អ្នក​គាំទ្រ​បក្ស​ជួង​ប្រមូល​គ្នា​ធ្វើ​បាតុកម្ម នៅ​ទីរួម​​ខេត្ត​កំពត

រឿងរ៉ាវ បានកើតចេញពីជម្លោះដីធ្លីមួយ ក្នុងភូមិតេជោ​ក្បាល​ដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត។ ប៉ុន្តែ​ក្រុម​​យុវជន​​នៅ​នឹង​កន្លែង ដែលគេ​ស្គាល់​ថា ជាអ្នកគាំទ្រគណបក្សសម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ ចំនួន​១៣​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន កាល​ពី​រសៀល​ម្សិលម៉ិញ។
អ្នក​គាំទ្រ​បក្ស​ជួង​ប្រមូល​គ្នា​ធ្វើ​បាតុកម្ម នៅ​ទីរួម​​ខេត្ត​កំពត
លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និងដីដែលមានជម្លោះ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ កុម្ភៈ ២០១៧
  • កែប្រែចុងក្រោយ: February 05, 2017
  • ប្រធានបទ: ជម្លោះដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាំងពីល្ងាច ថ្ងៃសៅរិ៍នេះមក ក្រុមអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (ហៅខ្លួនឯងថា បក្សជួង) បាន​ប្រកាសប្រមូលគ្នា ពីគ្រប់ទិសទី ជាពិសេសពីរាជធានីភ្នំពេញ ដើម្បីធ្វើបាតុកម្ម នៅមុខសាលាខេត្តកំពត បន្ទាប់​ពី​យុវជន​ចំនួន១៣នាក់ ត្រូវបានចាប់ខ្លួន ដោយកងកម្លាំង រាជ​អាវុធហត្ថ​​ខេត្តកំពត ទាក់ទងនឹង​ជម្លោះ​ដីធ្លី​មួយ​កន្លែង។

លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ បានសរសេរប្រកាស នៅលើគណនេយ្យ​ហ្វេសប៊ុក​​របស់លោក កាលពីប៉ុន្មាន​ម៉ោងមុន ប្រាប់ឲ្យ«គ្នាយើង» ត្រូវត្រូវចេញដំណើរឲ្យលឿន ទៅកាន់ខេត្ត​កំពត ដោយ​ហេតុថា ក្រុមអាជ្ញាធរ កំពុងចាប់យុវជនច្រើននាក់ ជាពិសេសយុវជនម្នាក់ ឈ្មោះ «ភត្រា» ដែល​ជា​អ្នក​កាន់​ត្រាក់ទ័រកាយដី នៅលើដីធ្លីជម្លោះនោះ។

ប្រធានគណបក្សជួង បានសរសេរពន្យល់ នៅក្នុងពេលបន្តបន្ទាប់មកទៀតថា៖ «យើងត្រូវនាំគ្នាទៅបាតុកម្ម នៅ​សាលាខេត្តកំពត នាល្ងាចនេះ​ ព្រោះកំលាំងប៉េអឹមខេត្តកំពត ចំនួនប្រាំឡាន បានចាប់ខ្លួនគ្នាយើង​ច្រើន​នាក់​ណាស់​ មិន​ទាន់​ដឹង​ចំនួនច្បាស់លាស់ទេ​ នៅតំបន់ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត​។»

លោកបានសរសេរបន្តថា៖ «មានអ្នកជិតខាងយើងម្នាក់ ដែលត្រូវជាប្អូនស្រីជីដូនមួយ (របស់)បង លី គឹមហុង ទៅ​ប្តឹង​ប៉េអឹមថា យើងបានឈូសដីចូលព្រំដីគេ​ តែការពិត ជាដីរបស់បងគឹមហុងទេ​ តែប្អូនស្រីជីដូន​មួយបង គីម​ហុង មាន​ខ្សែ​ជា​ប៉េអឹម​ខេត្ត ក៏ទៅប្តឹងប៉េអឹម អោយមកចាប់គ្នាយើងតែម្តង។​»។

