វ៉ាស៊ីនតោន ​នឹង​«កំទេច»​កូរ៉េ​ខាង​ជើង បើ​​របប​កុម្មុយនីស​ហ៊ាន​ប៉ះ​អាមេរិក ឬ​សម្ព័ន្ធ​មិត្ត

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន របស់លោកប្រធានាធិបតីថ្មី លោក ដូណាល់ ត្រាំ (Donald Trump) នឹង​វាយ​បក​វិញ ដោយ​គ្មាន​«អាណិត» សូម្បី​បន្តិច​ឡើយ ប្រសិនណា​ជា​ប្រទេស​កូរ៉េខាងជើង បើក​ការ​វាយ​ប្រហារ ដោយ​អាវុធ​នុយក្លេអ៊ែរ ទៅលើ​សហរដ្ឋ​អាមេរិក ឬសម្ព័ន្ធមិត្ត​ណា​មួយ​របស់ខ្លួន។ នេះ ជាការអះអាង របស់​លោក ជេម ម៉ាទីស (James Mattis) រដ្ឋមន្ត្រីការពារ​ជាតិថ្មី របស់​​អាមេរិក នៅក្នុងដំណើរ​​ទស្សនកិច្ច​​លើក​​ដំបូង​​របស់​​លោក ទៅ​កាន់​​ឧបទ្វីប​កូរ៉េ។
វ៉ាស៊ីនតោន ​នឹង​«កំទេច»​កូរ៉េ​ខាង​ជើង បើ​​របប​កុម្មុយនីស​ហ៊ាន​ប៉ះ​អាមេរិក ឬ​សម្ព័ន្ធ​មិត្ត
ការសំញ៉ែងសព្វាវុធធុនធ្ងន់ នៅក្នុងការធ្វើព្យុះហយត្រាមួយ ក្នុងរដ្ឋធានីព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។ (រូបថតឯកសារ)
Loading...
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៦ កុម្ភៈ ២០១៧
  • កែប្រែចុងក្រោយ: February 07, 2017
  • ប្រធានបទ: ឧបទ្វីបកូរ៉េ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការវាយប្រហារ ដោយអាវុធនុយក្លេអ៊ែរ ពីសំណាក់​ប្រទេសកុម្មុយនីស កូរ៉េខាងជើង ប្រឆាំងនឹងសហរដ្ឋ អាមេរិក ឬសម្ព័ន្ធ​មិត្តអាមេរិក​ណាមួយនោះ នឹងទទួល​បាន​មកវិញ នូវចម្លើយ​ប្រកប​ដោយ​«ប្រសិទ្ធិភាព» និង​ការ​បង្ក្រាប ឲ្យ​«រាប​ដល់​ដី»។ នេះ​ជា​ការ​អះអាង​ឡើង​ខ្លាំងៗ របស់​លោក ជេម ម៉ាទីស (James Mattis) រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក​ថ្មី នៅក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ទៅកាន់​ឧបទ្វីបកូរ៉េ កាលពី​​ចុង​​សប្ដាហ៍​​នេះ។

លោក ជេម ម៉ាទីស ដែលមានរហស្សនាម «Mad Dog (បកប្រែក្រៅផ្លូវការថា ឆ្កែឆ្កួត)» ជា​ថ្នាក់ដឹក​នាំ​ដំបូង​គេ ​នៃ​រដ្ឋបាល​​ប្រធានាធិបតី​​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែល​បាន​ធ្វើ​ដំណើរ ទៅ​កាន់​តំបន់​អាស៊ី​ខាង​កើត បន្ទាប់​ពី​រដ្ឋបាលនេះ បានចូល​កាន់​​តំណែង​​រៀង​ខ្លួន បានប្រមាណ​ជាង២០ថ្ងៃ​ប៉ុណ្ណោះ។ ដំណើរ​​ទស្សនកិច្ច​នោះ ត្រូវបានគេជឿថា ដើម្បីធានាពីសន្តិសុខតំបន់ ជាពិសេស​បញ្ជាក់​​អះ​អាង​ឡើង​វិញ ពី​កាតព្វកិច្ច របស់​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីតោន ទៅដល់​សម្ព័ន្ធមិត្ត​អាមេរិក​ទាំងអស់ នៅក្នុងតំបន់។

គីម ព្រមានសាកល្បង​គ្រាប់បែកនុយក្លេអ៊ែរថ្មីទៀត...

