ដែលបានបង្ហាញតាមរយៈរបាយការណ៍មួយ កម្រាស់ជាង៦០០ទំព័រ រៀបរាប់ឲ្យដឹង ពីវិធីសាស្ត្រ និងបែបផែន របស់សមាជិកគ្រួសារត្រកូល ហ៊ុន ក្នុងការកាន់កាប់វិស័យឯកជន ដើម្បីការមានបាន របស់ពួកគេនៅកម្ពុជា ខណៈប្រជាជនកម្ពុជាភាគច្រើន កំពុងរស់នៅក្នុងសភាពទីទ័លក្រ ជាទីបំផុត។ ក្រុមហ៊ុនបរទេសល្បីៗ ដែលក្រុមគ្រួសារត្រកូល «ហ៊ុន» មានទំនាក់ទំនងជាមួយ ដើម្បីរកទទួលទានបាន យ៉ាងកាក់កបនោះ មានដូចជា Apple Nokia Unilever Visa Nestle Honda និងក្រុមហ៊ុនចំនួន ១១៤ផ្សេងទៀត។
អ្នកស្រី អេលីស ហារីសាន់ បានព្រមានឡើងថា៖ «អ្នកវិនិយោគទុន ឬសហគ្រាសបរទេស ដែលមានបំណង ចង់ដាក់ទុនរកស៊ី នៅក្នុងប្រទេសកម្ពុជា ត្រូវត្រិះរិះឲ្យបានត្រឹមត្រូវ និងត្រូវប្រុងប្រយ័ត្ន ពីហនិភ័យដែលអាចកើតមានឡើង ដូចជាការបាត់បង់កេរ្តិ៍ឈ្មោះ ថវិកា និងជាពិសេស អាចរងការប្ដឹងផ្ដល់ នៅក្នុងបរិយាកាសសង្គមមួយ ដែលពោរពេញ ដោយភាពពិសពុល»៕