ក្រឡាប់​រថភ្លើង​នៅ​ឥណ្ឌា៖ ជន​រង​គ្រោះ​កើន​ជាង១២០​នាក់

មនុស្សច្រើនរយនាក់ បានរងគ្រោះ មានស្លាប់ មានរងរបួស នៅក្នុងព្រឹត្តិការណ៍ក្រឡាប់រថភ្លើង ដែល​បាន​កើត​ឡើង នៅ​យប់​ទៀប​ភ្លឺ នៃថ្ងៃសៅរ៍ចូលមកថ្ងៃអាទិត្យ ក្នុងភាគខាងជើង នៃ​ប្រទេស​ឥណ្ឌា។ ដំណឹងដែល​ទើប​នឹង​ធ្លាក់​មក​ដល់ នៅ​ពេល​ចុង​ក្រោយ​នេះ បានឲ្យដឹងថា ជន​រងគ្រោះ​ដល់​ជីវិត បានកើនឡើង ដល់​ជាង​១២០​នាក់។
ក្រឡាប់​រថភ្លើង​នៅ​ឥណ្ឌា៖ ជន​រង​គ្រោះ​កើន​ជាង១២០​នាក់
ទិដ្ឋភាពនៃការរត់ខុសផ្លូវ របស់រថភ្លើង រហូតបណ្ដាលឲ្យក្រឡាប់ នៅភាគខាងជើងប្រទេសឥណ្ឌា ក្នុងយប់ថ្ងៃទី១៩ ចូលមកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី២០ វិច្ឆិកា ២០១៦
  • កែប្រែចុងក្រោយ: November 21, 2016
  • ប្រធានបទ: គ្រោះផ្លូវដែក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទូរថភ្លើងទាំង១៤ បានរត់ចេញពីផ្លូវ បណ្ដាលឲ្យទូរថភ្លើងមួយភាគធំ បានក្រឡាប់ បង្កគ្រោះ​ដល់​អ្នក​ដំណើរ​រាប់រយនាក់ ដែលកំពុងលង់លក់ នៅក្នុងយប់ថ្ងៃសៅរ៍ចូលមកយប់ថ្ងៃអាទិត្យ ក្នុងរដ្ឋ​«Uttar Pradesh» ស្ថិត​នៅភាគខាងជើង​ប្រទេសឥណ្ឌា។ អាជ្ញាធរតំបន់​បានបញ្ជាក់ថា ជន​រង​គ្រោះ​ដល់​ជីវិត បានកើន​ឡើង​ជាង​១២០នាក់ និងជនរងរបួស មានជាង២០០នាក់។ ជាតួលេខ​រងគ្រោះ ដ៏ខ្ពស់បំផុត និងចុងក្រោយបំផុត បន្ទាប់​ពី​ព្រឹត្តិការណ៍​គ្រោះថ្នាក់​រថភ្លើង កាលពីឆ្នាំ​២០១០ នៅភាគខាងកើតប្រទេស។

ហេតុការណ៍ដ៏អកុសល បានកើតឡើង នៅវេលាម៉ោង៣ទៀបភ្លឺ ខណៈរថភ្លើងល្បឿនលឿន ឈ្មោះ «Indore​-Patna» មួយខ្សែនេះ បានរត់មកដល់ជិតក្រុង «Kanpur» នៃរដ្ឋ«Uttar Pradesh»។ មូលហេតុ ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នេះ នៅមិនទាន់ឲ្យដឹងនៅឡើយ។ សាក្សី​ជា​ច្រើន​នាក់ បានលើកឡើង​ពី​សម្លេង​ដ៏កក្រើក​មួយ នៅ​ពេល​កើតហេតុការណ៍នោះឡើង។ អ្នក​ដំណើរ​មួយ​រូប ដែលនៅរួចរស់មានជីវិត បានថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​ថា៖ «យើងបាន​ភ្ញាក់​ពី​ដំណេក ដោយសារសម្លេងដ៏ខ្លាំងនេះ។ (...) ខ្ញុំ​មាន​សំណាង​ណាស់ ដែល​នៅ​មាន​ជីវិត ក៏​ប៉ុន្តែ​វា​ក៏​ជា​បទ​ពិសោធន៍មួយ ដែលសឹងតែជិតស្លាប់ដែរ។»។

