អេដវ៉ា ស្នូដេន ដកពាក្យសុំជ្រកកោនចេញពីរ៉ូស្សី ខណៈប្រទេសផ្សេងបដិសេធ
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: July 02, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នាក់ងារអេដវ៉ា ស្នូដេន (Edward Snowden) ដែលធ្លាប់ជាអ្នកជំនាញខាងព័ត៌មានវិទ្យា ធ្វើការឲ្យស្ថាប័នសន្តិសុខជាតិអាមេរិក (NSA) កំពុងជាប់ខ្លួននៅក្នុងព្រលានយន្ដហោះនៃទីក្រុងម៉ូស្គូ។ ស្នដេន ត្រូវបានស្វែងរកចាប់ខ្លួន ដោយទីក្រុងវ៉ាស៊ីនតោន ហើយបានធ្វើពាក្យសុំជ្រកកោននយោបាយ ទៅប្រទេសចំនួន២១ ក្នុងនោះមានប្រទេសបារាំងផង។ ប៉ុន្តែព័ត៌មានចុងក្រោយ បានឲ្យដឹងថា អ្នកបច្ចេកទេសវ័យក្មេងរូបនេះ បានសម្រេចចិត្តដកពាក្យស្នើសុំចេញពីប្រទេសរ៉ូស្សី ខណៈពេលដែលប្រទេសមួយចំនួនផ្សេង បានផ្ដល់ចម្លើយអវិជ្ជមានរួចហើយ។
ភ្នាក់ងារអេដវ៉ា ស្នូដេន អ្នកជំនាញខាងព័ត៌មានវិទ្យា ធ្វើការឲ្យស្ថាប័នសន្តិសុខជាតិអាមេរិក។ (រូបថត Reuters)
ប្រទេសចំនួនបីបានផ្ដល់ចម្លើយជា«អវិជ្ជមាន»នោះ គឹប្រទេសប៉ូឡូញ ឥណ្ឌា និងប្រទេសហូឡង់។ ប្រទេសផ្សេងទៀត ដូចជាអូទ្រីស ហ្វាំងឡង់ ណ័រវេស អេស្ប៉ាញ និងអ៊ីតាលី បានអះអាងថា បានទទួលពាក្យស្នើសុំជនក្រោននយោបាយ របស់ភ្នាក់ងាអេដវ៉ា ស្នូដេន ប៉ុន្តែបានបកស្រាយថា ពាក្យសុំទាំងនោះមិនបានបំពេញតាមលក្ខខ័ណ្ឌជាផ្លូវការនោះឡើយ ដែលមើលទៅទំនងជាអាចត្រូវបានច្រានចោលដូចគ្នា។
ចំណែកប្រទេសអាឡឺម៉ង់ បាននិយាយថា នឹងពិនិត្យពាក្យស្នើសុំរបស់ ស្នូដេន តាមដែលច្បាប់របស់ខ្លួនអនុញ្ញាតឲ្យ។
ដោយឡែកនៅព្រឹកថ្ងៃទី០២ខែកក្កដា វិមានក្រឹមឡាំងរបស់រ៉ូស្សី បានប្រកាសថា ស្នូដេន បានដកពាក្យស្នើសុំរបស់ខ្លួន ចេញពីប្រទេសរ៉ូស្សី។ ការដកពាក្យនេះ ទំនងមានជាប់ទាក់ទងនឹងការប្រកាសរបស់ប្រធានាធិបតីរ៉ូស្សី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) ថា បើស្នូដេនចង់រស់នៅក្នុងប្រទេសរ៉ូស្សី ស្នូដេនត្រូវបញ្ឈប់សកម្មភាពដែលបង្កបញ្ហា ជាមួយប្រជាជាតិអាមេរិក។ អ្នកជំនាញម្នាក់មកពីវិទ្យាស្ថានវាយតម្លៃយុទ្ធសាស្ត្រ បាននិយាយថា ការដកពាក្យចេញរបស់ស្នូដេន ជាសញ្ញាល្អមួយសម្រាប់ប្រទេសរ៉ូស្សី ព្រោះវាគ្មានប្រយោជន៍អ្វី ដែលរ៉ូស្សីត្រូវសន្សំរឿងជាមួយសហរដ្ឋអាមេរិកនោះទេ។
