MH370៖ រកឃើញបំណែក ឈានទៅរកឃើញយន្ដហោះបាត់ខ្លួន?
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី៣០ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 31, 2015
- ប្រធានបទ: បាត់យន្ដហោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បំណែកយន្ដហោះ រកឃើញនៅឆ្នេរនៃកោះ រ៉េអ៊ុយញ៉ុង (ទឹកដីបារាំង ក្នុងមហាសមុទ្រឥណ្ឌា ខាងលិច) នឹងត្រូវដឹកមកដល់ក្រុង ទូលូស៍ នៅថ្ងៃសៅរ៍ខាងមុខ ដើម្បីអនុញ្ញាត ឲ្យនាយកដ្ឋានភស្តុភារបារាំង «DGA» អាចធ្វើការពិនិត្យ និងស្រាវជ្រាវ។ ប៉ុន្តែប្រភពជាច្រើន ដែលស្និតនឹងការស៊ើបអង្កេត បានបង្ហើបឲ្យដឹងថា បំណែកស្លាបយន្ដហោះនោះ ពិតជារបស់យន្ដហោះ ប៊ូអ៊ីង (Boeing 777) ដែលទំនងជាយន្ដហោះ ដែលប្រើប្រាស់ ដោយក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ យកមកធ្វើការហោះហើរ ភ្ជាប់ជើងហោះហើរ MH370 ហើយបានបាត់ខ្លួន កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤កន្លងទៅ ជាមួយនឹងអ្នកដំណើរ ២៣៩នាក់។
» សូមអានអត្ថបទដែលទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ។
ការសង្ស័យ របស់ក្រុមអ្នកស៊ើបអង្កេត កាន់តែគិតថា បំណែកនេះ ជារបស់យន្ដហោះ MH370 ដែលហោះចេញ ពីរដ្ឋធានី កូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីហោះឆ្ពោះ ទៅកាន់រដ្ឋធានី ប៉េកាំង ប្រទេសចិន។ អ្នកជំនាញជាច្រើន បានអះអាងថា បំណែកនេះ ជាផ្លិតនៅជាប់ស្លាបយន្ដហោះ ដែលអាចបង្ហើបចុះឡើង ដើម្បីអាចឲ្យយន្ដហោះ ចុះចត ឬហោះឡើង។
នាយកដ្ឋានភស្ដុភារបារាំង ដែលហៅកាត់ថា «DGA» នឹងធ្វើការសិក្សាលំអិត ទៅលើបំណែកស្លាបយន្ដហោះ នេះ នៅក្នុងសប្ដាហ៍ក្រោយ។ មន្ទីរពិសោធន៍ របស់នាយកដ្ឋា ដែលសិក្សាទៅលើបំណែក ប្រវែងជាង២ម៉ែត្រនេះ មិនស្ថិតនៅក្រោម ក្រសួងការពារជាតិ របស់បារាំងទេ និងមានជំនាញ នៅក្នុងការសិក្សាស្រាវជ្រាវ ផ្នែកគ្រោះថ្នាក់យន្ដហោះ។ នាយកដ្ឋាន DGA ធ្លាប់បានសិក្សាស្រាវជ្រាវ ទៅលើបំណែកជាង ៦៥០ របស់យន្ដហោះអ៊ែរហ្វ្រង់ AF447 ដែលជួបគ្រោះថ្នាក់ កណ្ដាលមហាសមុទ្រអាត្លង់ទីក កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០៩ កន្លងមក។
ការស៊ើបអង្កេត របស់បារាំង និងការស៊ើបអង្កេត ជាលក្ខណៈអន្តរជាតិ ទៅលើការបាត់យន្ដហោះ MH370 នេះ ត្រូវបានសម្របសម្រួល នៅខណៈនេះ ដោយការិយាល័យស៊ើបអង្កេតមួយទៀត របស់បារាំង ហៅកាត់ថា «BEA»។ ការិយាល័យនេះ ជាស្ថាប័នតែមួយ ស្ថិតក្រោមក្រសួងដឹកជញ្ជូន របស់ប្រទេសបារាំង ដែលមានជំនាញខាងការកំណត់ ពីមូលហេតុ នៃគ្រោះថ្នាក់យន្ដហោះ។ អ្នកជំនាញ ធ្វើការនៅក្នុងការិយល័យនេះ មានប្រមាណជាង ៥០នាក់ ហើយធ្លាប់បានបំបែក រកមូលហេតុ នៃការធ្លាក់យន្ដហោះ ជាច្រើនរួចមកហើយ៕