អូស្ត្រាលី៖ រួមគ្នា«លើក»រថភ្លើង ដើម្បីសង្គ្រោះមនុស្សម្នាក់ (vdo)
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៩ សីហា ២០១៤
- កែប្រែចុងក្រោយ: August 10, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាព្រឹត្តិការណ៍ដែលនឹកស្មានមិនដល់ ហើយបានកើតឡើងកាលពីថ្ងៃពុធកន្លងទៅនេះ នៅក្នុងស្ថានីយរថភ្លើងរត់លើដី នៃទីក្រុងផើដ (Perth) ភាគខាងលិចនៃប្រទេសអូស្ត្រាលី។ បុរសម្នាក់ជាអ្នកដំណើរ ដែលត្រូវបានរថភ្លើងគាបជាប់ត្រង់ភ្លៅ បានរួចខ្លួនមកវិញដោយសារកម្លាំងរួមគ្នា រវាងក្រុមមនុស្សជាច្រើន ចាប់លើករថភ្លើងនោះឡើង។
ជនរងគ្រោះជាប់ជើង និងក្រុមមនុស្សលើករថភ្លើង។ (រូបថត twitter)
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្វែងរកព្រឹត្តិការណ៍ដ៏កម្រៗ កើតមានពីគ្រប់ទីកន្លែងក្នុងលោក មកជូនប្រិយមិត្តអ្នកអានរបស់ខ្លួន។
ពីនេះពីនោះ - លោក ដេវិដ ហ៊ិន (David Hynes) អ្នកនាំពាក្យរបស់ស្ថាប័នដឹកជញ្ជូន នៅទីក្រុងផើដ បានថ្លែងប្រាប់បណ្ដាញវិទ្យុនិងទូរទស្សន៍ អេប៊ីស៊ី (ABC) ថា៖ «ភ្លាមៗនោះ យើងបានបញ្ជូនសញ្ញាអាសន្ន ទៅកាន់អ្នកបើករថភ្លើង កុំឲ្យបន្តដំណើររថភ្លើង ទៅមុខទៀត»។ លោកបានអះអាងទៀត ពីហេតុការណ៍នេះថាបានបញ្ចប់ទៅ ដោយក្ដីមោទនៈជាទីបំផុត ជាមួយនឹងពាក្យពន្យល់ដូច្នេះថា៖ «មនុស្សទាំងអស់គ្នា នាំគ្នាចុះចេញពីរថភ្លើង ហើយបានរួមគ្នាលើករថភ្លើងឲ្យហើបឡើង»។
បើតាមគេហទំព័រ Buzzfeed បានរាយការណ៍ថា ការរុញបង្ហើបរថភ្លើង ដែលមានទំងន់រាប់សិបតោននេះ ត្រូវបានធ្វើពីរដង ទើបសម្រេចជួយសង្គ្រោះជនរងគ្រោះ ដែលជាប់ជើងរវាងរថភ្លើង និងគែបផ្លូវរថភ្លើង នៅក្រោមសម្លេងទះដៃដ៏កងរំពង។ បុរសដែលធ្លាក់ជើងមួយចំហៀង បង្កការភ្ញាក់ផ្អើលនេះ ត្រូវបានក្រុមអ្នកជួយសង្គ្រោះពិនិត្យព្យាបាលភ្លាមៗ នៅនឹងកន្លែង មុននឹងបន្តដំណើរទៅមុខទៀត ដោយសុវត្ថិភាព។
អ្នកទទួលខុសត្រូវម្នាក់ទៀត របស់ស្ថាប័នដឹកជញ្ជូន បានសម្ដែងប្រតិកម្មដែរថា៖ «ជាលើកទីមួយហើយ ដែលយើងបានឃើញរឿងបែបនេះ។ ជាគំរូយ៉ាងពិសេស នៃការជួយគ្នាទៅវិញទៅមក ហើយខ្ញុំជឿថា នៅពេលហ្វូងមនុស្សប្រមូលគ្នាជាកម្លាំង វាពិតជាមានឥទ្ធិពលណាស់។»៕
វីដេអូទាំងស្រុង នៃព្រឹត្តិការណ៍នេះ៖