«ទីក្រុងហ្វេសប៊ុក» នឹងត្រូវចំណាយអស់ ២០០ពាន់លានដុល្លា
- ដោយ: សុបិន្ដ អត្ថបទ និងយកការណ៍៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៧ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 28, 2015
- ប្រធានបទ: រៀបចំក្រុង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ថោកែវ័យក្មេងរបស់ហ្វេសប៊ុក មានមហិច្ឆតាធំ មិនគួរឲ្យស្មានដល់។ បើមើលពីក្រៅ មិនជាធំអស្ចារ្យអ្វីប៉ុន្មានទេ តែលោក ម៉ាក ហ្សូកេប័រ (Mark Zuckerberg) មានគម្រោងចង់សង់ អន្តេវាសិកដ្ឋានមួយ មានគ្រប់យ៉ាង នៅលើផ្ទៃដី ៨០ហិចតា ដើម្បីទទួលបុគ្គលិរបស់ខ្លួន ប្រមាណជា១០ ០០០នាក់ ឲ្យស្នាក់នៅ។ ក្នុងគម្រោងនោះ មានរាប់បញ្ចូលទាំងផ្សារទំនើប សណ្ឋាគារ អាគារស្នាក់សម្រាប់បុគ្គលិកជាន់ខ្ពស់ និងសម្រាប់បុគ្គលិកសមញ្ញ។ គម្រោងនេះ វាហាក់ដូចជាទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ មួយទាំងមូល ដែលនៅក្បែរនោះ គ្រាន់តែមានទំហំតូចជាងប៉ុណ្ណោះ។
ទីធ្លាសម្រាប់សាងសង់ ត្រូវបានទិញរួចហើយ ក្នុងតម្លៃប្រមាណជា៤០០លានដុល្លា ខណៈគម្រោងសំណង់ទាំងអស់ នឹងត្រូវចំណាយអស់ ២០០ពាន់លាន (ឬ២០០កោដ) ដុល្លា។ តម្លៃនេះ បើប្រៀបធៀបទៅនឹងតម្លៃ ដែលបានសាងសង់ អាគារភ្លោះ World Trade Center (មុនព្រឹត្តិការណ៍ ១១ កញ្ញា ២០០១) នៅទីក្រុងញ៉ូយក គេអាចសង់អាគារដ៏ខ្ពស់របៀបនេះ បានដល់ទៅ៥១អាគារ។
ដើម្បីនាំគម្រោងនេះ ឲ្យដល់គោលដៅ ថោកែវ័យក្មេងហ្វេសប៊ុក លោក ម៉ាក ហ្សូកេប័រ មានមនុស្សពិសេសៗជាច្រើន នៅក្បែរដើម្បីជួយអនុវត្តគម្រោងនេះ ឲ្យលោក។ បើតាមទស្សនាវដ្ដីអាមេរិក Silicon Valley Business Journal បានរាយការណ៍ថា ពីក្នុងចំណោមមនុស្សដ៏ល្បីៗទាំងនោះ មានស្ថាបត្យករអាមេរិកាំង លោក ហ្វ្រេង ហ្គេរី (Frank Ghery) ដ៏ល្បីឈ្មោះមួយរូបផង។
អន្តេវាសិកដ្ឋានរបស់ហ្វេសប៊ុកនោះ មានឈ្មោះផ្លូវការរបស់វា នៅពេលនេះ ហៅថា «Zee Town» នោះ មានគោលបំណងសំខាន់របស់វា ដើម្បីទាក់ទាញមនុស្ស ដែលមានទេពកោសល្យ ក្នុងពិភពលោកឲ្យសម្លឹងឃើញ ហ្វេសប៊ុក កាន់តែខ្លាំង។ ដោយសារទីកន្លែងស្នាក់នៅ នៅក្បែរខាង ហើយពោរពេញដោយផាលសុខភាពនោះ បុគ្គលិកទាំងនោះ នឹងផ្ចង់អារម្មណ៍របស់ខ្លួន តែទៅលើការងារ។ ជាពិសេស បុគ្គលិកទាំងនោះ នឹងជួយបញ្ជៀស ជីវភាពដ៏រញ៉េរញ៉ៃ សម្រាប់ទីក្រុង សាន់ ហ្វ្រាន់ស៊ីស្កូ នោះផង។ នេះបើតាមអ្នកវិភាគមួយរូប អ្នកស្រី សារ៉ា ហ្គូដយា (Sarah Goodyear) ដែលដកស្រង់សម្ដីដោយ សារព័ត៌មានអង់គ្លេស ដេល្លីមែល (Daily Mail)៕