ស្នង​ការ​នគរបាល​ខេត្ត​កំពត ថាបាតុកម្ម​បក្ស​ជួង​ ​«ខុស​ច្បាប់»

លោកស្នងការ​នគរបាលខេត្តកំពត បានអះអាងថា បាតុកម្ម​របស់​ក្រុម​អ្នកគាំទ្រគណបក្សសម្ព័ន្ធ ដើម្បី​ប្រជាធិប​តេយ្យ នៅមុខ​ស្នងការដ្ឋាន​នគរបាលខេត្តកំពត ក្នុងព្រឹក​ថ្ងៃ​អាទិត្យ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់ និងជា​ការ​រំខាន​មួយ។
ស្នង​ការ​នគរបាល​ខេត្ត​កំពត ថាបាតុកម្ម​បក្ស​ជួង​ ​«ខុស​ច្បាប់»
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងបាតុករ ដែលមកអង្គុយ តាំងពីព្រហាម ព្រឹកថ្ងៃអាទិត្យនេះ នៅខាងមុខស្នងការដ្ឋាន នគរបាលខេត្តកំពត។ (រូបថត​លើ​ហ្វេសប៊ុក)
Loading...
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ កុម្ភៈ ២០១៧
  • កែប្រែចុងក្រោយ: February 05, 2017
  • ប្រធានបទ: ជម្លោះដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅចំពោះបាតុកម្មអហិង្សា របស់ក្រុមអ្នកគាំទ្រ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (ហៅខ្លួនឯង ថាបក្សជួង) នៅ​ខាងមុខស្នង​ការដ្ឋាន​នគរបាល​ខេត្តកំពត តាំងពីព្រឹកព្រហាម​ថ្ងៃអាទិត្យ រហូតមកដល់ថ្មើរនេះ លោក​ឧត្ដម​សេនីយ៍​ទោ ម៉ៅ ច័ន្ទមធុរិទ្ធ​ ស្នងការ​នគរបាលខេត្តកំពត បានសម្រេចចិត្តចេញមុខ មកធ្វើប្រតិកម្ម ដោយបាន​វាយ​តម្លៃ​បាតុកម្ម​នេះ ថា​ធ្វើឡើងដោយខុសច្បាប់។

ប៉ុន្តែនៅ​ចំពោះការទាមទារ របស់ក្រុមបាតុករ ដែលស្នើឲ្យមាន​ការបកស្រាយ ទៅលើការចាប់ខ្លួនក្រុមយុវជន គាំទ្រ​គណបក្ស​ជួង​ចំនួន​១៣នាក់ ដែលត្រូវបានធ្វើឡើង កាលពីរសៀលម្សិលម៉ិញនោះ លោកស្នងការ​បាន​ជ្រើស​រើស ការ​ធ្វើ​ប្រតិកម្ម​​នេះ​ នៅ​​តាម​​បណ្ដាញ​សង្គម​ទៅ​វិញ។

នៅលើគណនេយ្យហ្វេសប៊ុក ដែលមានដាក់ឈ្មោះ «Chanmathurith Mao» និងដែលគេស្គាល់ថា ជា​គណនេយ្យ​ផ្ទាល់ របស់លោក ម៉ៅ ច័ន្ទមធុរិទ្ធ​ នោះ បានសរសេរ​នៅប្រមាណជាមួយម៉ោងមុននេះថា៖ «តើការ​មក​ចូលរួម ធ្វើ​បាតុកម្ម​របស់​បងប្អូនថ្ងៃនេះ ដើម្បី​ផល​ប្រយោជន៏​បុគ្គល ឬមួយផលប្រយោជន៏ប្រជាជន! ការមក​ធ្វើ​បាតុកម្ម របស់​បង​ប្អូន​នៅ​ថ្ងៃ​នេះ គឺជាទង្វើខុសច្បាប់»។

លោកស្នងការ បានបន្តទៀតថា៖ «បងប្អូនមិនបាន​​សុំការ​អនុញ្ញាតជាមុន ពីអាជ្ញាធរខេត្ត។ បងប្អូនរំខាន ការធ្វើ​ការ​របស់​សមត្ថកិច្ច និង​រំខានប្រជាពលរដ្ឋ ដែលរស់នៅ។»។