នៅក្នុងឆ្នាំ២០១៦ ប្រទេសកុម្មុយនីសកូរ៉េ បានសាកល្បង ជាច្រើនដងរួចហើយ នូវគ្រាប់បែក​នុយក្លេអ៊ែរ​របស់​ខ្លួន ចំនួន​ពីរ​គ្រាប់ និងកាំជ្រួច ជាងដប់គ្រាប់ផ្សេងទៀត។ ការសាកល្បងទាំងនេះ បង្កភាព​ខ្វល់​ខ្វាយ​មិន​តិច​ទេ ​ទៅ​ដល់​ប្រទេស​កូរ៉េ​ខាងត្បូង និងជប៉ុន ដែលសុទ្ធសឹង​ជាសម្ព័ន្ធមិត្ត​អាមេរិក នៅក្នុងតំបន់។ ការ​ព្រួយ​បារម្ភ ​បាន​កើត​ឡើង​បន្ថែម​ទៀត បន្ទាប់ពីសារជូនពរឆ្នាំថ្មី របស់មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong-Un) បាន​សន្យា​ថា នឹងមានការសាកល្បង​ជាថ្មី នូវគ្រាប់បែក​អន្តរទ្វីប (ICBM) ក្នុង​ពេល​ខាង​មុខ។

នៅចំពោះការលើកឡើង របស់មេដឹកនាំរបបក្រុងព្យុងយ៉ាង ក្នុងពេលនោះ ប្រធានាធិបតី​អាមេរិកថ្មី លោក ​ដូណាល់ ត្រាំ ក៏​បានឆ្លើយ​តប​វិញ​ដែរ​ថា នឹងគ្មានកាំជ្រួច​ណាមួយ អាចប៉ះពាល់ ឬចូលដល់​ទឹកដី​អាមេរិក​ឡើយ។

រដ្ឋមន្ត្រីការពារជាតិអាមេរិក ឬហៅម្យ៉ាងទៀត ជា«ប្រមុខមន្ទីរប៉ង់តាហ្គោន (Pentagone)» បានថ្លែង​រំលឹក ពី​កាតព្វកិច្ចទាំងអស់ របស់សហរដ្ឋអាមេរិក ថានឹងត្រូវអនុវត្តន៍ ដើម្បីការពារលិទ្ធិប្រជាធិបតេយ្យ នៅ​កូរ៉េ​ខាង​ត្បូង។ យ៉ាង​ណា ការលើកឡើងនេះ មានភាពប្រទាំងប្រទើស ទៅនឹងការប្រកាស ក្នុងពេល​ថ្មីៗ​នេះ ដែល​បាន​ឲ្យ​ដឹង​ថា លោក ជេម ម៉ាទីស មានគម្រោង​ចង់​ដង​កងទ័ព​អាមេរិកាំង ចេញពីប្រទេស​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន ប្រសិន​ណា​​ជា​គ្មាន​ការ​តម្លើង​ថវិកា​បដិភាគ ពី​សំណាក់​ប្រទេស​ទាំងពីរនេះទេ។

ប្រព័ន្ធខែលការពារ និងប្រឆាំងមីស៊ីល...

កាលពីថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន លោក ជេម ម៉ាទីស និងលោក «Hwang Kyo-Ahn» នាយក​រដ្ឋមន្ត្រី​កូរ៉េ​ខាង​ត្បូង បាន​ព្រម​ព្រៀង​គ្នា នៅក្នុងកិច្ចប្រជុំមួយ ដើម្បីបន្តការ​ដាក់តាំង នូវ​ប្រព័ន្ធ​ខែល​ការពារ និង​ប្រឆាំង​មីស៊ីល នៅ​ក្បែរ​ព្រំដែន​កូរ៉េ។ ប្រព័ន្ធខែល របស់អាមេរិកនេះ មិន​ត្រឹមតែ មិនទទួលបាន​ការស្វាគមន៍ ពី​​សំណាក់​​ប្រទេស​​​កូរ៉េ​​ខាង​ជើង​នោះទេ។ តែនៅមានប្រទេសចិន និងប្រទេសរ៉ូស្ស៊ីទៀត ដែលបានសំដែង​ ការមិនសប្បាយ​ចិត្ត របស់ផងខ្លួន ទល់នឹងការ​ដាក់​តាំង​ប្រព័ន្ធខែល ដោយបានលើក​ឡើងថា គឺគម្រោង​នេះ​ទៅ​វិញ​ទេ ដែល​បាន​គម្រាម ទៅ​ដល់​សន្តិសុខ​តំបន់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...