កូរ៉េខាងជើង យំចំពោះមរណភាពរបស់ ហ្វីដែល កាស្ត្រូ
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ វិច្ឆិកា ២០១៦
- កែប្រែចុងក្រោយ: December 06, 2016
- ប្រធានបទ: មរណភាព កាស្ត្រូ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រទេសកូរ៉េខាងជើង បានប្រកាសកាន់ទុក្ខ ចំនួនបីថ្ងៃ កាលពីថ្ងៃចន្ទកន្លងទៅនេះ ចំពោះមរណភាពរបស់លោក ហ្វីដែល កាស្ត្រូ ដែលប្រទេសកុម្មុយនីស បានចាត់ទុកថា «ជាមិត្ត និងជាសម្ព័ន្ធមិត្ត» ដ៏ជិតស្និតបំផុតរបស់ខ្លួន ប្រឆាំងនឹង«អាមេរិកាំងឈ្លានពាន»។ ទង់ជាតិកូរ៉េខាងជើងនានា នៅក្នុងប្រទេស នឹងត្រូវទម្លាក់ មកនៅត្រឹមពាក់កណ្ដាល ដើម្បីឧទ្ទិសនូវកិត្តិយស ដ៏«មហាថ្លៃថ្លា» របស់«បីតាបដិវត្តន៍គុយបា» ដែលបានលាចាកលោកទៅ នៅថ្ងៃសុក្រទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងជន្មាយុ៩០ឆ្នាំ។
សារព័ត៌មានផ្លូវការ «Rodong Sinmun» របស់គណបក្សពលករកូរ៉េ ដែលជាគណបក្សដឹកនាំប្រទេសតែមួយ បានផ្សាយអត្ថបទមួយ អមដោយរូបថតរបស់លោក ហ្វីដែល កាស្ត្រូ ក្នុងសម្លៀកបំពាក់យោធា ដោយបានរំលឹកមកនិយាយឡើងវិញ ពីទស្សនកិច្ចផ្លូវរដ្ឋរបស់លោក កាស្ត្រូ កាលពីឆ្នាំ១៩៨៦ នៅកូរ៉េខាងជើង ជាមួយនឹងជំនួប«ជាប្រវត្តិសាស្ត្រ» ជាមួយ«បីតាស្ថាបនិក» នៃរបបកុម្មុយនីសកូរ៉េ លោក គីម អ៊ីល-ស៊ុង (Kim Il-Sung)។
សារព័ត៌មានដដែលបានសរសេរ ហៅលោក ហ្វីដែល កាស្ត្រូ ថាជា«វីរបុរស នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (ឈ្មោះផ្លូវការ របស់ប្រទេសកូរ៉េខាងជើង)» ដើម្បីជាការឆ្លើយតប ទៅនឹងការខិតខំប្រឹងប្រែងរបស់លោក នៅក្នុងការ«ពង្រឹងទំនាក់ទំនងទ្វេរភាគី» និងក្នុងការ«ប្រយុទ្ធប្រឆាំង នៅខ្សែត្រៀមជួរមុខ» ប្រឆាំងនឹង«អាមេរិក និងបនចក្រពត្តិនិយមទាំងឡាយ»។
រីឯលោក គីម ជុង-អ៊ុន (Kim Jong-Un) មេដឹកនាំវ័យក្មេងបច្ចុប្បន្ន របស់របបដឹកនាំក្រុងព្យុងយ៉ាង ក៏បានថ្លែងលើកឡើង មិនខុសពីសារព័ត៌មានខាងលើដែរ។ លោកបានសម្ដែងការចូលរួមមរណទុក្ខ ចំពោះដំណឹងដ៏«ក្រៀមក្រំ» នៃ«អគ្គមេបញ្ជាការ» និងបានហៅលោក កាស្ត្រូ ថាជា«មិត្តជិតដិត និងជាសមមិត្ត»មួយរូប។ គណៈប្រតិភូកូរ៉េខាងជើងមួយក្រុម នឹងត្រូវធ្វើដំណើរទៅកាន់រដ្ឋធានី ឡាហាវ៉ាន់ (La Havane - រដ្ឋធានីរបស់ប្រទេសគុយបា) នៅថ្ងៃចន្ទដដែលនេះ ដើម្បីទៅចូលរួមបុណ្យសព របស់លោក កាស្ត្រូ ដោយផ្ទាល់។
ប្រសិនជាលោក ហ្វីដែល កាស្ត្រូ បានមកធ្វើទស្សនកិច្ចដោយផ្ទាល់ នៅក្នុងប្រទេសកូរ៉េខាងជើងនោះ ប៉ុន្តែមេដឹកនាំនៃរបបក្រុងព្យុងយ៉ាងវិញ មិនមាននរណាម្នាក់ ចេញទៅធ្វើទស្សនកិច្ច នៅក្នុងប្រទេសគុយបាឡើយ រាប់ចាប់តាំងពីលោក គីម អ៊ីល-ស៊ុង ជាជីតា រហូតមកចៅគឺលោក គីម ជុង-អ៊ុន សព្វថ្ងៃ។
ចំពោះប្រវត្តិនៃទំនាក់ទំនង រវាងប្រទេសទាំងពីរ នៅក្នុងទសវត្សន៍ឆ្នាំ៦០-៧០ ក៏មិនមានភាពរលូន ជាមួយគ្នាប៉ុន្មានដែរ ជាពិសេសនៅក្នុងចលនា នៃក្រុមប្រទេស«មិនចូលបក្សសម្ព័ន្ធ»។ នៅពេលនោះ ប្រទេសគុយបាជា«ក្លើម្រាក់» ជាមួយក្រុងម៉ូស្គូ ខណៈប្រទេសកូរ៉េខាងជើង រក្សាគម្លាតស្មើគ្នា រវាងសហភាពសូវៀត និងប្រទេសចិន ដែលជាមហាប្រទេសកុម្មុយនីសពីរ មើលមុខគ្នាមិនចំ៕