លោក ខឹម វាសនា បានរៀបរាប់ថា ដីដែលមានជម្លោះ នៅមិនទាន់មានលិខិត​កាន់កាប់នៅឡើយ ដែល​មិន​អាច​អនុញ្ញាត ឲ្យម្ចាស់បណ្ដឹង អះអាងថា ដីនោះជាដីខ្លួន ដើម្បីធ្វើការចាប់ចងអ្នកដទៃដូច្នេះនោះទេ។ ប្រធាន​គណបក្ស​បាន​សរសេរថា៖ «នេះជាអំពើរំលោភច្បាប់ទាំងស្រុង របស់ប៉េអឹមខេត្តកំពត​ ម្លោះហើយយើង​ត្រូវ​ប្រមូល​គ្នា ទៅបាតុកម្ម​ដល់​សាលា​ខេត្តកំពត ទាំងយប់នេះតែម្តង»។

ប្រភពពីមន្ត្រីសាលាខេត្តកំពតវិញ បានអះអាងថា ការចាប់ចងក្រុមយុវជនខាងលើ គឺជាការពិត ប៉ុន្តែថាបាន​ធ្វើ​ឡើង តាមពាក្យបណ្ដឹង របស់គ្រួសារចំនួន៦ ដែលមានសិទ្ធិកាន់កាប់ដីនោះ។ ប្រភពបានបញ្ជាក់បន្តថា ដោយ​សារ​ពាក្យ​បណ្ដឹងនោះ និងទទួលបានបទបញ្ជា ពីលោក ចាន់ ចេស្ដា អភិបាលខេត្តផង ទើបលោក ស៊ឹម វុទ្ធា អភិបាល​រង​ខេត្តកំពត បានដឹកនាំកម្លាំង«ចម្រុះ» ចុះទៅ«ទប់ស្កាត់» ហើយបានឃាត់ខ្លួន បក្ខពួកសង្ស័យ ចំនួន​១៣នាក់ ក្នុងនោះមេការពីរនាក់។

មន្ត្រីសាលាខេត្ត បានបញ្ចាក់ទៀតថា ប្រតិបត្តិការ​ដែលបានធ្វើឡើង នៅរសៀលថ្ងៃសៅរ៍នេះ ទទួលបាន​ការ​សម្រប​សម្រួល ពីសំណាក់លោក ខាន់ សុផល ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ប៉ុន្តែជនសង្ស័យ​ធំ​ជាង​គេ ឈ្មោះ លី គឹមហុង ដែលមានដីការចាប់ខ្លួនពីតុលាការ ក្នុងបទរំលោភ​ដីធ្លី និងបំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​​អ្នក​ដទៃ ​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល។

មិនអាចស្វែងរកប្រតិកម្ម ពីសាលាដំបូងខេត្តកំពតបាននៅឡើយ ក្នុងយប់ថ្ងៃទី៤ ខែកុម្ភៈនេះ។ ប៉ុន្តែដីកាចាប់ខ្លួន ដែលចេញដោយ​តុលាការ ទំនងជាបណ្ដាលមកពីមូលហេតុ នៃការឈូសឆាយទៅលើដំណាំ និងបំផ្លាញ​បង្គោល​របងដី របស់ក្រុមគ្រួសារ ដែលជា​ម្ចាស់​បណ្ដឹង។ នេះ បើតាមការអះអាងរបស់លោក ម៉ែន នឿន អាយុ៥០ឆ្នាំ ដែល​បាន​រៀបរាប់​ថា ក្រុមលោក លី គឹមហុង ដែលមានលោក លី គឹមហេង ជាមេការ បានបញ្ជាឱ្យអ្នកបើកគ្រឿងចក្រ ឈូស​ឆាយ​ដំណាំ​របស់​ខ្លួន នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ រហូត​ដល់ម៉ោង​៨យប់។

លោក ម៉ែន នឿន បានបន្តថា ដោយហេតុនេះហើយ ទើបលោកបានបានប្តឹង ទៅកាន់អាជ្ញាធរឃុំ ហើយនៅ​ព្រឹក​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ​២០១៧​ ក្រុមមន្ត្រីឃុំ បានចុះមកពិនិត្យមើល និងហាមឃាត់ តែក្រុមលោក លី គឹមហេង (ដែល​ជា​មេការ) នៅតែមិនស្តាប់ និងបន្តបំផ្លាញ​បង្គោល​របង និងដំណាំ រហូតដល់យប់ថែមទៀត។ ទង្វើខាងលើ ក៏​ដូច​ជា​រឿងរ៉ាវ​ដែល​មានក្នុងពេលកន្លងមក ជាមួយ​ក្រុមលោក លី គឹមហុង ត្រូវបានមន្ត្រីឃុំតេជោអភិវឌ្ឍន៍ សម្ដែងការ​សង្ស័យ​ថា ក្រុមនេះ​មាននរណា​«ជាខ្នង»បង្អែក ទើបបញ្ចេញសកម្មភាពខ្លាំងក្លា ដាក់អាជ្ញាធរមូលដ្ឋានបែបនេះ។

ធ្វើរឿងច្បាប់ទម្លាប់ ទៅជារឿងនយោបាយ?

