បំផ្លាញ​បូរាណ​វត្ថុ​ដោយ​ក្រុម​អ៊ីស្លាម៖ ជា​«វិនាសកម្ម​វប្បធម៌» បើ​តាម UNESCO

អង្គការអ៊ុយណេស្កូ បានអំពាវនាវ ឲ្យថែរក្សាបេតិកភ័ណ្ឌ នៅប្រទេសអៀរ៉ាក់។ ប្រតិកម្មរបស់អង្គការអន្តរជាតិនេះ បានកើតឡើងបន្ទាប់ពីការបំផ្លាញវត្ថុបូរាណ នៅក្នុងសារមន្ទីរក្រុង មូស៊ូល (Mossoul) ផ្នែកខាងជើង នៃប្រទេសអៀរ៉ាក់ ដោយក្រុមអ៊ីស្លាមនិយមជ្រុល ហៅកាត់ថា Daesh ឬ ISIS។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី២៧ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 27, 2015
  • ប្រធានបទ: រដ្ឋអ៊ីស្លាម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ការវាយប្រហារទៅលើវត្ថុបូរាណទាំងនេះ​ មានលក្ខណៈធ្ងន់ធ្ងរជាវិនាសកម្មវប្បធម៌ ហើយវាក៏ជាបញ្ហាសុវត្ថិភាពដែរ ព្រោះវាបានធ្វើឲ្យកើតមាន នូវលិទ្ធិជ្រុលនិយម អំពើហិង្សា និងជម្លោះមិនអាចអត់អោនឲ្យបានមួយ នៅប្រទេសអៀរ៉ាក់» នេះជាការថ្លែងបរិហា របស់អគ្គនាយិកា នៃអង្គការអ៊ុយណេស្កូ លោកស្រី អៀរីណា បូកូវ៉ា (Irina Bokova) នៅក្នុងសេចក្ដី​ជូន​ដំណឹងមួយ។ ប្រតិកម្មរបស់អ្នកទទួលខុសត្រូវ របស់អង្គការអន្តរជាតិ ទទួលបន្ទុកខាងវប្បធម៌ពិភពលោកមួយនេះ បាន​ធ្លាក់មកដល់បន្ទាប់ពីវីដេអូមួយ របស់ក្រុមអ៊ីស្លាមនិយមជ្រុល ត្រូវបានយកមកបង្ហោះផ្សាយ ឲ្យឃើញពីការវាយ​បំផ្លាញ ដ៏បង្ហិនបង្ហោចមួយ នៅក្នុងសារមន្ទីរក្រុងម៉ូស៊ូល ភាគខាងជើងនៃប្រទេសអៀរ៉ាក់។

លោកស្រី បូកូវ៉ា បានបន្តទៀតថា៖ «ដោយសារហេតុនេះហើយ ទើបខ្ញុំបានទាក់ទងប្រធានក្រុមប្រឹក្សាសន្តិសុខ របស់​អង្គការសហប្រជាជាតិ ជាបន្ទាន់ ដើម្បីសុំឲ្យកោះប្រជុំ ក្រុមប្រឹក្សាជាបន្ទាន់ ទាក់ទងនឹងកិច្ចការពារ វត្ថុបេតិកភ័ណ្ឌ របស់​ប្រទេស អៀរ៉ាក់ ដែលជាផ្នែកមួយ នៃសន្តិសុខទាំងមូលរបស់ប្រទេសនេះ»។

នៅក្នុងវីដេអូខាងក្រោមនេះ គេនឹងឃើញក្រុមអ៊ីស្លាមនិយមជ្រុលមួយក្រុម កំពុងវាយបំផ្លាញរូបចម្លាក់ ដែលមាន​ចំណាស់​ដ៏យូរលង់ និងមានតម្លៃកាត់ថ្លៃមិនបាន។ ចំណាស់ដ៏យូរលង់ ព្រោះមានវត្ថុបូរាណមួយចំនួន មានអាយុ​តាំងពី​មុន​គ្រឹស្ដ៍​សករាជមកម្លេះ។ បុរសម្នាក់ ពីក្នុងចំណោមអ្នកបំផ្លិចបំផ្លាញនោះ បាននិយាយដោយមោទនភាព ទៅកាន់​អ្នក​ថត​វីដេអូ​ថា៖ «អ៊ីស្លាមបរិស័ទ្ធទាំងឡាយ រូបចម្លាក់នៅខាងក្រោយខ្ញុំនេះ សុទ្ធសឹងជារបស់របរ ដែលប្រជាជន​សម័យ​មុនចូលចិត្ត តែពួកគេមិនចូលចិត្តព្រះ»។

អ្នកជំនាញខាងបេតិកភ័ណ្ឌ បានអះអាងពីការវាយបំផ្លាញនេះ ដោយបានប្រៀបធៀបទៅនឹងការដាក់គ្រាប់មីនបំផ្លាញ រូបចម្លាក់ព្រះពុទ្ធដ៏ធំមួយ ដោយពួកតាលីបង់ នៅប្រទេសអាហ្វហ្គានីស្ថាន ក្នុងឆ្នាំ២០០១។ ក្នុងចំណោមរូបចម្លាក់ ដែល​ត្រូវវាយបំផ្លាញ នៅក្នុងសារមន្ទីរក្រុងម៉ូស៊ូល មានរូបចម្លាក់មួយចំនួន ត្រូវបានកាយចេញពីទីក្រុងបូរាណ ហាត្រា (Hatra) ដែលជាទីក្រុងចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក មានចម្ងាយប្រមាណជាង១០០គីឡូម៉ែត្រ ផ្នែកនារតីនៃក្រុង​ម៉ូស៊ូល​សព្វ​ថ្ងៃ។

សូមបញ្ជាក់ដែរថា ក្រុងម៉ូស៊ូល ទីក្រុងទីពីរនៃប្រទេសអៀរ៉ាក់ បានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់​ក្រុមអ៊ីស្លាម​និយម​ជ្រុល តាំងពីរដូវក្ដៅឆ្នាំទៅម៉ិញ រហូតមកទល់បច្ចុប្បន្ន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...