សម រង្ស៊ី៖ អ្នកកាន់អំណាចសព្វថ្ងៃ ឆ្កួត... មិនខុសពីខ្មែរក្រហម
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី៣០ មេសា ២០១៦
- កែប្រែចុងក្រោយ: April 30, 2016
- ប្រធានបទ: នយោបាយកម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ព្រឹត្តិការណ៍ក្ដៅចុងក្រោយ នៅក្នុងប្រទេសកម្ពុជា បានឈានទៅដល់ការចាប់ចង មន្ត្រីអង្គការសង្គមស៊ីវិលជាច្រើននាក់ ដោយអង្គភាពប្រឆាំងពុករលួយ របស់រដ្ឋាភិបាលក្រុងភ្នំពេញ។ ហើយព្រឹត្តិការណ៍នេះ បានបង្កឲ្យមានប្រតិកម្មយ៉ាងច្រើន ពីសំណាក់មជ្ឈដ្ឋានទូទៅ និងរហូតត្រូវបានក្រុមគណបក្សប្រឆាំង វាយតម្លៃថា ជាការឡើងកម្ដៅនយោបាយដ៏ខ្លាំងមួយ បណ្ដាលមកពី«ការភ័យខ្លាច របស់ក្រុមអ្នកកាន់អំណាច ដែលកំពុងប្រើប្រាស់វិធី មិនខុសពីខ្មែរក្រហមឡើយ»។
នៅក្នុងប្រតិកម្មជាលើកដំបូង មួយពីរដ្ឋធានីប៉ារីស ប្រទេសបារាំង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងខ្លាំងៗដូច្នេះ ពីក្នុងពិធីជួបជុំគ្នាមួយ ជាមួយនឹងក្រុមអ្នកគាំទ្រនៅទីនោះ ដោយមានការចូលរួម ពីលោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែងផង។ ប្រធានគណបក្សប្រឆាំង បានចាត់ទុកហេតុការណ៍ ដែលកើតឡើង ក្នុងប៉ុន្មានខែចុងក្រោយបំផុតទាំងនោះ ថាជាទង្វើ ដែលមានលក្ខណៈដ៏ថោកទាប និងឆ្កួតៗ របស់រដ្ឋាភិបាលសព្វថ្ងៃ។
លោក សម រង្ស៊ី បានថ្លែងឡើងថា៖ «វាអត់មានផ្លូវណាទៀត គឺមានតែផ្លូវរករឿងយើង (...) អារឿងអត់ប្រយោជន៍ យកមកបំប៉ោង មកលាបពណ៌ គឺដើម្បីសម្លាប់ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ហើយឈានទៅដល់សម្លាប់អង្គការក្រៅរដ្ឋាភិបាលទៀត។ ប៉ិនមិនមែនសម្លាប់រាងកាយនោះទេ។ ប៉ិនពួកនេះ មិនខុសពីខ្មែរក្រហមប៉ុន្មានទេ។ កាល(ក្នុងសម័យ)ខ្មែរក្រហម គេសម្លាប់រាងកាយ គេយកទៅវ៉ៃចោល គេយកទៅទួលស្លែង។ តែឥឡូវ គេសម្លាប់នយោបាយ គេបំបិតសេរីភាពយើង កុំឲ្យយើងមានសិទ្ធិ មានសម្លេង (...) គេសម្លាប់ផ្លូវនយោបាយ គេយកទៅអង្គភាពប្រឆាំងអំពើពុករលួយ គេយកទៅតុលាការ ដើម្បីកំចាត់អ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យ។»
លោកបានបន្តថា៖ «ខ្ញុំមិនយល់ រឿងអីដែលត្រូវប្រឆាំងអំពើភេរវកម្ម (...) ប្រឆាំងអំពើពុករលួយ? អំពើពុករលួយបំផ្លិចបំផ្លាញជាតិ រាប់ពាន់លានដុល្លារ ព្រៃឈើវិនាសអស់ ដីធ្លី (...) រាស្ត្រក្ររហេមរហាម (...) អាណ្នឹងហើយអំពើពុករលួយ។ ឥឡូវមកបែរចាប់អាលុយ ៥០០ដុល្លារ ថានរណាសន្យាថាឲ្យនរណា ចាប់ទាំងអស់ ឆ្កួត! (...) គេថាពួកនេះឆ្កួតមែនទែន វាដល់កម្រិតណ្នឹងហើយបងប្អូន ដល់កម្រិត ដែលវាត្រូវចាញ់ វិនាសហើយបងប្អូន បើឆ្កួតប៉ុណ្ណឹង គ្មានទៅមុខកើតទេ។»
សូមទស្សនាវីដេអូ ស្ដីពីការថ្លែងរបស់លោក សម រង្ស៊ី ទាំងស្រុងដូចតទៅ៖
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងព្យាយាមស្វែងរកប្រតិកម្ម ពីមន្ត្រីរដ្ឋាភិបាល ឬពីគណបក្សប្រជាជនកម្ពុជា យកមកផ្សាយនៅក្នុងអត្ថបទលើកក្រោយរបស់ខ្លួន។
សូមទស្សនាវីដេអូបន្ថែម ស្តីពីការថ្លែង របស់លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង មកពីគណបក្សសង្គ្រោះជាតិ ដែលថ្លែងក្នុងកម្មវិធីដដែល៖