អ្នកនៅរស់ទាំងអស់ បានស្វែងរកញាតិមិត្តរបស់ពួកគេ ជាមួយនឹងភ្នាក់ងារនគរបាល និង​ទាហាន​ច្រើន​រយ​នាក់ ពី​ក្នុង​គំនរ​បែក​បាក់ នៃទូរថភ្លើង។ គ្រប់មន្ទីរពេទ្យទាំងអស់ នៅក្នុង​តំបន់​ក្បែរ​នោះ ត្រូវបានដាក់ឲ្យ​ស្ថិត​ក្នុង​«ភាពអាសន្ន»។ រថយន្ដគិលានសង្គ្រោះ ប្រមាណជា​៣០គ្រឿង ត្រូវបានបញ្ជូនទៅដឹក​ជន​រង​គ្រោះ។ បុរស​ម្នាក់ ដែលមានរាងកាយ​ប្រឡាក់​ដាប​ដោយ​ឈាម បាននិយាយឡើង ដោយក្ដីរន្ធត់ថា៖ «កូន​ស្រី​អាយុ​១២ឆ្នាំ​របស់​ខ្ញុំ បានបាត់ខ្លួន។ ខ្ញុំកំពុងរកនាង តាំងពីច្រើនខែមកហើយ។ រីឯភរិយាខ្ញុំវិញ បានរងរបួស​ក្បាល​ធ្ងន់ធ្ងរ ខណៈសម្បត្តិទ្រព្យ​របស់ពួកយើង រង្វេងវង្វាន់មិនដឹងនៅឯណា។ ខ្ញុំមានអារម្មណ៍ឯកោណាស់ ព្រោះ​ខ្ញុំ​បាត់​អស់​រលីង​ពីខ្លួន​ហើយ ទាំងមនុស្សទាំងទ្រព្យសម្បត្តិ»។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា រថភ្លើងដែលរត់ក្នុងពេលយប់ដូច្នេះ សម្បូរទៅ​ដោយ​អ្នក​ដំណើរ​ជាច្រើន ដែលធ្វើដំណើរ​ជាលក្ខណៈគ្រួសារ។មន្ត្រីអាជ្ញាធរម្នាក់ បានថ្លែងឡើងប្រាប់​សារព័ត៌មាន​មួយ​ថា៖ «ក្រុមរបស់ខ្ញុំ បានជួយយកជនរងគ្រោះ ពីគំនរបែកបាក់បាន២៤នាក់ តែមានតែ៥នាក់ទេ ដែល​នៅ​មាន​ជីវិត»។

ប្រព័ន្ធផ្លូវដែករបស់ប្រទេសឥណ្ឌា មានទំហំដ៏ធំមួយ ពីចំណោមប្រព័ន្ធផ្លូវដែកដ៏ធំៗដទៃទៀត នៅក្នុង​ពិភពលោក។ ប៉ុន្តែ ប្រព័ន្ធផ្លូវដែករបស់ប្រទេសនេះ មិនបានបង្ហាញ ពីជំនឿទុកចិត្ត ទាក់ទង​នឹង​សុវត្ថិភាព​នោះទេ ហើយតែមានគ្រោះថ្នាក់ សឹងជាប្រចាំ។ គ្រោះថ្នាក់រថភ្លើង ដែលមានទំហំ​នៃគ្រោះ​មហន្តរាយ​ខ្លាំង​ជាង​គេ បានកើតឡើងនៅឆ្នាំ១៩៨១៖ រថភ្លើងមួយខ្សែ បានរត់ចេញពីផ្លូវ ហើយបានធ្លាក់​ចូល​ទៅ​ក្នុង​ស្ទឹង បង្ក​ឲ្យ​មនុស្ស​ស្លាប់​​ជាង​៨០០នាក់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...