គេមិនដឹងថា តើក្រុមអ្នកគាំទ្រគណបក្សជួងទាំងនេះ បានធ្វើលិខិតជូនដំណឹងជាមុន ដាក់ទៅកាន់​សាលា​ខេត្ត​កំពត ដើម្បីប្រាប់​អាជ្ញាធរ​ឲ្យដឹង ពីគម្រោងធ្វើបាតុកម្ម របស់ក្រុមខ្លួន ឬយ៉ាងណានោះទេ។ ប៉ុន្តែបើតាម​ចលនា ដែលបានផ្ទុះឡើង និងតាមការ​អំពាវនាវ ពី​សំណាក់​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិប​តេយ្យ តាំងពីល្ងាចម្សិលម៉ិញ បានធ្វើឲ្យគេជឿថា បាតុកម្មនេះ​បាន​កើត​ឡើង ដោយឯកឯងនិងភ្លាមៗ។

រដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីបាតុកម្ម របស់កម្ពុជា បានចែងការពារសិទ្ធិសំដែងមតិ របស់ពលរដ្ឋកម្ពុជា តាម​រយៈ​ ការ​ធ្វើ​​បាតុកម្ម​អហិង្សា និង​មិន​បាន​ចែកថា រាល់ការសំដែងមតិទាំងនោះ ចាំបាច់ត្រូវមានការអនុញ្ញាត ពីអាជ្ញាធរ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ អ្នករៀបចំបាតុកម្ម ឬ​តំណាង​បាតុករ ចាំបាច់​ត្រូវជូន​ដំណឹង ពីបាតុកម្មរបស់ខ្លួននេះ ជូន​ទៅ​អាជ្ញាធរ ហើយ​​អាជ្ញាធរ​ត្រូវមានកាតព្វកិច្ច ការពារ​សិទ្ធិ​សំដែង​មតិ​នោះ។

សម្រាប់លោក ខឹម វាសនា វិញ មិនបានឆ្លើយតប ទៅនឹងការលើកឡើង របស់លោកស្នងការ ដែលថាបាតុកម្ម របស់​អ្នក​គាំទ្រ​គណបក្ស​លោក ត្រូវបានធ្វើឡើង ដោយខុសច្បាប់ និងជាការរំខាននោះទេ។ ប្រធានគណបក្សជួង គ្រាន់​តែ​តប​ពីបុព្វហេតុ នៃ​បាតុកម្ម​យ៉ាង​ដូច្នេះថា៖ «ចាប់មនុស្សខុសច្បាប់ ជាអំពើអយុត្តិធម៌ ដែលត្រូវតែតវ៉ា​ ស្អី​រឿង​បុគ្គល ស្អីរឿងប្រជាជននោះ? ជារឿងអយុត្តិធម៌ ដែល​ធ្វើ​ទៅ​លើ​មនុស្ស​ ដែលចាំបាច់ត្រូវតែតវ៉ា រក​យុត្តិធម៌។»។

» អានអត្ថបទដែលទាក់ទង៖ អ្នក​គាំទ្រ​បក្ស​ជួង​ប្រមូល​គ្នា​ធ្វើ​បាតុកម្ម នៅ​ទីរួម​​ខេត្ត​កំពត

ក្រុមអ្នកគាំទ្រ​គណបក្ស​សម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ បានប្រមូលគ្នាពីល្ងាចម្សិលម៉ិញ ពីបណ្ដាខេត្តក្រុង ជា​ពិសេស​ពី​រាជធានី​ភ្នំពេញ សំរុកចូលមកទីរួមខេត្ត កំពត ទាំងយប់ បន្ទាប់ពីគ្នីគ្នារបស់ពួកគេ ចំនួន១៣នាក់ ត្រូវបាន​អាជ្ញាធរ​ចាប់​ខ្លួន នៅក្នុងជម្លោះដីធ្លី​ដ៏ចម្រូង​ចម្រាស់​មួយ ក្នុងភូមិតេជោ​ក្បាល​ដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​​កំពត។ សម្រាប់អាជ្ញាធរ ការឃាត់ខ្លួននោះ ត្រូវបានធ្វើឡើង ក្រោមច្បាប់ព្រហ្មទណ្ឌ ស្ដីពីបទល្មើស​ជាក់​ស្ដែង។

ដូចសំណេរ របស់លោកស្នងការ ម៉ៅ ច័ន្ទមធុរិទ្ធ បានពន្យល់កាល​ពីព្រឹក​ថ្ងៃអាទិត្យ​នេះ​ថា៖ «សូមជំរាប​ដល់​បង​ប្អូន ដែលមិនបានយល់ អំពីច្បាប់ព្រហ្មទណ្ឌ។ ចំពោះបទល្មើសជាក់ស្តែង មិនចាំបាច់មានដីកា ពី​ព្រះ​រាជ​អាជ្ញា​នោះ​ទេ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...