ក្រុមលោក លី ប៊ុនហុង មានភាគច្រើន ជាក្រុមយុវជនដែលគាំទ្រគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ហើយ​ប្រធាន​គណបក្សរូបនេះ បានអះអាងជាច្រើនដង ហៅលោក លី គឹមហុង ថា«បង» និងបន្ទោស​ទៅលើ​ប្អូន​ស្រី​ជីដូន​មួយ របស់លោក លី គឹមហុង ដែលថាមាន «ខ្សែរប៉េអ៊ឹម»ខេត្ត គឺជាអ្នកបង្ករឿងនេះឡើង។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងបន្តតាមដានករណីនេះ ហើយនឹងជម្រាបជូនប្រិយមិត្តអ្នកអាន នៅក្នុងអត្ថបទ​លើក​​ក្រោយៗ​​របស់ខ្លួន។

យ៉ាងណាក៏ដោយ ក៏ពេលនេះ មានអ្នកគាំទ្រគណបក្សជួងជាច្រើននាក់ បានឡើងទៅដល់ខេត្តកំពត រួចជាស្រេច ដោយជិះ​រថយន្ដក្រុង និងរថយន្ដផ្ទាល់ខ្លួន​ ហើយនៅម៉ោងនេះ (ម៉ោងដែលអត្ថបទចេញផ្សាយ) ក្រុមមនុស្ស​ជា​ច្រើន​កុះករ បានជួបជុំគ្នា នៅមុខស្នងការដ្ឋាន​នគរបាលខេត្តកំពត។ ប៉ុន្តែពួកគេខ្លះ បានត្អូញត្អែរ​ពីការរំខាន ពី​សំណាក់​មន្ត្រីនគរបាលខេត្ត ថាបានរារាំងពួកគេ មិនឲ្យចូលទៅដល់ទីរួមខេត្ត ខណៈពួកគេមួយចំនួន ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន។ មួយ​ចំនួន​ផ្សេង បានបោះតង់កំណាត់ ទទួលទានដំណេក នៅកណ្ដាលវាល កាលពីយប់ម៉ិញ ដោយ​សារ​តែ​ផ្ទះ​សំណាក់ខ្លះ បានបិទទ្វាមិនទទួលយកពួកគេ ជាអតិថិជន ដែលទំនងជារងគំនាបអ្វីមួយ។

គ្មានការអះអាងច្បាស់លាស់ ពីតួលេខពិតប្រាកដ ទាក់ទងនឹងមនុស្ស ដែលត្រូវឃាត់ខ្លួន ក្នុងយប់នេះទេ ហើយ​អាជ្ញាធរខេត្តកំពត ក៏មិនអាចទាក់ទងសុំប្រតិកម្ម ក្នុងពេលភ្លាមៗនេះបានដែរ។

អ្នកគាំទ្រគណបក្សនេះ មួយចំនួនទៀត បានអះអាងថា ពួកគេបានយករឿងនេះ ទៅបង្ហោះនៅក្នុងទំព័រហ្វេសប៊ុក របស់នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន រួចហើយ ខណៈលោក ខឹម វាសនា វិញ ទំនងដូចជាចាត់ទុករឿងនេះ ជា​រឿង​នយោបាយ និងត្រៀមធ្វើ​សន្និសីទ​កាសែត​មួយ ក្នុងពេលខាងមុខ។ លោកបានសរសេរ ​ជាច្រើនដង នៅ​លើ​គណនេយ្យ​ហ្វេសប៊ុក របស់លោកដូច្នេះថា៖ «មិនមែន​សង្គម​មនុស្ស​ទេ។ រស់កើត(ឬ)ទេ បងប្អូន?»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...