ហ៊ុន សែន៖ ទោះ​ម៉ែ​អភ័យឯក​សិទ្ធិ ឪ​អភ័យឯក​សិទ្ធិ​ក៏ដោយ!

ច្បាប់នៅកម្ពុជា ទោះជននោះ​មាន​អភ័យឯកសិទ្ធិប៉ុណ្ណា​ក៏ដោយ បើក្លាយខ្លួនជាប់​ជា​មុខ​សញ្ញា​ហើយ គឺ​លោក ហ៊ុន សែន នឹង​តាម​ចាប់​ខ្លួន​ជន​នោះ មកដាក់អនុវត្តទោសឲ្យទាល់តែបាន។ ជាការថ្លែង របស់លោកនាយករដ្ឋមន្ត្រី​ផ្ទាល់​តែ​ម្ដង ទាក់ទង​នឹង​មន្ត្រី​ម្នាក់ របស់​អង្គការ​សហប្រជាជាតិ ដែលត្រូវបាន​អង្គភាព​​ប្រឆាំង​អំពើ​ពុករលួយ ចេញ​លិខិត​កោះ​ហៅ ឲ្យ​មក​​ផ្ដល់​ចម្លើយ។
ហ៊ុន សែន៖ ទោះ​ម៉ែ​អភ័យឯក​សិទ្ធិ ឪ​អភ័យឯក​សិទ្ធិ​ក៏ដោយ!
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន។ (រូបថត AFP)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០១ ឧសភា ២០១៦
  • កែប្រែចុងក្រោយ: May 01, 2016
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទោះជននោះ ជាមន្ត្រីរបស់អង្គការសហប្រជាជាតិ ដែលមានអភ័យឯកសិទ្ធិ ឬមកពីណាក៏ដោយ តែ​សម្រាប់​នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន វាមិនមានអ្វីពិសេសនោះទេ។ បុរសខ្លាំងកម្ពុជា ដែល​អង្គុយ​ក្នុង​តំណែង​ជានាយករដ្ឋមន្ត្រី តាំងពីជាង៣០ឆ្នាំមកនោះ បានថ្លែងព្រមាននៅថ្ងៃអាទិត្យនេះថា នឹងមិន​លើក​លែង​ឲ្យ​នរណា​ទាំងអស់ ក្នុងនោះមានទាំងមន្ត្រី របស់អង្គការសហប្រជាជាតិម្នាក់ផង ដែលអង្គភាព​ប្រឆាំង​​អំពើ​​ពុក​រលួយ​អះអាង​​នឹង​ធ្វើការ​នាំខ្លួន ឲ្យខាងតែបាន។

ថ្លែងក្នុងកម្មវិធីមួយ ជាមួយនឹងក្រុមកម្មករនៅក្រុងព្រះសីហនុ ដើម្បីអបអរ​ទិវាពលកម្ម​អន្តរជាតិ​១ឧសភា លោក ហ៊ុន សែន បានប្រើសំដីរបស់លោកធ្ងន់ៗ ទាក់ទងនឹងករណីនេះថា៖ «កុំអាងអភ័យឯកសិទ្ធិ… ម៉ែ​អភ័យឯក​សិទ្ធិ ឪអភ័យឯកសិទ្ធិក៏ដោយ។ (...) ច្បាប់គឺច្បាប់ អត់មានរញ៉េរញ៉ៃទេ។» លោកថា ទោះបីមន្រ្តី UN មាន​អភ័យ​ឯក​សិទ្ធិ​ក៏ដោយ ក៏ប្រឈមនឹងការជាប់ពន្ធនាគារ តាមច្បាប់(កម្ពុជា)កំណត់។

មន្ត្រីអង្គការសហប្រជាជាតិម្នាក់នោះ ឈ្មោះ ស៊ឺន សាលី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន កោះហៅទៅផ្ដល់ចម្លើយ នៅក្នុងករណីលិខិតចំហរ របស់ស្ត្រីជាងធ្វើសក់ម្នាក់​ឈ្មោះ ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលបានសរសេរចោទមន្ត្រីរូបនោះ រួមនឹងមន្ត្រីរបស់​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត ថាបានលួងលោមនាង ឲ្យផ្ដល់ចម្លើយក្លែងក្លាយ ទៅកាន់តុលាការ។

