អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស តាម​ដាន ត្រាំ រឿង​«ទារុណកម្ម»

អង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសាអង់គ្លេស «Human Rights Watch» កំពុងតាមដាន យ៉ាង​យក​ចិត្ត​ទុក​ដាក់ នូវ​ការ​សម្រេច​ចិត្ត ក៏ដូចជានយោបាយ របស់ប្រធានាធិបតី​ដែល​ទើប​នឹង​ជាប់​ឆ្នោតថ្មី របស់អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ទាក់ទងនឹងការលើកឡើង ស្ដីពីការធ្វើ«ទារុណកម្ម» ដែលលោក​បាន​សន្យា នៅក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត។
អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស តាម​ដាន ត្រាំ រឿង​«ទារុណកម្ម»
លោក ដូណាល់ ត្រាំ ថ្លែងក្នុងពេលឃោសនាបោះឆ្នោត ប្រធានាធិបតីអាមេរិក។ (រូបថត Reuters)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី២១ វិច្ឆិកា ២០១៦
  • កែប្រែចុងក្រោយ: November 25, 2016
  • ប្រធានបទ: ឆ្ពោះទៅសេតវិមាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសាអង់គ្លេស «Human Rights Watch (HRW)» នឹងធ្វើការតាម​ដាន​លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតី​ជាប់ឆ្នោតថ្មី របស់សហរដ្ឋអាមេរិក យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជាទី​បំផុត ទាក់ទងនឹងការលើកឡើង នៅក្នុងពេលឃោសនាបោះឆ្នោត ស្ដីពីការធ្វើ​«ទារុណកម្ម»។ នេះ​ជា​ការ​លើក​ឡើង របស់លោក កេណេត រ៉ូដ៍ (Kenneth Roth) នាយកប្រតិបត្តិរបស់​អង្គការ​នេះ នៅ​ក្នុង​ដំណើរ​របស់​លោក មកកាន់​រដ្ឋធានីប៉ារីស ប្រទេសបារាំង កាលពីសប្ដាហ៍មុន។

មេដឹកនាំរបស់អង្គការសិទ្ធិមនុស្ស ដែលមានស្នាក់ការធំ នៅរដ្ឋធានីញ៉ូយក សហរដ្ឋអាមេរិកមួយនេះ បាន​បញ្ជាក់​ច្បាស់ៗ ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ថា៖ «ខ្ញុំមិនគិត យកជាបានការទាំងស្រុង នូវអ្វី​ដែល​លោក ត្រាំ បានថ្លែងនៅក្នុងរយៈកាល នៃការឃោសនាបោះឆ្នោតនោះទេ។ យើងក៏មិន​បាន​សន្និដ្ឋាន​​ជា​មុន នូវ​អ្វី​ដែល​ជារឿងដ៏អាក្រក់នោះដែរ។ តែយើងនឹងដាក់គំនាប ដើម្បីកុំឲ្យរឿងដ៏អាក្រក់នោះ ក្លាយជា​នយោបាយ​ផ្លូវការ (របស់​រដ្ឋបាល​លោក ត្រាំ)។»។

ធ្វើទារុណកម្មឲ្យឈ្លក់ទឹក...

លោក កេណេត រ៉ូដ៍ បានរំលឹកពីការលើកឡើងជាសាធារណៈ របស់លោក ដូណាល់ ត្រាំ ក្នុងពេល​ឃោសនា​បោះឆ្នោត មកបញ្ជាក់ថា ប្រធានាធិបតី​ដែលទើប​នឹងជាប់​ឆ្នោត​ថ្មីថ្មោង​រូបនេះ នឹងយល់ព្រមឲ្យ​ប្រើប្រាស់​ទារុណ​កម្ម ដូចជាធ្វើឲ្យឈ្លក់ទឹក ឬក៏ខ្លាំងជាងនេះ (...) បើទោះជា​មិនសូវជា​បានការ​ក៏ដោយ ប្រឆាំងនឹង​ជន​ណា​ក៏​ដោយ ដែលរងការសង្ស័យថា ជាភរវជន។

សម្រាប់នាយកប្រតិបត្តិ របស់អង្គការអន្តរជាតិ បានយល់ឃើញថា ការមិនបានប្រើប្រាស់ «ការធ្វើ​ទារុណកម្ម» របស់រដ្ឋបាល នៃប្រធានាធិបតីផុតតំណែង លោក បារ៉ាក់ អូបាម៉ា (Barack Obama) នៅក្នុងនីតិវិធី​ទាំង​ឡាយ ប្រឆាំងនឹងជនសង្ស័យ នៅក្នុងសំនុំរឿងភេរវនិយមនោះ បានអនុញ្ញាតឲ្យលោក ត្រាំ លើកឡើង​ពី​លទ្ធភាព ឲ្យ​អនុវត្តន៍​នយោបាយ​នេះឡើងវិញ ដូចដែលរដ្ឋបាល របស់អតីតប្រធានាធិបតីអាមេរិក ជក វ័រឃ័ ប៊ូស (George W. Bush) ធ្លាប់បានធ្វើ នៅរវាងពីឆ្នាំ២០០១ មកទល់នឹងឆ្នាំ២០០៩។

លោក កេណេត រ៉ូដ៍ បានបន្តទៀតថា៖ «ទោះជាលោក បារ៉ាក់ អូបាម៉ា បានពង្រឹកច្បាប់ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណកម្ម ដែលយើងដឹងហើយថា ទារុណកម្ម​ជាទង្វើ​មួយ ខុសពីនីតិវិធីយ៉ាងច្បាស់ក្រឡែត នោះ​ក៏​ដោយ តែដោយសារគ្មានពាក្យបណ្ដឹង​ណាមួយសោះ ស្ដីពីការធ្វើទារុណកម្ម នៅក្នុងរដ្ឋបាល​មុននេះ​ហើយ ដែល​បាន​ជួយ​អនុញ្ញាត ឲ្យលោក ត្រាំ ចាប់ផ្ដើមធ្វើរឿងនេះឡើងវិញ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...