ប្រធានាធិបតីវ៉េណេហ្សុយអេឡា រងការវាយប្រហារដោយ ឌ្រូន៖ ចាប់ខ្លួន៦នាក់
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៥ សីហា ២០១៨
- កែប្រែចុងក្រោយ: August 06, 2018
- ប្រធានបទ: វ៉េណេហ្សុយអេឡា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ប្រធានាធិបតីវ៉េណេហ្សុយអេឡា ទំនងជាមុខព្រួញ នៅក្នុងការវាយប្រហារមួយ កាលពីយប់ថ្ងៃសៅរ៍ បង្កឡើងដោយកូនយន្ដហោះ បញ្ជាពីចំងាយ «Drone» ចំនួនពីរគ្រឿង ដែលមានផ្ទុក ដោយសារជាតិផ្ទុះ នៅខណៈពេលលោក កំពុងថ្លែងទៅកាន់ពលទាហាន ប្រមាណជា ១៧ ០០០នាក់ នៅក្នុងពិធីហែរព្យុះហយាត្រាមួយ កណ្ដាលរដ្ឋធានី ការ៉ាកាស។
រដ្ឋមន្ត្រីមហាផ្ទៃបានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា មនុស្ស៦នាក់ ត្រូវបានចាប់ខ្លួន ហើយការសម្រុកចូលទៅឆែកឆេរ ក៏ត្រូវបានធ្វើឡើងដែរ នៅក្នុងសណ្ឋាគារជាច្រើន។
លោករដ្ឋមន្ត្រី «Nestor Reverol» បានថ្លែងថា៖ «នៅពេលនេះ យើងចាប់ខ្លួនភេរវជន និងឃាតករ បានចំនួន៦នាក់ រថយន្ដជាច្រើនត្រូវបានរឹបអូស ហើយការសម្រុកចូលទៅឆែកឆេរ ក៏បានប្រព្រឹត្តិទៅដែរ នៅក្នុងសណ្ឋាគារជាច្រើន ដែលស្ថិតក្នុងរដ្ឋធានី។ យើងបានរកឃើញភស្ដុតាង ដ៏អស្ចារ្យជាច្រើន។»។
លោកបន្តថា៖ «អ្នកប្រព្រឹត្តិផ្ទាល់ ដែលជាជនដៃដល់ និងអ្នករៀបចំគម្រោង ទាំងនៅក្នុងប្រទេស និងទាំងក្រៅប្រទេស ត្រូវបានកំណត់អត្តសញ្ញាណទាំងអស់។ ការចាប់ខ្លួនមនុស្សផ្សេងទៀត នឹងត្រូវធ្វើជាបន្ត នៅក្នុងថ្ងៃខាងមុខ។»។
រដ្ឋមន្ត្រីមហាផ្ទៃបានអះអាងថា កូនយន្ដហោះទាំងពីរគ្រឿង មានផ្ទុកដោយសារជាតិផ្ទុះ «C4» របស់កងទ័ព ដែលមានកម្លាំងខ្លាំង និងដែលមានទំងន់សរុប ១គីឡូក្រាម។ លោកថា សារជាតិផ្ទុះនេះ មានលទ្ធភាពកំទេចអ្វីៗ នៅក្នុងរង្វង់៥០ម៉ែត្រ។ លោកបញ្ជាក់ថា៖ «កូនយន្ដហោះមួយ បានហោះរំលងវេទិការរបស់លោកប្រធានាធិបតី ដើម្បីបំផ្ទុះខ្លួន (...) តែប្រព័ន្ធទប់ស្កាត់រលកវិទ្យុ បានរំខានការបញ្ជាកូនយន្ដហោះ ឲ្យមកជិតវេទិការ ដែលធ្វើឲ្យកូនយន្ដហោះនេះ បានផ្ទុះនៅឆ្ងាយពីវេទិការ។»។
មន្ត្រីទទួលខុសត្រូវផ្សេងទៀត បានអះអាងថា កូនយន្ដហោះមួយទៀត បានបាត់ការបញ្ជា មុននឹងទៅផ្ទុះ នៅក្បែរអាគារមួយ ដែលស្ថិតនៅក្បែរអង្គពិធី។
មកទល់នឹងពេលនេះ មិនមានប្រភពឯករាជ្យណាផ្សេង អះអាងពីតុល្យភាព ឬពីប្រភព និងការជាប់ទាក់ទង នៃការវាយប្រហារដោយកូនយន្ដហោះទាំងពីរនេះទេ ខណៈលោកប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ តែងត្រូវបានក្រុមប្រឆាំង និងក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស ចោទថា បានប្រើគ្រប់មធ្យោបាយ ដើម្បីធ្វើការបង្ក្រាប ទៅលើក្រុមអ្នកមាននិន្នាការ ប្រឆាំងនឹងរូបលោក៕