បវរកញ្ញាវេណេហ្សុយអេឡា ត្រូវបានបាញ់ស្លាប់ ក្នុងពេលបាតុកម្មតវ៉ា
សាច់ញាតិរាជិនីសម្រស់ឯក ផ្នែកទេសចរណ៏អាយុ២២ឆ្នាំ ប្រចាំរដ្ឋការ៉ាបូបូ (Carabobo) ប្រទេសវេណេហ្សុយអេឡា បានថ្លែងក្នុងភាពក្តុកក្តួលថា «តើយើងអាចរស់ បានរហូតដល់ពេលណា? តើយើងអាចទុកពេលឲ្យពួកនេះសម្លាប់យើងបានរហូតដល់ពេលណា?» ការថ្លែងដ៏រន្ធត់នេះ បានធ្វើឡើងបន្ទាប់ពីមរណភាពយ៉ាងទាន់ហន់ នៃអតីតស្ត្រីម្ចាស់សម្ផស្សរបស់ពួកគេ កាលពីថ្ងៃពុធ។
នាង ហ្សេណឺស៊ីស កាម៉ូណា នៅពេលនាងនៅរស់ និងនៅក្រោយមរណភាពរបស់នាងនៅមន្ទីរពេទ្យ។ (រូបភាពហ្វេសប៊ុក)
រាជនីសម្រស់ - សម្តែកនៃការសោកស្តាយ បន្តាប់ពីបវរកញ្ញាទេសចរណ៍រូបនេះ បានស្លាប់ក្នុងមន្ទីពេទ្យនាយប់ថ្ងៃកើតហេតុ បានកើតឡើងជាបន្តបន្ទាប់។ បវរកញ្ញាវេណេហ្សុយអេឡា អាយុ២២ឆ្នាំ នាង ជានិស្សិតសិក្សាផ្នែកទីផ្សារ ត្រូវបានបាញ់សម្លាប់ ក្នុងកំឡុងពេលរូបនាងបានចូលរួមក្នុងបាតុកម្ម ប្រឆាំងនឹងការកាន់អំណាចរបស់ប្រធានាធិបតី លោក នីកូឡា មាឌូរូ (Nicolas Maduro) ក្នុងក្រុងវ៉ាឡង់ស៊ីយ៉ា (Valencia) វេលារសៀលថ្ងៃពុធទី១៩ ខែកុម្ភៈនេះ។
រាជិនីសម្ផស្សទេសចរណ៍ នាង ហ្សេណឺស៊ីស កាម៉ូណា (Genesis Carmona) បានទទួលគ្រាប់កាំភ្លើងចំក្បាល ពីឆ្នួនកាំភ្លើងមិនស្គាល់អត្តសញ្ញាណ ដែលបានបើកការបាញ់ប្រហារទៅលើ ក្រុមអ្នកតវ៉ា។ សាក្សីនៅផ្ទាល់កន្លែងបានឃើញ នាងកាម៉ូណា ដួលចុះហើយបន្ទាប់មកបុរសម្នាក់បានបីនាងក្នុងដៃ លើកដាក់លើម៉ូតូបើកដោយបុរសម្នាក់ទៀត ទៅកាន់មន្ទីរពេទ្យសង្គ្រោះជាបន្ទាន់។
ប៉ុន្តែក្រុមគ្រូពេទ្យ មិនអាចជួយសង្គ្រោះនាងបានឡើយ។ នាងបានស្លាប់ ក្នុងមួយម៉ោងបន្ទាប់មក។ ក្រុមគ្រួសារមួយរូបរបស់អតីតបវរកញ្ញា បាននិយាយរំលឹកទាំងក្ដុកក្ដួលថា «តើយើងអាចរស់ បានរហូតដល់ពេលណា? តើយើងអាចទុកពេលឲ្យពួកនេះ សម្លាប់យើងបានរហូតដល់ពេលណា? មួយឆមាសទៀតប៉ុណ្ណោះ នាងនឹងបញ្ចប់ថ្នាក់បរិញ្ញាប័ត្ររបស់នាងហើយ។»
