«កណ្ដឹង»ឬ«ជួង» ពាក្យដែលធ្វើឲ្យក្ដៅក្រហាយ
- ដោយ: មនោរម្យ.អាំងហ្វូ - ជ័យគ្រត ([email protected]) - រលាក់កងជើង ថ្ងៃទី២២ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 23, 2014
- ប្រធានបទ: ព័ត៌មានជ័យនាងគ្រត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សូមជម្រាបសួរពុកម៉ែមីងមាបងប្អូន ជាទីមេត្រី។ ថ្ងៃនេះខ្ញុំបាទ ជ័យ បានត្រឡប់មកជម្រាបដំណឹងថ្មីៗប្លែកៗ ដូចតាមការសន្យាទុក និងជាបន្តទៅទៀត។ ព្រឹត្តិការណ៍ដែលខ្ញុំបាទជ័យ សូមជម្រាបជូនឲ្យជ្រាបនៅថ្ងៃនេះ មិនមានអ្វីឲ្យធំដុំទេ តែគ្រាន់ជាបម្រើបម្រាស់ពាក្យ «ជួង ឬកណ្ដឹង» ដែលខ្ញុំបាទនេះ តែងដើរនៅតាមផ្លូវតាំងពីជនបទ រហូតដល់រាជធានី វាចេះតែឮមកដល់ត្រជៀកខ្ញុំបាទ។
ទានហ្អើយ! នៅ៨ឆ្នាំចុងក្រោយនេះ មានបក្សមួយនោះ តាំងខ្លួនមកពីឋានទេវតា ចេះសិល្ប៍ ស្រែកប្រាប់គេឯងថា ខ្លួនជាបក្ស«ជួង»។ ខ្ញុំបាទមិននិយាយពីអ្នកដែលមិនចូលចិត្តបក្សនេះទេ ព្រោះមនុស្សយើង តែមិនចូលចិត្តគ្នាហើយ ច្បាស់ជានិយាយមិនពិរោះពិសារដាក់គ្នាទេបាទ។ តែសម្រាប់មនុស្សទូទៅ ដែលមិនបានចាប់អារម្មណ៍ ឬអ្នកដែលគ្រាន់តែឃើញនិមិត្តសញ្ញារបស់បក្សនេះ គេក៏ចេះតែឆ្ងល់ដែរ តើជាបក្ស«ជួង»ឬបក្ស«កណ្ដឹង»?
បើជ្រុលមាត់ហៅកណ្ដឹងតែមួយម៉ាត់ ច្បាស់ទទួលការវាយប្រហារ ពីក្រុមបក្សនេះ ជាពុំខាន។ ពុកម៉ែមាមីងបងប្អូន ច្បាស់ជាឆ្ងល់ហើយ ថាតើហេតុអ្វីក៏ហៅ«កណ្ដឹង»មិនបាន?