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសរ៉ូស្សី របស់ប្រធានាធិបតីជាប់ឆ្នោតថ្មី នៃប្រទេសវេណេស៊ុយអេឡា លោក នីកូឡា ម៉ាដូរ៉ូ (Nicolas Maduro) បានថ្លែងថា ប្រទេសលោកមិនបានទទួលពាក្យស្នើសុំអ្វីឡើយ ពីភ្នាក់ងារវ័យក្មេងជនជាតិអាមេរិក។ តែលោក ម៉ាដូរ៉ូ បានបញ្ជាក់ថា អេដវ៉ា ស្នូដេន គួរត្រូវបានការពារដោយច្បាប់មនុស្សធម៌អន្តរជាតិ ដោយលោកបានសង្កត់ធ្ងន់ថា ស្នូដេន មិនបានសម្លាប់នរណាម្នាក់ ក្រៅតែពីនិយាយ«ការពិត»នោះឡើយ។
នៅក្នុងលិខិតមួយផ្ញើរទៅកាន់ រដ្ឋមន្ត្រីក្រសួងការបរទេសប៉ូឡូញ ភ្នាក់ងារអេដវ៉ា ស្នូដេន បាននិយាយថា រូបលោកនឹងអាចរងនូវទារុណកម្មធ្ងន់ធ្ងរ ឬអាចនឹងត្រូវបានសម្លាប់ចោល ប្រសិនបើលោកត្រឡប់ចូលទឹកដីអាមេរិកវិញ។
នៅក្នុងសេចក្ដីថ្លែងការណ៍លើកដំបូងមួយ តាំងពីលោកចាកចេញពីទីក្រុងហុងកុង ក្នុងគេហទំព័រវីគីលីគ្ស៍ (WikiLeaks) អេដវ៉ា ស្នូដេន បានចោទប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) ថាបានគៀបសង្កត់មេដឹកនាំ នៃប្រទេសដែលលោកបានដាក់ពាក្យស្នើសុំ។ ស្នូដេន បានអះអាងថា លោកអូបាម៉ា បានបញ្ជាទៅអនុប្រធានាធិបតីរបស់លោក គឺលោក ចូ បៃដេន ឲ្យធ្វើការគៀបសង្កត់នេះ ទៅលើមេដឹកនាំនៃប្រទេសទាំងនោះ ជាថ្នូរនឹងការចាប់បញ្ជូនខ្លួនលោក ស្នូដេន ទៅសហរដ្ឋអាមេរិក។
ដោយឡែកប្រធានាធិបតីនៃប្រទសអេក្វាទ័រ លោក រ៉ាហ្វាអែល កូរ៉េអា (Rafael Correa) បានថ្លែងថា ការស្នើសុំសិទ្ធិជ្រកកោននយោបារបស់ អេដវ៉ា ស្នូដេន អាចនឹងដោះស្រាយបញ្ហាបាន ដោយបញ្ជាក់ថា ប្រទេសអេក្វាទ័រ មិនទាន់ដកខ្លួនចេញពីចំណាប់អារម្មណ៍ លើសំនុំរឿងនេះនៅឡើយ។ លោកបានសង្កត់ធ្ងន់ថា ទីក្រុងគីតូ (រដ្ឋធានីរបស់អេក្វាទ័រ) នឹងមិនអាចឆ្លើយអ្វីបាន ប្រសិនបើអ្នកស្នើសុំមិនស្ថិតក្នុងទឹកដីរបស់អេក្វាទ័រ។ លោកកូរ៉េអា បានបន្ថែមថា ភ្នាក់ងារវ័យក្មេងជាប់ពិរុទ្ធរូបនេះ ត្រូវធ្វើដំណើរដោយខ្លួនឯង ទៅកាន់ស្ថានទូតនៃប្រទេសអេក្វាទ័រ ប្រចាំនៅទីក្រុងម៉ូស្គូជាមុនសិន៕
-----------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