ក្នុងអំឡុងពេលនៃការតវ៉ានេះ នាង កាម៉ូណា ជាជនរងគ្រោះដ៏សំខាន់មួយរូប ពីក្នុងចំណោមមនុស្សប្រាំនាក់ផ្សេងទៀត ក៏ត្រូវបានបាញ់សម្លាប់ដូចគ្នា។ គណបក្សប្រឆាំងរបស់ប្រទេសវេណេហ្សុយអេឡា បានទម្លាក់ការទទួលខុសត្រូវ នៃការស្លាប់និងរងរបួសរបស់ក្រុមអ្នកតវ៉ា នៅលើក្រុមអ្នកស្មោះស្ម័គ្រនឹងរដ្ឋាភិបាល ប្រដាប់ដោយអាវុធ។ ក្រុមប្រឆាំងបានចោទប្រកាន់ថា ក្រុមអ្នកស្និតនឹងរដ្ឋាភិបាល បានបាញ់សំដៅចូលទៅក្នុងហ្វូងមនុស្សដែលកំពុងប្រមូលផ្តុំគ្នា។
មរណភាពរបស់នាង កាម៉ូណា បានកើតឡើងក្រោយតែមួយខែប៉ុណ្ណោះ ពីឃាតកម្មលើអតីតបវរកញ្ញាមួយរូបទៀត គឺនាង ម៉ូនីកា ស្ពៀរ (Monica Spear) ដែលត្រូវបានការបាញ់សម្លាប់នៅកណ្ដាលផ្លូវ ជាមួយនឹងស្វាមីជាតិអង់គ្លេសរបស់នាង។
បាតុករជាច្រើនរយនាក់ ត្រូវបានបំបែកកាលពីយប់ថ្ងៃពុធ ទី១៩ ខែកុម្ភៈ ដោយកងកម្លាំងប្រឆាំងកុបកម្ម គ្រប់គ្រងដោយរដ្ឋាភិបាលនៃប្រធានាធិបតី លោក នីកូឡា មាឌូរូ បន្ទាប់ពីប្រទេសនេះបានធ្លាក់ចុះក្នុងវិបត្តិប្រមាណជា ១៥ថ្ងៃនោះមក។ រលកងើបបះបោរបស់ក្រុមបាតុករ បានកើតឡើងខ្លាំង បន្ទាប់ពីមេដឹកនាំរបស់ក្រុមបាតុករមួយរូប លោក ឡេអូប៉ូដូ ឡូប៉េស (Leopoldo Lopez) ពីក្នុងចំណោមមេដឹកនាំផ្សេងទៀត ត្រូវបានចាប់ខ្លួន និងជាប់ឃុំក្នុងពន្ធនាគាររហូតមកដល់ពេលនេះ។
ក្នុងថ្ងៃដំបូង ក្រុមបាតុករប្រឆាំង នៅក្នុងប្រទេសដែលងាកទៅរកលិទ្ធិសង្គមនិយមមួយនេះ បានងើបចេញមកតាមដងផ្លូវ ដើម្បីទាមទារឲ្យមានលិទ្ធិប្រជាធិបតេយ្យ មានសន្តិសុខកាន់តែប្រសើរឡើង បញ្ឃប់ទំនិញឡើងថ្លៃ និងផ្តល់សិទ្ធិបញ្ចេញមតិ និងសេរីភាពដល់ប្រជាពលរដ្ឋ។ តែរដ្ឋាភិបាល បានហៅក្រុមអ្នកតវ៉ាជាក្រុមអ្នកអាណាធិបតេយ្យ បង្កអសន្តិសុខសង្គម និងមានបំណងចង់ធ្វើរដ្ឋប្រហារ៕
--------------------------------------
ដោយ ក. សេងហុង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ ២០១៤