ត្រាំ គ្មានសិទ្ធិរាំងខ្ទប់អ្នកប្រឆាំង នៅលើបណ្ដាញសង្គមទេ!
- ដោយ: ដ. កែវ ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 04, 2018
- ប្រធានបទ: ត្រាំ និងទ្វីសធើរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លទ្ធភាពនៃការបញ្ចេញប្រតិកម្ម ទៅនឹងសារបង្ហោះ របស់ប្រធានាធិបតី ដោយសរសេរជាសារឆ្លើយតប ឬសារមតិយោបល់ នៅលើបណ្ដាញសង្គម ជាពិសេសបណ្ដាញសង្គមទ្វីសធើរ (Twitter) គឺជាផ្នែកមួយ នៃការអនុវត្តសេរីភាពបញ្ចេញមតិ ដែលត្រូវបានការពារដោយវិសោធនកម្មលើកទីមួយ នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក។ នេះ ជាការសម្រេចឡើង របស់ចៅក្រមសហព័ន្ធ នៃក្រុង ញ៉ូយក អ្នកស្រី «Naomi Reice Buchwald» កាលពីថ្ងៃពុធ សប្ដាហ៍មុន។
ឬបើនិយាយមកវិញ ដោយខ្លី និងងាយយល់ បានសេចក្ដីថា លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) នឹងរំលោភលើរដ្ឋធម្មនុញ្ញ នៃសហរដ្ឋអាមេរិក ប្រសិនណាជាលោកប្រធានាធិបតី ធ្វើការរាំងខ្ទប់ (Block) នរណាម្នាក់ ពីក្នុងចំណោមប្រិយមិត្ត រាប់លាននាក់ នៃទំព័រទ្វីសធើររបស់លោក បើគ្រាន់តែនរណានោះ សរសេរប្រតិកម្ម ទៅនឹងសាររបស់លោក ទោះជាការរិះគន់ ឬការចំអកក៏ដោយ។
អ្នកស្រីចៅក្រម បានពន្យល់ថា៖ «នៅក្នុងសំនុំរឿងនេះ គេបានស្នើសុំ ឲ្យតុលាការធ្វើការវាយតម្លៃ ដោយយោងតាមវិសោធនកម្មលើកទី១ នៃរដ្ឋធម្មនុញ្ញ ថាតើមន្ត្រីរដ្ឋាភិបាល មានលទ្ធភាពឬទេ ក្នុងការរាំងខ្ទប់មនុស្សណាម្នាក់ ចេញពីទំព័រទ្វីសធើរ របស់មន្ត្រីរដ្ឋាភិបាល ដោយហេតុបណ្ដាល មកពីការបញ្ចេញមតិយោបល់ ផ្នែកនយោបាយ របស់មនុស្សម្នាក់នោះ? គេបានសួរទៀតថា តើលទ្ធភាព(នៃការរាំងខ្ទប់)នេះ មានការបែកចែកបន្ថែមទៀតឬទេ ប្រសិនជាមន្ត្រីរដ្ឋាភិបាលនោះ ជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក? ចម្លើយ ទៅនឹងសំនួរទាំងពីរខាងលើ គឺ ទេ! គ្មានលទ្ធភាពបែបនេះ និងគ្មានការបែងចែកអ្វីទេ!»។
សំនុំរឿង ឈានទៅដល់ការចេញសេចក្ដីសម្រេច របស់ចៅក្រមសហព័ន្ធ បានកើតឡើង ចេញពីការកើតទុក្ខមិនសុខចិត្ត របស់មនុស្សចំនួន៧នាក់ ដែលបានដាក់ពាក្យប្ដឹង ទៅកាន់តុលាការ បន្ទាប់ពីពួកគេត្រូវបានរាំងខ្ទប់ ដោយលោក ត្រាំ ចេញពីទំព័រទ្វីសធើរ របស់ប្រធានាធិបតីអាមេរិក។
មនុស្សទាំង៧នាក់នោះ មានជាពិសេស សិល្បករមួយរូប មកពីក្រុង ញ៉ូយក - សាស្ត្រាចារ្យផ្នែកសង្គមវិទ្យាមួយរូប មកពីរដ្ឋម៉ារីឡែន - ភ្នាក់ងារនគរបាលមួយរូប មកពីរដ្ឋតិចសាស និងអ្នកចម្រៀងម្នាក់ មកពីរដ្ឋវ៉ាស៊ីនតោន ជាដើម។ ការរាំងខ្ទប់ចេញពីទំព័រទ្វីសធើរ របស់លោក ត្រាំ បានរារាំងមិនឲ្យពួកគេ មើលឃើញការបង្ហោះសារ សឹងជារៀងរាល់ថ្ងៃ របស់ប្រធានាធិបតី ហើយក៏មិនអាចឆ្លើយតប ឬប្រតិកម្ម ដោយផ្ទាល់ភ្លាមៗ បានផងដែរ។
In our case against Trump, Judge Naomi Reice Buchwald upheld our First Amendment rights.
In her order, she made one thing clear:
"No government official -- including the President -- is above the law." pic.twitter.com/xveCSrZ8XF
— Nick Jack Pappas (@Pappiness) 23 mai 2018
ប្រតិកម្ម ឬមតិយោបល់ របស់ម្ចាស់គណនីដែលរងការរាំងខ្ទប់ នឹងមិនត្រូវបានមើលឃើញច្រើនឡើយ ដោយហេតុថា ប្រតិកម្ម ឬមតិយោបល់ទាំងនោះ មិនមាននៅក្នុងតំបន់បញ្ចេញមតិយោបល់ ដែលស្ថិតនៅខាងក្រោមសារបង្ហោះ របស់ប្រធានាធិបតី។
លោក ដូណាល់ ត្រាំ គឺជាមេដឹកនាំមួយរូប ពីក្នុងចំណោមមេដឹកនាំដំបូងៗគេ ដែលបានប្រើទំព័រទ្វីសធើរ ជាឧបករណ៍ឃោសនា ដ៏សំខាន់បំផុតរបស់ខ្លួន។ គេមិនដឹងឲ្យច្បាស់ទេថា តើលោក ត្រាំ បានរាំងខ្ទប់មនុស្សប៉ុន្មាននាក់ ចេញពីទំព័រទ្វីសធើររបស់លោក។ តែបើតាមការប៉ាន់ប្រមាណ មួយចំនួន បានលើកឡើងថា ចំនួនមនុស្ស ដែលរងការរាំងខ្ទប់នោះ មានជាច្រើនរយនាក់។
ចៅក្រមសហព័ន្ធ អ្នកស្រី «Naomi Reice Buchwald» មិនបានចេញដីកាបង្គាប់ ឱ្យលោក ត្រាំ ត្រូវលុបចោល ការរាំងខ្ទប់មនុស្សទាំងនោះ ចេញវិញនោះទេ ដោយអ្នកស្រីគិតថា វាអាស្រ័យលើលោកប្រធានាធិបតី និងវិចារណញ្ញាណរបស់លោក ក្នុងការបកស្រាយ សាលក្រមរបស់អ្នកស្រី៕