តន្ត្រីការិនីពីររូបដំបូងគេ ដែលចេះលេងឧបករណ៍តន្រ្តីពិណបុរាណខ្មែរ
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី១៩ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 23, 2014
- ប្រធានបទ: តន្ត្រី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«មុនដំបូង រៀនពិបាកដែរ។ ប៉ុន្តែរៀនយូរទៅ រៀងស្រួល។» នេះជាការលើកឡើងរបស់យុវតីម្នាក់ ក្នុងចំណោមយុវតីពីរនាក់ ដែលកំពុងដេញពិណ ឧបករណ៍តន្រ្តីបុរាណរបស់ខ្មែរ ដើម្បីទទួលស្វាគមន៍ ភ្ញៀវកិត្តិយសដែលបានមកចូលរួមពីធីបុណ្យអង្ករកម្ពុជា លើកទីពីរ ក្នុងឆ្នាំ២០១៤នេះ កាលពីថ្ងៃទី១៨ ខែវិចិ្ឆកា។
ស្ងួន កវីសេរីរ័ត្ន ជាសិស្សថ្នាក់ទី១០ នៃសាលាមធ្យមវិចិត្រសិល្បៈ។ កញ្ញារួមទាំងប្អូនជីដូនមួយរបស់កញ្ញា គឺកញ្ញា ពៅ រស្មីមុនី គឺជាអ្នកដែលបានរៀនដេញឧបករណ៍ពិណនេះមុនដំបូងបង្អស់ ក្រោមការបង្ហាត់បង្រៀនពីលោកឪពុក កែវ សុនន្ទកវី ដែលជាតន្ត្រីករបុរាណ និងជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
មានអាយុ១៥ឆ្នាំ កញ្ញា ស្ងួន កវីសេរីរ័ត្ន ដែលជាកូនស្រីលោកកែវ សុនន្ទកវីគ្រូតន្ត្រីករសម័យបុរាណ បានហាត់រៀនឧបករណ៍តន្រ្តីបុរាណអស់ពេលពីរឆ្នាំមក។ ហើយកញ្ញា គឺជាមនុស្សដំបូងគេ ដែលចេះលេងឧបករណ៍បុរាណមួយ ដែលប្រជាជនខ្មែរភាគច្រើន ស្ទើតែមិនស្គាល់ឧបករណ៍ប្រភេទនេះ ថាជារបស់ខ្មែរ។ មូលហេតុដែលកញ្ញាចាប់អារម្មណ៍រៀនលេងឧបករណ៍ ដោយសារតែកញ្ញាចង់ក្លាយជាតន្រ្តីការិនី ម្យ៉ាងឧបករណ៍មួយនេះ ក៏មិនសូវមានអ្នកដឹង និងចេះដេញវា។ កញ្ញាថា រហូតមកដល់ពេលនេះ មានមនុស្សបួននាក់ហើយ ដែលចេះដេញឧបករណ៍តន្រ្តីបុរាណមួយនេះ។
បើតាមតន្រ្តីការិនីវ័យក្មេងរូបនេះ ឧបករណ៍ពិណនេះ ទើបនឹងត្រូវបានបង្កើតរូបរាងជាថ្មីកាលពីឆ្នាំ២០១២ តាមរយៈការស្រាវជ្រាវរបស់ឪពុកខ្លួន ជាមួយនឹងគ្រូជនជាតិបារាំងម្នាក់។ កញ្ញាបន្ថែមថា ឧបរណ៍តន្រ្តីពិណអាចលេងបានគ្រប់បទ បែបភ្លេងការ មហោរី ឬបទបុរាណជាដើម។ សម្រាប់ សេរីរ័ត្ន ផ្ទាល់ រយៈពេលពីរឆ្នាំ ដែលនាងចាប់ផ្តើមរៀនឧបករណ៍នេះ កញ្ញាចេះលេងបាន១៥បទ។ បទទាំង១៥នោះ មានដូចជា បទផ្ទៃស្រុកខ្មែរ គិរីលង្វែក ដំណើរខ្មែរ តយតាលឹង ហោមរោងភ្លេងការ ចៅព្រាហ្ម និងបទអ៊ុំទូកជាដើម។
