អ្នកវិភាគ៖ រដ្ឋាភិបាលលោក ហ៊ុន សែន ដើរដល់ផ្លូវទាល់ច្រកហើយ
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: October 08, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដែលរដ្ឋសភា និងរដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន បានកើតឡើងក្នុងនីតិកាលទី ៥ នេះ។អ្នកវិភាគនយោបាយនៅកម្ពុជា មានលោកបណ្ឌិត កែម ឡី ជាដើម បានអះអាងថា រដ្ឋាភិបាលថ្មីនេះ មិនសូវទទួលបានការស្វាគមន៍ ពីសំណាក់សហគមន៍អន្តរជាតិនោះទេ ហើយថា ពេលនេះគណបក្សប្រជាជនកម្ពុជា បានដើរដល់ផ្លូវទាល់ច្រកហើយ។
លោក ហ៊ុន សែន នៅមន្ទីររដ្ឋសភាថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)
រាជធានីភ្នំពេញ - ព្រឹត្តិការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ពោលគឺចាប់តាំងពីឆ្នាំ ១៩៩៣ ដែលគេបានឲ្យឈ្មោះប្រទេសកម្ពុជាថា ជាប្រទេសកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស។ ព្រឹត្តការណ៍នយោបាយទាំងនោះ បានកើតឡើងនៅក្នុងសង្គមកម្ពុជា ដែលស្ទើរតែប្រទេសប្រជាធិបតេយ្យនៅក្នុងលោក មិនដែលជួបប្រទេះ។ តួយ៉ាងមានជាអាទិ៍ព្រឹត្តិការណ៍ឆ្នាំ ១៩៩៣ នៅពេលដែលគណបក្សប្រជាជនរបស់លោក ហ៊ុន សែន ចាញ់ឆ្នោត ពេលនោះកម្ពុជាបានបង្កើតឲ្យមាននាយករដ្ឋមន្រ្តីចំនួន២រូបគឺនាយករដ្ឋមន្រ្តីទី១ និងនាយករដ្ឋមន្រ្តីទី ២ ដែលមិនធ្លាប់កើតមាននៅលើពិភពលោក។
ព្រឹត្តិការណ៍ថ្មីមួយទៀតនៅក្នុងឆ្នាំ២០១៣នេះ បានកើតឡើងនៅក្នុងសង្គមកម្ពុជាដែរ គឺរដ្ឋសភា និងរដ្ឋាភិបាលថ្មីបង្កើតឡើងដោយសមាជិកសភាបក្សតែមួយគត់ គឺគណបក្សប្រជាជនកម្ពុជា។ ព្រឹត្តិការណ៍នេះ ត្រូវបានគេមើលឃើញថា ស្ទើតែមិនដែលមានឡើយនៅក្នុងប្រទេសមួយ ដែលប្រកាន់យកនូវរបបប្រជាធិបតេយ្យ។ សម្រាប់អ្នកវិភាគស្ថានការណ៍នយោបាយនៅកម្ពុជា បានចាត់ទុកការបង្កើតរដ្ឋសភា និងរដ្ឋាភិបាលថ្មីនេះថា ជាដំណើរការផ្ទុយពីលទ្ធិប្រជាធិបតេយ្យ។
លោក បណ្ឌិត កែម ឡី អ្នកវិភាគនិងជាអ្នកស្រាវជ្រាវជាន់ខ្ពស់ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ថា សកម្មភាពការបង្កើតរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា គឺបង្ហាញពីគណបក្សនេះ «បានដើរដល់ផ្លូវទល់ច្រក»។ ទល់ច្រកដោយហេតុថា រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន សែន ពេលនេះ មិនអាចធ្វើកិច្ចការបានរលូននោះទេ ពោលគឺជារដ្ឋាភិបាលដែលមិនទទួលបានការគាំទ្រច្រើន ពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសពីប្រទេសមហាអំណាច ដែលប្រកាន់យករបបប្រជាធិបតេយ្យ។ អ្នកវិភាគរូបនេះ បានបន្តថា រដ្ឋាភិបាលមួយដែលស្ថិតនៅក្នុងប្រទេសប្រជាធិបតេយ្យ និងបានចុះហត្ថលេខានៅលើ កិច្ចព្រមព្រៀងសញ្ញាអន្តរជាតិជាច្រើននោះ មិនអាចដំណើរការទៅបានទេ បើគ្មានការគាំទ្រពីយន្តការអន្តរជាតិនោះ។
