ជួប​កូន​ស្រី​វិញ បន្ទាប់​ពី​រលក​យក្ស​ស៊ូណាមី បំបែក​ជាង​១០​ឆ្នាំ (vdo)

ទឹកភ្នែកអ្នកស្រី ចាម៉ាឡា បានរមៀលធ្លាក់នៅតាមកញ្ចក់ទូរទស្សន៍ នៃប្រទេសឥណ្ឌូនេស៊ី ដោយក្ដីរំភើបឥតឧបមា ព្រោះអ្នកស្រីនិងស្វាមីទើបនឹងរកឃើញ ចាន់ណា កូនស្រីពេញជំទង់របស់អ្នកស្រីវិញ ដែលបានបែកព្រាត់ប្រាសគ្នា ក្នុងព្រឹត្តិការណ៍រលកសមុទ្រយក្ស ស៊ូណាមី កាលពីឆ្នាំ២០០៤។
Loading...
  • ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៩ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 10, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទឹកភ្នែកអ្នកស្រី ចាម៉ាឡា បានរមៀលធ្លាក់នៅតាមកញ្ចក់ទូរទស្សន៍ នៃប្រទេសឥណ្ឌូនេស៊ី ដោយក្ដីរំភើបឥតឧបមា ព្រោះអ្នកស្រីនិងស្វាមីទើបនឹងរកឃើញ ចាន់ណា កូនស្រីពេញជំទង់របស់អ្នកស្រីវិញ ដែលបានបែកព្រាត់ប្រាសគ្នា ក្នុងព្រឹត្តិការណ៍រលកសមុទ្រយក្ស ស៊ូណាមី កាលពីឆ្នាំ២០០៤។


កញ្ញា រ៉ូហាទីល ចាន់ណា (កណ្ដាល) ជួបជាមួយគ្រួសារវិញ។ (រូបថតផ្តិតពីវីដេអូ)

ខ្សែរជីវិត - នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៤ ថ្ងៃដ៏រន្ធត់នៃព្រឹត្តិការណ៍រលកយក្ស ស៊ូណាមី ដែលបានបោកបក់​បំផ្លាញប្រទេសមួយចំនួន នៅអាស៊ីប៉ែកអាគ្នេយ៍ កុមារី រ៉ូហាទីល ចាន់ណា (Raudhatul Jannah) ទើបនឹងមាន​អាយុ​៤ឆ្នាំប៉ុណ្ណោះ។ នាងតូចនិងបងប្រុស ដែលមានអាយុ៧ឆ្នាំ ត្រូវបានរលកយក្សនាំយកទៅជាមួយ ហើយបានបាត់​ដំណឹងសូន្យឈឹង តាំងពីពេលនោះមក។

គ្រោះមហន្តរាយធម្មជាតិ បានធ្វើឲ្យមានមនុស្សស្លាប់ ច្រើនជាង ២២០ ពាន់នាក់ នៅក្នុងបណ្ដាប្រទេស ដែល​ស្ថិត​នៅជុំវិញមហាសមុទ្រឥណ្ឌា។ ដោយឡែកនៅក្នុងខេត្ត អាសេ របស់ប្រទេសឥណ្ឌូនេស៊ី រលកយក្សដ៏រង្គាលមិន​ត្រឹម​តែបានឆក់យកជីវិតមនុស្សរាប់ម៉ឺននាក់ប៉ុណ្ណោះទេ តែថែមទាំងបានបំផ្លាញផ្ទះសម្បែង និងអាគារធំៗ រាប់សិប​ម៉ឺន​ខ្នងនោះទៀត។ ជាពិសេសកោះ ស៊ូម៉ាត្រា នៃខេត្តភាគខាងជើងឥណ្ឌូនេស៊ីមួយនេះ ទីកន្លែងដែលគ្រួសារ​ចាន់ណា​ រស់នៅ ក៏ត្រូវបានរលកយក្សបោកពន្លិចសឹងតែទាំងស្រុងដែរ។