ចំណែកឯកញ្ញា ពៅ រស្មីមុនីរ័ត្ន ជាសិស្សផ្នែកតន្រ្តីករនៅសាលា ហ៊ឹម សុភី និងជាកូនរបស់តន្រ្តីករដែរនោះបាន រៀបរាប់ថា កញ្ញារៀនដេញពិណដំបូងពីគ្រូជនជាតិបារាំងឈ្មោះ ប៉ាទ្រីស បន្ទាប់មករៀនជាមួយប៉ារបស់កញ្ញា និងពូ។ សម្រាប់កញ្ញាផ្ទាល់ ការរៀនពីឧបករណ៍នេះដំបូងមិនសូវជាលំបាកនោះទេ ដោយសារតែកញ្ញាចេះប្រើឧបករណ៍បុរាណស្រាប់។
តន្រ្តីការិនីវ័យក្មេងរូបនេះ បានរៀបរាប់ពីលក្ខណៈរបស់ពិណថា លក្ខណៈសំខាន់របស់ពិណ គឺត្រង់ខ្សែរ ដែលវាខុសពីហ្គីតា ព្រោះខ្សែរបស់វាធ្វើពីខ្សែរសូត្រសុទ្ធ។ វាមានខ្សែ២២ខ្សែ មានទម្ងន់ប្រមាណបីគីឡូក្រាម មានរូបរាងបីទម្រង់ ក្បាលនាគ ក្បាលពស់ និងក្បាលហង្ស។
មានមនុស្សតិចតួចណាស់ ដែលបានស្គាល់ពីឧបករណ៍បុរាណប្រភេទនេះ។ ភាសាខ្មែរហៅថា «ពិណ»ក្លាយមកពីភាសាសំស្ក្រឹត និងបាលីថា«វីណា» ជាឧបករណ៍ខ្សែកេះ ឬដេញដោយម្រាមដៃទាំងដប់ មានពិណកោង ពិណកែង និងពិណស្នូក។ ឧបករណ៍នេះ ប្រើប្រាស់រួមជាមួយនឹងឧបករណ៍ដទៃទៀត សម្រាប់ប្រគំជូនការ រាំច្រៀងថ្វាយអាទិទេពក្នុងព្រហ្មញ្ញសាសនា។ នេះបើផ្អែកតាមការបង្ហាញនៅលើចម្លាក់ ដែលគេប្រទះឃើញចុងក្រោយនៅប្រាសាទបាយ័ន។ រីឯសិលាចរិក នៅតាមជញ្ជាំងប្រាសាទមួយចំនួន ដូចជាប្រាសាទព្រៃគុក បន្ទាយស្រី អង្គរវត្ត គេក៏ប្រទះឃើញ នូវការរំលេចទៅដោយរូបស្រ្ដីខ្មែរដេញពិណផងដែរ។
នៅសម័យមហាអង្គរដ៏រុងរឿង ពិណនេះហើយ ដែលតន្ត្រីករលេងកំដរក្នុងវង់ភ្លេងព្រះរាជទ្រព្យដ៏ល្បីល្បាញ ហើយត្រូវបានសិល្បករឆ្លាក់ លើប្រាសាទថ្វាយអាទិទេពព្រហ្មញ្ញសាសនាទាំងឡាយ តាំងពីសតវត្ស៧ រហូតដល់ចុងសតវត្សទី១២ តែត្រូវបានបាត់រូបរាងទៅវិញ ដោយប្រហែលជាមកពីការវិវត្តន៍ទៅមុខច្រើន នៃវង់ភ្លេងតន្ត្រីនេះ៕