បញ្ហាសញ្ជាតិច្រើននៃសមាជិក គ.ជ.ប៖ CNRP ប្ដូរជំហរ?
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៩ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 30, 2014
- ប្រធានបទ: បោះឆ្នោត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោយជំនួបនៃមេដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ក្នុងវិមានរដ្ឋសភា កាលពីថ្ងៃទី២៨ ខែវិច្ឆិកានេះ លោក កើត រិទ្ធិ តំណាងក្រុមការងារបច្ចេកទេស មកពីគណបក្សប្រជាជនកម្ពុជា បានចេញមកធ្វើការពន្យល់ពីមូលហេតុ នៃការកំណត់យ៉ាងជាក់លាក់ លើបញ្ហា«សញ្ជាតិ»យ៉ាងនេះថា ប្រមុខមេដឹកនាំនៃគណបក្សទាំងពីរ នៅតែរក្សាគោលជំហរ ក្នុងការរក្សាសញ្ជាតិតែមួយនេះនៅដដែល។ លោកបន្តថា បញ្ហាសញ្ជាតិនេះ ត្រូវបានកំណត់ក្នុងច្បាប់យ៉ាងដូច្នេះ៖ «ដើម្បីអាចក្លាយជាបេក្ខជន គ.ជ.ប សាមីខ្លួនត្រូវតែមានសញ្ជាតិខ្មែរពីកំណើត និងមានសញ្ជាតិខ្មែរតែមួយគត់ ក្នុងពេលបំពេញការងារ»។
ឯតំណាងក្រុមការងារបច្ចេកទេស មកពីគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន បានថ្លែងបន្ថែមពីលើបញ្ហាសញ្ជាតិនេះថា ក្នុងច្បាប់ គ.ជ.ប នោះដែរ ក្រុមការងារទាំងពីរមិនបាន ដាក់កំហិតដាច់ណាច់ថាទាល់តែមានសញ្ជាតិខ្មែរ តែមួយទើបអាចដាក់ពាក្យឈរឈ្មោះជាសមាជិក គ.ជ.ប បាននោះទេ។ លោកបន្តថា គ្រប់បេក្ខជនទាំងអស់ ដែលមានសញ្ជាតិច្រើន ក៏អាចដាក់ពាក្យចូលរួមធ្វើជាសមាជិក គ.ជ.ប បានដែរ តែក្រោយការជាប់ជាសមាជិក គ.ជ.ប ហើយ ត្រូវលាលែងសញ្ជាតិទាំងអស់ ទុកតែសញ្ជាតិខ្មែរតែមួយគត់ ក្នុងក្របខណ្ឌនៃការងារជាសមាជិក គ.ជ.ប។
លោក ប៊ុនរឿន បានថ្លែងឲ្យដឹងទៀតថា៖ «នៅពេលដែលគាត់បញ្ចប់សមាជិក (គ.ជ.ប) ហើយ គាត់អាចទៅទទួលសញ្ជាតិរបស់គាត់វិញបាន។ (...) យើងមិនមែនបដិសេសដាច់ណាត់ថា អ្នកដែលមានសញ្ជាតិលើសពីមួយ មិនអាចឈរឈ្មោះជាសមាជិក គ.ជ.ប បាននោះទេ។ (...) ជាជាផ្លូវកណ្តាល និងជានីតិវិធីនៃបណ្តាប្រទេសនីមួយៗ។»
បញ្ហាសញ្ជាតិនេះ នាពេលកន្លងមក ត្រូវបានសង្គមស៊ីវិលមួយចំនួនធ្វើការរិះគន់ថា វាមិនមែនជារឿងសំខាន់នោះទេ សម្រាប់បេក្ខជនឈរឈ្មោះជាសមាជិក គ.ជ.ប ព្រោះកិច្ចការ គ.ជ.ប ជាកិច្ចការបច្ចេកទេសសុទ្ធសាធ។ ហើយគណបក្សទាំងពីរ ក៏មិនគួរជជែកគ្នាអំពីបញ្ហានេះដាច់ណាត់ឡើយ ព្រោះអាចប៉ះពាល់ខ្មែរដែលមានសញ្ជាតិច្រើន ហើយចង់មកជួយកិច្ចការក្នុងប្រទេសជាតិរបស់ខ្លួន។
យ៉ាងណាក៏ដោយក្រោយ កិច្ចជំនួបរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី ក្នុងវិមានរដ្ឋសភា ទាក់ទងនឹងបញ្ហាសញ្ជាតិច្រើននៃសមាជិក គ.ជ.ប នេះ ត្រូវបានសាស្ត្រាចារ្យ មហាវិទ្យាល័យច្បាប់ក្នុងស្រុកមួយ បង្ហាញការគាំទ្ររបស់ខ្លួន ថានោះជាការអនុគ្រោះជា«ថ្មី» នៃវត្តមានបេក្ខជន ដែលមានសញ្ជាតិច្រើន ហើយចង់ឈរឈ្មោះជាសមាជិក គ.ជ.បនោះ។ សាស្ត្រាចារ្យដែលមិនចង់បញ្ចេញឈ្មោះនោះ បានថ្លែងឡើងថា៖ «នេះជាបទពិសោធន៍ថ្មី នៃស្ថាប័នដ៏ធំមួយក្នុងការស្វែងរក និងកំណត់វត្តមានអ្នកមានសមត្ថភាពដឹកនាំជាតិតាមបែប ជាតិនិយម និងប្រជាជននិយមពិតប្រាកដនៅកម្ពុជា។ (...) យកជាតិ និងរាស្រ្តជាធំ សម្លឹងអនាគត ដើម្បីស្តារឡើងវិញនូវរបបនយោបាយ ដែលដើរតាមគន្លងនីតិរដ្ឋពិតប្រាកដនៅកម្ពុជា។»
សូមទស្សនាវីដេអូនៃកិច្ចសម្ភាសទាំងស្រុងលោក គួយ ប៊ុនរឿន និងលោក កើត រិទ្ធិ ជាមួយអ្នកសារព័ត៌មានដូចខាងក្រោម៖
(វីដេអូនៅមិនទាន់រួច)