ម៉ាស៊ីនប្រតិកម្មខូច(?) ធ្វើឲ្យយន្ដហោះធ្លាក់ ស្លាប់៣៩នាក់នៅអៀរ៉ង់
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១០ សីហា ២០១៤
- កែប្រែចុងក្រោយ: August 10, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យន្ដហោះដែលភ្ជាប់ជើងហោះហើរ អៀរ៉ង់ ១៤០ (IrAn-140) នៃក្រុមហ៊ុនអាកាសចរណ៍ សេប៉ាហាន អ៊ែរឡាញ (Sepahan Airlines) របស់ប្រទេសអៀរ៉ង់ ជាមួយនឹងអ្នកដំណើរ៤៨នាក់ បានធ្លាក់បោកខ្លួន នៅបន្ទាប់ពីបានបង្ហើបខ្លួន ហោះងើបពីដីបានបន្តិច ពីព្រលានយន្ដហោះ មេរ៉ាបាដ (Mehrabad) នៃរដ្ឋធានីតេអៀរ៉ង់ នៅព្រឹកថ្ងៃទី១០ ខែសីហានេះ។ ទូរទស្សន៍ផ្លូវការរបស់រដ្ឋ បានបង្ហាញតុល្យភាពចុងក្រោយ ថាមានមនុស្ស៣៩នាក់ស្លាប់ និង៩នាក់ផ្សេងទៀត នៅរស់រានមានជីវិត តែបានរងរបួសយ៉ាងធ្ងន់ធ្ងរ។
បំណែកខ្លួនមួយ របស់យន្ដហោះ បានធ្លាក់នៅលើផ្លូវថ្នល់។ (រូបថត AFP)
ធ្លាក់យន្ដហោះ - យន្ដហោះ ដែលភ្ជាប់ជើងហោះហើរ អៀរ៉ង់ ១៤០ (IrAn-140) បានធ្លាក់បោកខ្លួន នៅកណ្ដាលសង្កាត់ ដែលសម្បូរទៅដោយប្រជាជនរស់នៅ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីព្រលានយន្ដហោះ ដែលយន្ដហោះទើបនឹងងើបខ្លួនហោះចេញមកនោះ។ ទូរទស្សន៍រដ្ឋរបស់ប្រទេសអៀរ៉ង់ បានអះអាងថា កន្ទុយរបស់យន្ដហោះ ទំនងជាបានប៉ះជាមួយនឹងខ្សែភ្លើងរបស់អាគារមួយ ហើយបានធ្លាក់បោកខ្លួនភ្លាមៗ ទៅលើដីវិញ មុននឹងផ្ទុះឆេះជាអណ្ដាតភ្លើងឡើង។
តែមូលហេតុនៃការធ្លាក់យន្ដហោះនេះ ត្រូវបានភ្នាក់ងារសារព័ត៌មានក្នុងស្រុក អៀណា (IRNA) អះអាងផ្សេងទៅវិញ។ អៀណា បានរាយការណ៍ថា យន្ដហោះបានរងគ្រោះ នឹងបញ្ហាម៉ាស៊ីនប្រតិកម្ម ដែលធ្វើឲ្យយន្ដហោះបានបាត់លំនឹង នៅពេលហោះឡើង។ ក្រុមឆ្មាំបដិវត្តរបស់ប្រទេសអៀរ៉ង់ ដែលគ្រប់គ្រង់សុវត្ថិភាព នៅក្នុងតំបន់ដែលមានគ្រោះថ្នាក់យន្ដហោះ បាននិយាយថ្លែងថា យន្ដហោះបានដាច់ខ្លួនជាបំណែកៗ។ បំណែកខ្លួនមួយ របស់យន្ដហោះ បានធ្លាក់នៅលើផ្លូវថ្នល់ កណ្ដាលសង្កាត់ដែលសម្បូរទៅដោយប្រជាជនរស់នៅ។
ទូរទស្សន៍រដ្ឋរបស់ប្រទេសអៀរ៉ង់ បានរាយការណ៍ទៀតថា សាកសពជាច្រើនត្រូវបានឆេះខ្លោច ហើយពិបាកនឹងកំណត់អត្តសញ្ញាណ ប្រសិនបើគ្មានជំនួយ ពីការត្រួតពិនិត្យអាដេអ៊ិន (ADN) ទេនោះ។
យន្ដហោះនេះ ជាប្រភេទយន្ដហោះ ដែលប្រើបច្ចេកវិទ្យារបស់ប្រទេសអ៊ុយក្រែន តែផលិតនៅក្នុងប្រទេសអៀរ៉ង់ខ្លួនឯង មានលក្ខណៈជាយន្ដហោះ អង់តូណូវ (Antonov An-140 ) ជាមួយនឹងសមត្ថភាពដឹកអ្នកដំណើរបាន ៥២នាក់។
ព្រលានយន្ដហោះ មេរ៉ាបាដ ជាព្រលានយន្ដហោះដែលសម្បូរអ្នកដំណើរឆ្លងកាត់ច្រើនជាងគេ ក្នុងចំណោមព្រលានយន្ដហោះពីរទៀត នៅក្បែររដ្ឋធានីនៃប្រទេសអៀរ៉ង់។ ប៉ុន្តែព្រលានយន្ដហោះនេះ បានកំណត់ជើងហោះហើរនានា តែនៅក្នុងស្រុកប៉ុណ្ណោះ ខណៈជើងហោះហើរអន្តរជាតិ ត្រូវបានប្រគល់ទៅឲ្យឲ្យព្រលានយន្ដហោះ អ៊ីម៉ាម ខូម៉ៃនី (Imam Khomeini) នៅចំងាយ៣០គីឡូមែត្រ ភាគខាងត្បូងនៃរដ្ឋធានី តេអៀរ៉ង់។
សូមរំលឹកដែរថា គ្រោះថ្នាក់យន្ដហោះមានចំនួនច្រើនគួរឲ្យកត់សម្គាល់ នៅប្រទេសអៀរ៉ង់ បង្កឲ្យមានជនរងគ្រោះច្រើនជាង៩០០នាក់ តែក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ មូលហេតុសំខាន់ ដោយសារតែតួយន្ដហោះជាច្រើន នៅប្រទេសនេះ មានលក្ខណៈចាស់ជរា និងមិនមានការត្រួតពិនិត្យច្បាស់លាស់ ទៅលើតួយន្ដហោះទាំងនោះឡើយ។ តួយន្ដហោះខ្លះ ដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ១៩៨០ ដែលបើគិតមកទល់ពេលនេះ មានអាយុជាង៣០ឆ្នាំទៅហើយ៕