ស្រដៀងគ្នាដែរ បណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយ លោក សុខ ទូច បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ដែរថា ការដែលរដ្ឋាភិបាលបង្កើតដោយឯកបក្សបែបនេះ ធ្វើឡើងមិនឆ្លើយតបនឹងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិឡើយ ហើយនឹងបង្កឲ្យជួបបញ្ហាចំនួន៤។ បញ្ហាទី ១ បញ្ហាលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស ដោយសារប្រទេសកម្ពុជាជាប្រទេសប្រកាន់របបប្រជាធិបតេយ្យ ដែលយកពលរដ្ឋជាធំ តែបើពលរដ្ឋទាមទារឲ្យមានពហុបក្ស តែមិនធ្វើតាមពលរដ្ឋ វាធ្វើឲ្យបាត់បង់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ បញ្ហាទី២ គឺមិនមានតុល្យភាពអំណាចសោះឡើយ ព្រោះតែគណបក្សមួយកាន់រដ្ឋាភិបាលផង និងកាន់សភាផង។ បញ្ហាទី៣ សេដ្ឋកិច្ចត្រូវបានហ៊ុំព័ទ្ធ ដោយសហគមន៍អន្តរជាតិ ជាពិសេសពីប្រទេសមហាអំណាចនានា ដែលជាប្រទេសលោកសេរីប្រកាន់របបប្រជាធិបតេយ្យ។ និងបញ្ហាទី៤ វិបត្តិការទូត គឺតាមរយៈការហ៊ុំព័ទ្ធការទូតពីប្រទេសប្រជាធិបតេយ្យ ដែលធ្វើឲ្យកម្ពុជាខូចមុខម៉ាត់ក្នុងឆាកអន្តរជាតិ។
ទាក់ទងនឹងបញ្ហានេះ លោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ថា ការវិភាគរបស់ក្រុមអ្នកវិភាគទាំងនោះ គឺជាការវិភាគមួយ ដែលគ្មានតុល្យភាព និងឯករាជ្យឡើយ ពោលគឺអ្នកវិភាគទាំងនោះ មានទំនោរទៅលើបក្សប្រឆាំងទាំង«ងងឹតងងុល»។ លោកថា រដ្ឋាភិបាលបច្ចុប្បន្ននេះ កើតឡើងស្របតាមផ្លូវច្បាប់ត្រឹមត្រូវ ហើយគ្មានដើរផ្លូវទល់ច្រកណាមួយនោះទេ គឺមានការគាំទ្រយ៉ាងពេញទំហឹងពីសហគមន៍អន្តរជាតិ មានដូចជានាយករដ្ឋមន្រ្តីឥណ្ឌា ចិន វៀងណាម ថៃ ជប៉ុន ជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ នាពេលកន្លងមកគេសង្កេតឃើញថា គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ដែលកាន់កាប់រដ្ឋាភិបាលបច្ចុប្បន្ន មិនសូវជាចាប់អារម្មណ៍និងឲ្យតម្លៃ មិនខ្វល់ខ្វាយចំពោះក្រុមណា ដែលរិះគន់គណបក្សនេះប៉ុន្មានទេ ហើយតែងតែបដិសេធនឹងអះអាងថា ខ្លួនត្រឹមត្រូវសឹងរាល់លើក។ ការមិនឈឺក្បាល ការមិនខ្វល់ខ្វាយនឹងការរិះគន់នេះហើយ ក៏ជាមូលហេតុចម្បងមួយ ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា នៅក្នុងអាណត្តិទី ៥ នេះ បាត់បង់អាសនៈច្រើននៅក្នុងសភា ដែលលោក ហ៊ុន សែន មិននឹកស្មានដល់។ កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន បានថ្លែងក្រើនរំលឹកដល់មន្រ្តីរបស់ខ្លួន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីដំបូង ដោយទទូចដល់មន្រ្តីទាំងនោះ តាមដានព័ត៌មានឲ្យបានដិតដល់ ជាពិសេសព័ត៌មានរិះគន់រដ្ឋាភិបាល ។ លោក ហ៊ុន សែន ក៏បានប្រកាសពីការធ្វើកំណែទម្រង់«ស៊ីជម្រៅ»រដ្ឋាភិបាលថ្មីនេះផងដែរ។ តែជាការប្រកាសដែលត្រូវគេមើលឃើញថា គ្រាន់តែដើម្បីសម្តែងឲ្យល្អមើលរបស់លោក ហ៊ុន សែន តែប៉ុណ្ណោះ ក្នុងបំណងលុបលាងស្នាមអាក្រក់ ពីរដ្ឋាភិបាលឯកបក្សរបស់ខ្លួន៕
---------------------------------------------------------
ដោយៈ ជា ធីរិទ្ធ - ភ្នំពេញថ្ងៃទី ០៨ តុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