បន្ទាប់ពី ត្រូវបានរលកបោកយកទៅជាមួយ នាងតូចបានព្យាយាមជួយសង្គ្រោះជីវិតដោយខ្លួននាង ដោយបានតោង​ជាប់ជាមួយនឹងបំណែកឈើមួយដុំ។ វាសនាបានកំណត់ឲ្យ ចាន់ណា ត្រូវតែនៅរស់រានមានជីវិតជាបន្តទៅទៀត។ ពិតមែនហើយ ដុំឈើបានជួយនាង ឲ្យរសាត់មកដល់កោះមួយទៀត ស្ថិតនៅផ្នែកនារតីនៃខេត្តអាសេ។ យុវជន​នេសាទ​មួយរូបបានស្រង់ ចាន់ណា ពីទឹកសមុទ្រ រួចប្រគល់នាងទៅឲ្យម្ដាយរបស់នាយ។ ដោយនឹកគិតថា នាងតូច​ដែលទើបតែមានអាយុ៤ឆ្នាំ ទំនងជាបានកំព្រាឪពុកម្ដាយ ព្រោះរលកយក្សដ៏អប្រិយ ស្ត្រីចំណាស់ម្ដាយ​អ្នក​នេសាទ ក៏បានសម្រេចចិត្ត ទទួលចិញ្ចឹមបីបាច់រូបនាង តាំងពីពេលនោះរហូតមក។

ទឹកដោះម្ដាយថ្លៃ ...

តែទឹកដោះម្ដាយថ្លៃ នៅតែមិនចោលឈាមកំណើតរបស់ខ្លួន។ នោះគឺដោយសារតែ មុខរបស់ ចាន់ណា ដូចបេះ​បិត​ទៅនឹងម្ដាយបង្កើតរបស់នាង ធ្វើឲ្យឪពុកមាបង្កើតកត់សម្គាល់បាន កាលពីអំឡុងខែមិថុនាកន្លងទៅ ជាពិសេសបាន​ស៊ើបសួរដឹងថា ចាន់ណា ជាកុមារីដែលរួចជីវិតពីព្រឹត្តិការណ៍ដ៏ប្រល័យ បូករួមផ្សំនឹងអាយុប្រហាក់ប្រហែល​នឹង​ក្មួយ​ស្រី​ខ្លួននោះផង។ ដំណឹងនេះបានដឹងដល់ម្ដាយឪពុកបស់ ចាន់ណា រហូតទ្រាំពុំបាន ក៏បានធ្វើដំណើរឆ្ពោះទៅកាន់ ទីកន្លែងដែល​នាង​តូចបានរស់នៅជាង១០ឆ្នាំ មុននឹងនាំនាងតូចដែលបានធំពេញជំទង់ទៅហើយ ឲ្យត្រឡប់មកផ្ទះ នៅលើកោះស៊ូម៉ាត្រា​វិញ នៅប៉ុន្មានថ្ងៃកន្លងមកនេះ។

នៅចំពោះមុខអ្នកសារព័ត៌មាន ជាច្រើននាក់ កញ្ញា រ៉ូហាទីល ចាន់ណា បាននិយាយទាំងអឹមអៀនថា៖ «ខ្ញុំសប្បាយ​ចិត្តរកអ្វីមកប្រៀបផ្ទឺមពុំបានទេ ដោយបានមកនៅជាមួយ ម្ដាយនិងឪពុករបស់ខ្ញុំវិញ»។

ក្ដីសង្ឃឹមមួយទៀត ...

បានជួបជុំជាមួយកូនស្រីវិញ ក្រុមគ្រួសារបានរកឃើញសុភមង្គល់របស់ខ្លួន មួយចំណែកមកវិញហើយ។ តែពួកគេ​នៅខ្វះមួយចំណែកទៀត។ នោះគឺត្រូវធ្វើយ៉ាងណា ស្វែងរកបងប្រុសរបស់ ចាន់ណា ឲ្យឃើញដូចគ្នាដែរ។ ឪពុក​ចាន់ណា ដែលមានអាយុ៥២ឆ្នាំ បានថ្លែងថា៖ «យើងបានជូនដំណឹងដល់នគរបាល ដើម្បីឲ្យជួយរក ថាតើកូនប្រុស​របស់ខ្ញុំមួយទៀតនេះនៅឯណា»។

ក្ដីសង្ឃឹម ហាក់បានបង្ហាញខ្លួនច្រើនហើយ ព្រោះអីយុវជននេសាទ ដែលបានស្រង់ ចាន់ណា ពីទឹក ក៏បានជួយ​សង្គ្រោះបងប្រុសអាយុ៧ឆ្នាំ នៅពេលនោះដូចគ្នាដែរ។ ប៉ុន្តែដោយសារគ្រួសារអ្នកនេសាទ មានជីវភាពក្រ​លំបាក​ពេក មិនអាចចិញ្ចឹមបីបាច់អ្នកទាំងពីរជាមួយគ្នាបាន ក៏បានបំបែកបងប្រុសតូចរបស់ចាន់ណា ទៅឲ្យគ្រួសារមួយ​ទៀត៕

វីដេអូ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...