ប៉ុន្តែសម្រាប់លោក ហ៊ុន សែន ករណីនេះមិនមែនគ្រាន់​ជាការលួងលោមទេ។ លោកបានបង្ហើបថា មន្ត្រី​ទាំង​នោះ​បានសូកប៉ាន់សាក្សី។

លោក ប្រ៊ែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​ទទួល​បន្ទុកកិច្ចការតំបន់អាស៊ី នៃអង្គការឃ្លាំមើល​សិទ្ធិ​មនុស្ស ហៅជាភាសាអង់គ្លេសថា «Human Rights Watch» បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា បើ​រដ្ឋាភិបាល​កម្ពុជា​​ចាប់ខ្លួនមន្ត្រី អ.ស.ប. នោះ អង្គការ​សហប្រជាជាតិ​ នឹង​ដក​ការិយាល័យ​ចេញ​ពី​កម្ពុជា ហើយ​គម្រោង​អភិវឌ្ឍន៍​ជា​ច្រើន របស់អង្គការពិភពលោកមួយនេះ នឹងត្រូវស្ថិតក្នុងហានិភ័យ។

លោក អាដាម ដែលធ្លាប់ជាមន្ត្រីទទួលខុសត្រូវមួយរូប របស់អង្គការសហប្រជាជាតិដែរនោះ បានអះអាងថា៖ «មាន​ន័យ​ថា គ្រប់​កម្មវិធី​អភិវឌ្ឍន៍​ទាំង​អស់​ របស់​អង្គការ​សហប្រជាជាតិ​នឹង​ស្ថិត​​ក្នុង​ហានិភ័យ ដូចជា​​អង្គការ​សុខភាព​ពិភពលោក (WHO) អង្គការ​សហប្រជាជាតិ​ស្ដីពី​ជំងឺ​អេដស៍ (UNAIDS) យូ.អិន.ឌី.ភី (UNDP) យូនីសេហ្វ (UNICEF) អង្គការ​ទាំង​អស់​នេះ នឹង​ត្រូវ​ពិចារណា​ឡើង​វិញ​ថា តើ​ត្រូវ​​នៅ​កម្ពុជា ឬ​យ៉ាង​ណា?»

​អនុសញ្ញា​ឆ្នាំ​១៩៤៦ ស្ដីពី​បុព្វសិទ្ធិ និង​អភ័យឯកសិទ្ធិ​​របស់​​​សហប្រជា​ជាតិ​ បានសរសេរថា មន្ត្រី​សហប្រជាជាតិ​មាន​​អភ័យ​ឯកសិទ្ធិ ​រួច​ផុត​ពី​​ដំណើរ​ការ​ផ្លូវ​ច្បាប់​ ទាក់​ទង​នឹង​ពាក្យ​​និយាយ​ស្ដី​ ឬ​សរសេរ​ជា​លាយ​លក្ខណ៍​អក្សរ​ និង​​ទង្វើ​ទាំង​អស់​​ ដែល​​ពួកគេ​ធ្វើ​ក្នុង​សមត្ថភាព​ផ្លូវ​ការ​របស់​ខ្លួន​។

ការព្រមានរបស់លោក ហ៊ុន សែន ទាក់ទងនឹងអភ័យ​ឯកសិទ្ធិ របស់មន្ត្រីអ.ស.ប. ជារឿងមួយ។ ប៉ុន្តែ​នាយក​រដ្ឋមន្ត្រី​ក​ម្ពុជា នៅបានព្រមានហាមបរទេស កុំឲ្យលូកដៃលូកជើង ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទៀត។ លោក ហ៊ុន សែន បានពន្យល់ថា បរទេសទាំងនោះ ត្រូវគោរពឯករាជ្យភាព និងអធិបតេយ្យរបស់កម្ពុជា ហើយ​កម្ពុជាក៏មិនដែលលូកដៃ ចូលទៅកកូកកាយកិច្ចការផ្ទៃក្នុង របស់ប្រទេសណាមួយនោះដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...