ខ្ញុំបាទសូមយកពាក្យទាំងពីរនេះ មកពន្យល់តាមវចនានុក្រម ដែលមានតែមួយពី៥០ឆ្នាំមកហើយ របស់សម្ដេចសង្ឃជួនណាត ដូចតទៅនេះ៖ ពាក្យ«ជួង» មានអម្បូរពាក្យជានាម មានន័យថា «របស់ដែលធ្វើដោយលោហជាតិ សណ្ឋានដូច"កណ្ដឹង" ដាក់ក្នុងវត្តអារាមសម្រាប់វាយឲ្យសញ្ញាគ្នា» រីឯពាក្យ«កណ្ដឹង» ក៏មានអម្បូរពាក្យថា ជានាមដែរ ហើយមានន័យថា «ប្រដាប់ធ្វើដោយលង្ហិន ឬ សំរិទ្ធ មានសណ្ឋានជាបំពង់មានទងជាវង់ សម្រាប់កាន់ឬចង មានគ្រាប់យោលដោយអង្រង់ទង្គិចឮសូរ»។
ដូច្នេះបើតាមការពន្យល់នេះ «ជួង»ជា«កណ្ដឹង» និងមានមុខងារសម្រាប់ធ្វើឲ្យឮសម្លេង ដើម្បីផ្ដល់សញ្ញា ដូចគ្នា។ ចំណែកឯនៅក្នុងការអនុវត្តជាក់ស្ដែង ខ្ញុំបាទតែងតែឃើញ កាលពីជាង១០-២០ឆ្នាំមុន ពូៗលក់ការ៉េមកី តែងយកប្រដាប់មួយ រាងដូចជួងតែមានទំហំតូច មកគោះឬគ្រវី លាន់ឮសូរ ដើម្បីឲ្យឲ្យសញ្ញាគេឯងថា ធុងការ៉េមកីរបស់គាត់បានមកដល់ហើយ អញ្ជើញជាវអញ្ជើញពិសារ។ អ្នកផងហៅប្រដាប់នោះថា ជាកណ្ដឹងការ៉េមកី (បើទោះជាវាមានរាងដូចកូនជួងក៏ដោយ)។ ប៉ុន្តែសម្រាប់បក្សមកពីឋានទេវតា ដែលប្រកាសខ្លួនថាជាបក្សជួងនោះ មិនអនុញ្ញាតឲ្យនរណាហៅខ្លួន ថាជាបក្សកណ្ដឹងឡើយ។
ពាក្យបន្ថែមខ្មែរ
តាមពិតទៅ រឿងបានកើតឡើង បង្កជាបញ្ហា បណ្ដាលពីក្រុមបក្សផ្សេងទៀត ឬមនុស្សដទៃទៀត ដែលមិនចូលចិត្តបក្សជួង ដែលតែងហៅក្រុមបក្សនេះ ជាបក្សកណ្ដឹង។ ប៉ុន្តែមិនមែនកណ្ដឹងធម្មតាទេ ព្រោះមានបន្ថែមដោយពាក្យចំអកផ្សេងទៀត ដូចជាជាកណ្ដឹង«ឆ្កែ» ឬកណ្ដឹង«គោ»ជាដើម។ ហើយពាក្យបន្ថែមដែលធ្ងន់ធ្ងរជាងនេះ មានដូចជា«កណ្ដឹងសំផួយ» «កណ្ដឹងរ៉» «កណ្ដឹងរ៉ិត» ឬ«កណ្ដឹងរ៉ួយ» ជាដើម។
បាទ... ខ្ញុំបាទមិនសូវចេះ បកប្រែពាក្យបន្ថែមខាងលើនេះប៉ុន្មានទេ ព្រោះខ្ញុំបាទច្រើនរស់នៅឯស្រែ មិនសូវឮពាក្យអស់ទាំងនេះទេបាទ។ ប៉ុន្តែបើនិយាយពីការឲ្យសញ្ញាគ្នា ខ្ញុំបាទស្គាល់ពាក្យមួយទៀត របស់ខ្មែរបូរាណសុទ្ធតែម្ដង នោះគឺ«ត្រដោក»។ ពាក្យនេះអាចហៅបានម្យ៉ាងទៀត ថា«ថ្ដោក» ជារបស់ធ្វើពីឈើ សម្រាប់ពាក់នៅនឹងកសត្វពាហនៈជំនួយការឲ្យអ្នកស្រុកយើង និងជាពិសេសពុកម៉ែមាមីងបងប្អូន ក៏តែងយកវាមកដាក់នៅនឹងទ្វាផ្ទះ នៅនឹងកន្សៃទូក យកមកគោះហៅគ្នា ឬឲ្យសញ្ញាក្នុងពេលអាសន្នអ្វីមួយ។
គ្រាន់តែមិនច្បាស់ថា តើបក្សមកពីឋានទេវតាមួយនេះ នឹងយល់ព្រមឲ្យខ្ញុំបាទហៅថា ជា«បក្សត្រដោក» ឬអត់តែប៉ុណ្ណោះ៕